ខេត្តកំពង់ស្ពឺ ៖ ករណីល្បែងឆ្នោតវៀតណាមកំពុងពេញនិយមខ្លាំង នៅតាមបណ្តារាជធានី-ខេត្ត នាំលួចបើកនិងលេងដោយខុសច្បាប់ ។ ក្នុងនោះ ទីតាំងខ្លះក៏មានមន្ត្រីនគរបាលជួយកាង ហើយខ្លះទៀត គឺជាទីតាំងល្បែងរបស់មន្ត្រីមួយចំនួនផង ។ ដឹងហើយថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញផែនការជាបន្តបន្ទាប់ ឱ្យមានការបង្ក្រាបក្តី ប៉ុន្តែសង្កេតបទល្មើសទាំងនេះ គឺនៅតែកើតមានដដែល ។
ជាក់ស្តែង នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ល្បែងឆ្នោតវៀតណាមកំពុងពេញនិយម សម្រាប់ពលរដ្ឋមួយចំនួនបានទៅចាក់លេងគ្មានញញើតសមត្ថកិច្ចនោះទេ ។ ហើយចំពោះការបង្ក្រាបរបស់សមត្ថកិច្ចវិញ គឺគ្មានប្រសិទ្ធភាពដោយមិនដែលឃើញចុះមកបង្ក្រាបនោះដែរ ទើបធ្វើឱ្យការសង្ស័យថា អាចទទួលបានផលប្រយោជន៍ហើយ ក្នុងនោះ គេបានរិះគន់ទៅលើលោក ហង្ស សំរេច ជាអធិការដ្ឋាននគរបាលស្រុកសំរោងតែម្តង មានបើកល្បែងឆ្នោតវៀតណាម ។
ប្រភពមន្រ្តីនគរបាលម្នាក់ក្នុងអធិការដ្ឋានស្រុកសំរោងទងបានបង្ហើបដែរថា លោកហង្ស សំរេច ដោយសារតែ គាត់ជាប្អូនថ្លៃរបស់លោកស្នងការនគរបាលខេត្ត ទើបហ៊ានបើកល្បែងឆ្នោតវៀតណាមនេះ ។ មន្ត្រីនគរបាលរូបនោះបន្តថា មិនត្រឹមតែមានបទល្មើសឆ្នោតវៀតណាមមានក្នុងមូលដ្ឋានស្រុកសំរោងទងទេ គឺនៅមានបទល្មើសផ្សេងៗទៀត ដូចជាល្បែងជល់មាន់ជាដើម.. ។
ប្រភពពីពលរដ្ឋមួយចំនួនឱ្យដឹងដែរថា ទីតាំងឆ្នោតវៀតណាមទាំងឡាយណាដែលហៅថា កូនកញ្ច្រែងនោះ មិនបានបង់ និងកត់ប្រមូលជូនទេ នោះលោកអធិការនឹងបញ្ចេញកម្លាំងនគរបាលរបស់ខ្លួន ឱ្យចុះមកបង្ក្រាបហើយ ។ ទោះបីជាយ៉ាងណា ទាក់ទិននឹងការចោទប្រកាន់នេះ កោះសន្តិភាពនៅមិនទាន់មានការបំភ្លឺណាមួយពីលោកអធិការស្រុកសំទោងនៅឡើយទេ ។ ប៉ុន្តែទន្ទឹមនេះ ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកសំរោងទង និងនៅមូលដ្ឋានខេត្តកំពង់ស្ពឺ បានសំណូមពរនិងអំពាវនាវដល់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន មេត្តាជួយមានចំណាត់ការនិងចុះស្រាវជ្រាវផង ដើម្បីលុបបំបាត់មន្រ្តីខិលខូចទាំងអស់ទាំងនេះ ។
ចែករំលែកព័តមាននេះ