រាជធានីភ្នំពេញ ៖ ថ្ងៃចូលឆ្នាំចិន-វៀតណាមនាថ្ងៃដំបូងដែលបងប្អូនចិនហៅថា «ថ្ងៃឈីវអិត» សម្រាប់រាជធានីភ្នំពេញហាក់ដូចជាមានសភាពស្ងាត់ វិថីនានាដែលធ្លាប់តែអូ៊ូអរបែរជាស្រឡះ ។ តាមដងមហាវិថីនានាក្នុងនោះមានមហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម វិថីព្រះសុីសុវត្ថិ រហូតដល់វេលារសៀលចរាចរណ៍មានការស្ងប់ស្ងាត់ មិនសូវមានរថយន្តម៉ូតូធ្វើដំណើរនោះទេ គឺខុសថ្ងៃធម្មតា ដែលតែងតែស្ទះចរាចរណ៍កកខាប់គ្រប់ដងវិថី ។
ដោយឡែកផ្សារធំៗវិញមានផ្សារធំថ្មី ផ្សារអូរឫស្សី ផ្សារចាស់ ផ្សារកណ្តាលត្រូវបានបិទទ្វារ ដោយអាជីវករខ្លះបង្ខំចិត្តចេញមកតាំងលក់ខោអាវនៅក្រៅរបង ដោយសារតែកន្លែងផ្ញើកង់បានឈប់សម្រាក(និយាយតែផ្សារធំថ្មីមួយបុ៉ណ្ណោះ) ហើយការកកស្ទះចរាចរណ៍ជុំវិញផ្សារមិនមានឡើយ ។
អ្នកស្រី បាន ណៃ អ្នកលក់ខោអាវនៅផ្សារធំថ្មីបាននិយាយឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ សម្រាប់រូបអ្នកស្រីដែលមានតូបលក់ត្រឹមត្រូវនៅក្នុងផ្សារធំថ្មី ហើយបង្ខំចិត្តចេញមកលក់តាមចិញ្ចើមផ្លូវដោយសារតែពេលចូលឆ្នាំចិនម្តងៗ ខាងគណៈកម្មការផ្សារគេបិទទ្វារមិនឲ្យលក់ឡើយ ។ ហើយថាយើងមិនមានសែស្រឡាយចិនទើបលក់ជាធម្មតា ក្រែងបានចំណូលកើនជាងថ្ងៃធម្មតា តែមិននឹកស្មានថា ផ្សារគេបិទទ្វារទៅចូលឆ្នាំចិននឹងគេដែរសោះ ។
អ៊ុំស្រីជី នាង អ្នកលក់បន្លែនៅផ្សារធំថ្មីផ្នែកខាងលិចបាននិយាយថា នៅថ្ងៃចូលឆ្នាំចិន-វៀតណាម ផ្សារធំថ្មីបានបិទទ្វារជុំវិញផ្សារទាំងអស់មិនអនុញ្ញាតឲ្យអាជីករណាម្នាក់លក់នៅក្នុងផ្សារនោះទេ ។ ដោយឡែកនៅតាមស្តង់លក់គ្រឿងសមុទ្រ ត្រី បន្លែ និងគ្រឿងហូបចុកលក់ជាធម្មតា តែក៏មានក្រុមសន្តិសុខយាមប្រចាំការជាធម្មតា ហើយជារៀងរាល់ឲ្យតែចូលឆ្នាំចិនគឺគណៈកម្មការផ្សារ គេចាក់សោទ្វារជុំវិញតែអុីចឹងទំនងជាគេជាប់សែស្រឡាយចិនហើយមើលទៅ ។
មន្ត្រីសាលាខណ្ឌដូនពេញមួយរូបបានប្រាប់ថា រាល់ឆ្នាំគណៈកម្មការផ្សារមិនបានបិទផ្សារមិនឲ្យបងប្អូនអាជីវករលក់ក្នុងផ្សារនោះទេ ប៉ុន្តែដោយសារតែអាជីវករមកលក់តិច ព្រោះអាជីវករ ដែជាប់សែស្រឡាយចិនភាគច្រើនមិនមកលក់ ទើបគណៈកម្មការផ្សារបង្ខំចិត្តបិទខាងក្នុង តែអនុញ្ញាតឲ្យលក់នៅខាងក្រៅរបង ហើយការលក់នេះមានរយៈពេលបីថ្ងៃទើបផ្សារ បើកដំណើរការជាធម្មតាវិញ ។
ដោយឡែកនៅផ្សារកណ្តាល ផ្សារចាស់ ផ្សារអូរឫស្សីក៏ត្រូវបានគណៈកម្មការផ្សារបិទទ្វារផងដែរ ហើយឃើញអាជីវករនាំគ្នាលក់នៅខាងក្រៅរបង មិនខុសគ្នាពីផ្សារធំថ្មីបុ៉ន្មានឡើយ គឺឲ្យតែចូលឆ្នាំចិនគឺបិទផ្សារ ព្រោះអាជីវករភាគច្រើនជាប់សែប្រឡាយចិន ។ គេសង្កេតឃើញថា ផ្លូវនៅជុំវិញផ្សារមិនមានការកកស្ទះដូចថ្ងៃធម្មតានោះទេ ស្រឡះចែសហើយហាងលក់គ្រឿងអេឡិចត្រូនិក គ្រឿងទំនិញផ្សេងៗត្រូវបានបិទទ្វារ ដោយឡែកការធ្វើចរាចរណ៍នៅលើស្ពានមិត្តភាពកម្ពុជា ចិនវិញមិនមានការកកស្ទះដែរ ទៅវឹងមកវឹងស្រឡះល្អណាស់ ទំនងគេនាំគ្នាសម្រាកនៅតាមផ្ទះរៀងៗខ្លួនន ។
បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណ្យដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិនហើយនៅឆ្នាំ២០១៩នេះ បុណ្យនេះត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃគឺថ្ងៃទី៥ទី៦និងថ្ងៃទី៧ កុម្ភៈនេះ។នាថ្ងៃទី៥ កុម្ភៈ ផ្សារអូឡាំពិក ផ្សារទួលទំពូង ផ្សារបឹងកេងកង និងផ្សារកាប់គោ ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន រាជធានីភ្នំពេញ ហាក់បីដូចជាមានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំងខុសប្លែកពីសព្វមួយដង ។
ជាក់ស្តែងដូចជាផ្សារអូឡាំពិក គឺជាផ្សារដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ គេបានឃើញថា បិទទ្វារផ្អាកលក់ដូរទាំងស្រុងតែម្តង មិនថាខាងក្នុងផ្សារ ឬក៏ខាងក្រៅផ្សារឡើយ គឺស្ងាត់ឈឹង ។ មិនតែប៉ុណ្ណោះ តាមបណ្តាហាងលក់មាស ផ្ទះដូរលុយ និងទីតាំងក្រុមហ៊ុនផ្សេងៗ ក៏បានបិទទ្វារមិនដំណើរការស្ទើរតែទាំងអស់ផងដែរ ។
ប៉ុន្តែនៅក្នុងនោះផ្សារចំនួន៣ទៀតដែលមានដូចជា ផ្សារទួលទំពូង ផ្សារបឹងកេងកង និងផ្សារកាប់គោ នៅមានតែក្រុមអាជីវករលក់ដូរតិចតួចប៉ុណ្ណោះ ។ ចំណែកនៅលើដងផ្លូវសាធាររណៈធំៗដូចជា មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះមុនីវង្ស និងបណ្តាផ្លូវតូចៗផ្សេងៗទៀតក៏ហាក់បីដូចជាមានសភាព ស្ងប់ស្ងាត់មិន សូវមានអ្នកធ្វើដំណើរទេ គេនាំគ្នាសម្រាកក្នុងគ្រួសារមូលគ្នា ។
មន្ត្រីអាជ្ញាធរមូលដ្ឋានម្នាក់បានប្រាប់ឱ្យដឹងថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះដែរ គ្រប់បណ្តាផ្សារតូច ធំ ទាំងអស់នៅក្នុងរាជធានីភ្នំពេញ មិនមានច្បាប់ឱ្យឈប់លក់ដូរនោះទេ តែមូលហេតុដែលផ្សារតូច ធំមួយចំនួនបិទ គឺដោយសារតែក្រុមអាជីវករមិនមកបើកតូបលក់ដូរដោយខ្លួនឯងតែប៉ុណ្ណោះ។ ដោយក្រុមអាជីករធំៗ ដូចជាអ្នកលក់មាស ដូរលុយ និងរកស៊ីធំៗ គឺគេនាំគ្នាបិទតូបមិនលក់ដូរ ។ ឃើញនៅសល់តែអ្នកលក់ដូរតិចតួចដួចជា អ្នកលក់ត្រី បន្លែ ផ្លែឈើ ត្រីអាំង និង បាយតិចតួចប៉ុណ្ណោះ ដែលពួកគាត់ដាក់លក់ជាធម្មតាទំនងមិនជាប់សែន ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ