រាជធានីភ្នំពេញ ៖នាព្រឹកថ្ងៃទី២៥ កុម្ភៈ សំណុំរឿងក្តីឃាតកម្មលើឧកញ៉ា អុឹង ម៉េងជី សាលាដំបូងរាជធានីភ្នំពេញ បានបន្តលើកយកមកបើកសវនាការជំនុំជម្រះក្តី ដែលមានជនជាប់ចោទ៦នាក់ និង៥នាក់បានតម្រូវឲ្យនាំមកឈរមុខរង្វង់ក្រចកសេះ ដើម្បីឲ្យអង្គសវនាការសាកសួរដេញដោល និងម្នាក់បានស្លាប់ក្នុងពេលឃុំខ្លួនបណ្តោះអាសន្ន ។
ជនជាប់ចោទ ១-ឧកញ៉ា ថោង សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ២-ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនដៃដល់ ៣-ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ៤២ឆ្នាំ ជនដៃដល់បានស្លាប់ក្នុងពន្ធនាគារ ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន ៤-ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ ៥-ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និង៦-ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។
ពាក់ព័ន្ធសវនាការលើសំណុំរឿងឃាតកម្មមួយនេះបានពិនិត្យថា កន្លងមកគេកម្រឃើញវត្តមានឧកញ៉ាថោង សារ៉ាត់ ចូលរួមក្នុងសវនាការណាស់ ជារៀងរាល់លើក ជនជាប់ចោទ ថោង សារ៉ាត់ តែងតែដាក់ពាក្យឆ្លើយតបចូលមកប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយផ្តោតលើសុខភាព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
លើកនេះទំនងតុលាការមិនអនុញ្ញាតឲ្យអវត្តមាន ទើបអនុរក្សពន្ធនាគារព្រៃសបានទៅនាំខ្លួនឧកញ៉ា ថោង សារ៉ាត់ ឲ្យចូលមកឆ្លើយនៅចំពោះមុខអង្គសវនាការ ហើយឧកញ៉ា ថោង សារ៉ាត់ បានត្រូវក្រុមគ្រូពេទ្យព្រះកុសមៈលើកដាក់លើរទេះដឹកតាមរថយន្តសង្គ្រោះឡើងទៅកាន់បន្ទប់សវនាការ ។ ខណៈអង្គសវនាការបានដំណើរការ ជនជាប់ចោទ ថោង សារ៉ាត់ បានស្រែកទ្រហោយំ ដោយអះអាងថាសុខភាពមិនស្រួល ពេលនោះប្រធានក្រុមប្រឹក្សាបានអនុញ្ញាតឲ្យក្រុមគ្រួពេទ្យចូលពិនិត្យអាការៈលោកថោង សារ៉ាត់ ហើយបានបញ្ជាក់ថា លោកថោង សារ៉ាត់ ឡើងសម្ពាធឈាមខ្ពស់ ទើបតម្រូវឲ្យដឹកថោង សារ៉ាត់ ទៅកាន់មន្ទីរពេទ្យព្រះកុសមៈវិញ ។
បានសង្កេតឃើញទៀតថា ឧកញ៉ា ថោង សារ៉ាត់ យំសស្រាក់ហើយត្រូវបានគេលើកដាក់លើរទេះរុញ ចុះតាមជណ្តើរនាំចូលរថយន្តសង្គ្រោះ ក្នុងសម្លៀកបំពាក់ធម្មតាមិនមែនស្លៀកឈុតអ្នកទោសដូចកូនចៅ៤-៥នាក់នោះទេ ។
ទោះបីជនជាប់ចោទ ថោង សារ៉ាត់ តម្រូវឲ្យទៅសម្រាកនៅមន្ទីរពេទ្យយ៉ាងណាក្តី ក៏ក្រុមប្រឹក្សាសាលាដំបូងរាជធានីភ្នំពេញ នៅតែដំណើរការ បើកសវនាការជំនុំជម្រះក្តីលើសំណុំនេះជាធម្មតា ក្រោមការសាកសួរដេញដោលលើជនជាប់ចោទអង្គរក្ស៤នាក់នោះ ៕
ចែករំលែកព័តមាននេះ