អ្នកនាំពាក្យ ៖ គ.ជ.ប ពិន័យអតីតសកម្មជនបក្សប្រឆាំង៣នាក់ចំនួន២០លានរៀល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់កាលពីព្រឹកថ្ងៃទី២៣ ខែមករាថា លោក ជា ជីវ,…
រាជធានីភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់កាលពីព្រឹកថ្ងៃទី២៣ ខែមករាថា លោក ជា ជីវ,…
រាជធានីភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់កាលពីព្រឹកថ្ងៃទី២៣ ខែមករាថា លោក ជា ជីវ, លោក ថោង សារឿន និងលោក គ្រុយ គឹមសាំង បានយល់ព្រមចូលខ្លួនមកបង់ប្រាក់ពិន័យតាមលិខិតបង្គាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួចហើយ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ។
លោកបន្តថា គជបបានបញ្ជាក់ថាប្រាក់ដែលត្រូវពិន័យក្នុងម្នាក់ៗ មានដូចខាងក្រោម ៖ ១-ឈ្មោះ ជា ជីវ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវពិន័យជាប្រាក់ចំនួន១០លានរៀល។ ២-ឈ្មោះ ថោង សារឿន រស់នៅភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និង៣-ឈ្មោះ គ្រុយ គឹមសាំង រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៥លានរៀល ។
ប្រាក់ពិន័យទាំងអស់ត្រូវបានបង់តាមរយៈលោក សួន ចំរើន ដែលជាតំណាងរបស់អ្នកទាំងបី។ ថវិកាសរុប២០លានរៀលនេះ ត្រូវបង់ចូលជាថវិការបស់រដ្ឋ។
គ.ជ.ប បានលើកឡើងថា ការបង់ប្រាក់ពិន័យនេះ ធ្វើឡើងតាមអំណាចសេចក្តីសម្រេចបិទផ្លូវតវ៉ារបស់ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយតម្កល់សេចក្តីសម្រេចលេខ ០០៩ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ដែលសម្រេចផ្តន្ទាទោសបុគ្គលទាំង៣រូបខាងលើពីបទ «រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត» តាមមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។
សូមរំលឹកផងដែរថា ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ លោក ជា ជីវ បានផ្តួចផ្តើមគំនិតធ្វើសកម្មភាពជួបជុំមនុស្សជាច្រើន និងថតរូបម្រាមដៃស្អាត។
ក្រោយពីបញ្ចប់ការជួបជុំ លោក ជា ជីវ លោក គ្រុយ គឹមសាំង និងលោក ថោង សារឿន អតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានបង្ហោះរូបថតនៅលើគណនីបណ្តាញសង្គម (Facebook) របស់ខ្លួន ដោយមានសរសេរពាក្យពេចន៍ដូចជា «ម្រាមដៃខ្ញុំពិតជាស្អាត ម្រាមដៃខ្ញុំត្រូវតែស្អាត បើគ្មានគណបក្សសង្គ្រោះជាតិ និងម្រាមដៃស្អាត» ។
តាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានអះអាងថា យុទ្ធនាការម្រាមដៃស្អាតនេះ ពិតជាមានផលប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត ហើយជាក់ស្តែងអត្រានៃអ្នកចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមានចំនួន៨៣,០២% ទាបជាងអត្រានៃអ្នកចេញទៅបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ដែលមានចំនួន៩០.៣៧% និងជាពិសេសសន្លឹកឆ្នោតខូចមានចំនួនរហូតដល់ជាង ៩% ដែលមិនធ្លាប់មានក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា។
គ.ជ.ប មានសិទ្ធិពេញលេញក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការបោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតដែលកំណត់ដោយ គ.ជ.ប ៕
ចែករំលែកព័តមាននេះ