រាជធានីភ្នំពេញ ៖ រថយន្តដឹកដែក និងរថយន្តកាមរីឆ្លាមបានបុកគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះក្នុងខណៈកំពុងបើកបរធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមនុស្ស៣នាក់បានស្លាប់ នៅក្នុងគំនរដែក និងក្នុងទឹកប្រឡាយ ។ ដែលក្នុងចំណោមអ្នកស្លាប់ទាំង៣នាក់នោះមាន២នាក់ ជាមន្ត្រីកងរាជអាវុធហត្ថកំបូល និងម្នាក់ជាអ្នកបើបររថយន្តដឹកដែក រីឯអ្នករងរបួសម្នាក់ គឺជាប្រពន្ធអ្នកបើកបររថយន្តដឹកដែក និងម្នាក់ទៀតជាអ្នកបើបររថយន្តកាមរីឆ្លាម ។
ចំណែករថយន្តទាំង២គ្រឿងបានរងការខូចខាតទាំងស្រុង ក្លាយជាដែកអេតចាយដូចគ្នាតែម្ដង ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចកន្លែងលក់សាច់ក្រកអាំងកំបូល ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្លាប់រួមមាន១-ឈ្មោះផាក ប៊ុនថា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិប៉ាណា ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។ ២- ឈ្មោះម៉ៅ តេលា ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទាំង២នាក់នេះជាមន្ត្រីកងរាជអាវុធហត្ថកំបូល និងជិះរថយន្តម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2H-2239 បើកបរដោយយុវជនម្នាក់ទៀតឈ្មោះចាប កុសល ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថជាមួយគ្នា ។ ៣- ជាបុរសមិនទាន់ស្គាល់ឈ្មោះដែលជាអ្នកបើកបររថយន្តដឹកដែកមិនស្គាល់ម៉ាក ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 4A-1444 ហើយរថយន្តនេះបានខ្ទេចកាប៊ីនទាំងស្រុងក្លាយជាដែកអេតចាយ ។
ចំណែកអ្នករងរបួសធ្ងន់ម្នាក់ទៀត គឺជាប្រពន្ធរបស់អ្នកបើកបររថយន្តដឹកដែក សរុបនៅក្នុងសោកនាដកម្មមួយនេះមានមនុស្សស្លាប់នៅនឹងកន្លែងចំនួន៣នាក់ និងរងរបួសធ្ងន់២នាក់ក្នុងនោះភាគីរថយន្តដឹកដែកស្លាប់១របួសធ្ងន់១ និងភាគីរថយន្តកាមរីឆ្លាមស្លាប់២របួសធ្ងន់១មហើយរថយន្តបានរងការខូចខាតទាំងស្រុងក្លាយទៅជាដែកអេតចាយដូចគ្នា ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង២គ្រឿងបានបើកបរធ្វើដំណើរបញ្ច្រាសទិសគ្នា និងក្នុងល្បឿនលឿនដូចគ្នា ដោយរថយន្តដឹកដែកបានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្តកាមរីឆ្លាមបើកបរក្នុងទិសដៅពីលិចទៅកើត ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុអត់ដឹងថា មានឧបសគ្គអ្វីកើតឡើងទេ ស្រាប់តែបុកគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ ហើយរថយន្តកាមរីឆ្លាមធ្លាក់ចូលប្រឡាយទឹកស្អុយចំណែករថយន្តដឹកដែកបានហោះរំលងប្រឡាយជ្រុលទៅបុកដើមអំពិលទឹក១ដើមរលើងគល់ដួលរលំរាបដល់ដី បណ្ដាលឲ្យខ្ទេចកាប៊ីនទាំងស្រុង ហើយអ្នកបើបរស្លាប់ក្រោមគំនដែកប្រពន្ធរបួសធ្ងន់ ។
ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿងចេញពីក្នុងទឹក និងទាញសាកសពចេញប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ