ខេត្តព្រៃវែង ៖ ជារឿងនឹកស្មានមិនដល់នៅពេលដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនស្ត្រីស្រុកស្រែម្នាក់ហើយបន្តចូលទៅឆែកឆេរនៅក្នុងកូនផ្ទះដ៏តូចរបស់នាងបែរជារកឃើញថ្នាំញៀនរហូតដល់ទៅ១០០កញ្ចប់ ។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ប្រើវិធានញុះញង់ធ្វើអោយជនសង្ស័យចូលធ្នាក់ រួចក៏ឃាត់ខ្លួនតែម្តង ។
ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន និងត្រូវបានចាប់ឃាត់ខ្លួននេះមានឈ្មោះ អ៊ឹង ជីវ័ន្ត ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ ចំណែកថ្នាំញៀនដែលដកហូតបានជាប្រភេទម្សៅក្រាមពណ៌ស ដែលវិចខ្ចប់ដាក់ថង់រួចជាស្រេចមានចំនួន១០០ថង់ ។
លោក ជា ហេង អធិការនគរបាលស្រុកពាមជរបានបញ្ជាក់អោយដឹងថា ស្ត្រីជាមុខសញ្ញាដែលត្រូវឃាត់ខ្លួននេះ លោកធ្លាប់បានដាក់ឱ្យចាំចាប់ច្រើនដងរួចមកហើយ ប៉ុន្តែមិនបានសម្រេចព្រោះចេះតែបែកការមុនធ្វើអោយស្ត្រីរូបនេះដឹងខ្លួនហើយរត់គេចខ្លួនបានរហូត ។
លុះមកដល់ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ត្រីរូបនេះបានត្រឡប់ពីភ្នំពេញចូលមកក្នុងមូលដ្ឋានទៀត លោកក៏រៀបឱ្យចាំចាប់ទៀតតែក៏ត្រូវបែកការធ្វើអោយស្ត្រីរូបនេះរត់រួចទៀត ទើបលោកស្នើសុំឱ្យសម្ងាត់របស់ខេត្ត ចុះមកធ្វើធ្នាក់រកទិញថ្នាំទើបចាប់ស្ត្រីរូបនេះបាន ។
ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអោយដឹងថា នៅពេលចាប់ឃាត់ខ្លួនបានភ្លាមនៅលើខ្លួនស្ត្រីជាជនសង្ស័យមានថ្នាំតែ៣កញ្ចប់ប៉ុណ្ណោះ ប៉ុន្តែនៅពេលចូលទៅឆែកឆេរនៅក្នុងកូនផ្ទះរបស់នាងក៏ស្រាប់តែរកឃើញថ្នាំញៀនរហូតដល់ទៅ៩៧កញ្ចប់ទៀត សរុបទាំងអស់១០០កញ្ចប់ ។
ក្រោយពីឃាត់ខ្លួនស្ត្រីជាមុខសញ្ញាខាងលើនេះបានឱ្យសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកពាមជរកសាងសំណុំរឿង និងបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ តែម្តងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ