តាមប្រភពព័ត៌មាន Marca បានឱ្យដឹងថា នាពេលនេះ Neymar កំពុងតែស្ថិតនៅក្នុងស្ថានភាពត្រូវសម្រេចចិត្តទៅលើការព្យាបាលរបួសរបស់ខ្លួន ។
ក្លិបអ្នកមានបារាំង PSG អាចនឹងត្រូវទាត់គ្មានវត្តមានរបស់ Neymar រហូតដល់ចុងខែមីនា ។ នេះក៏ដោយសារតែ Neymar បានរងរបួសចំរបួសចាស់ ក្នុងការប្រកួតជាមួយនឹង Strasbourg កាលពីសប្តាហ៍មុន ។ វាគឺជាស្នាមចាស់ កាលពីឆ្នាំ២០១៨ ដែលធ្វើឱ្យ Neymar ពេលនោះមិនបានចូលប្រកួតអស់៣ខែ ។
តាមព័ត៌មាន L’Equipe កីឡាករប្រេស៊ីលរូបនេះ អាចនឹងមិនបានប្រកួត២ខែ ។ ដូចនេះមានន័យថាត្រូវមិនបានទាត់ជាមួយ Manchester United ក្នុងការដណ្តើមពាន Champions League និង ការប្រកួត១២ដងខាងមុខទៀត ។
គ្រូបង្វឹកលោក Thomes Tuchel បាននិយាយថា៖«ដូចជាអ្វីខ្ញុំបានពន្យល់កាលពីថ្ងៃសៅរ៍អ៊ីចឹង វាពិតជាលឿនពេកក្នុងការកំណត់ថាពេលណា Neymar អាចមកប្រកួតវិញបាន ។ យើងត្រូវតែចាំមើលមួយសប្តាហ៍អីសិន ដើម្បីមើលថា Neymar ឆ្លើយតបនឹងការព្យាបាលយ៉ាងដូចម្តេច» ។
កាលពីថ្ងៃចន្ទ ខាងពេទ្យរបស់ក្លិប PSG និង ក្រុមជម្រើសជាតិ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Rodrigo Lasmar (ធ្លាប់វះ Neymar កាលពីឆ្នាំមុន) បានទៅមើល Neymar ។ ពួកគេរកឃើញថា Neymar ពេលនេះមានបញ្ហា Pseudoarthrosis ដែលមានន័យថា មានការបង្កើតសន្លាក់ក្លែងក្លាយ ។
បានន័យថា ឆ្អឹងដែលបាក់កាលពីឆ្នាំមុនមិនទាន់ជាប់គ្នាល្អនៅឡើយ ហើយពេលនេះវានៅដាច់ពីគ្នា ដូចជាសន្លាក់ឆ្អឺងអ៊ីចឹង ។ ខាង Neymar និង គ្រួសាររបស់គេ មិនទាន់ចង់វះនៅឡើយទេ ដោយចង់ព្យាបាលតាមការប្រើប្រាស់ថ្នាំនិងពីខាងក្រៅ ៕
ចែករំលែកព័តមាននេះ