រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២៤ ធ្នូ បានបញ្ជូនជនសង្ស័យជាជនជាតិ៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលជនទាំង៣នាក់នោះជាក្រុមចាប់ជំរឹតទារប្រាក់ពីជនជាតិចិនដូចគ្នា ។
ជនសង្ស័យ១- ឈ្មោះ YAO QING CHUN ២- ឈ្មោះ CHENG JIAN BING និង៣- ឈ្មោះ CHI JIAN HUA ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២២ ធ្នូ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានចុះបង្ក្រាបលើករណីជនជាតិចិនចាប់ជម្រិតជនជាតិចិនដូចគ្នាទារប្រាក់នោះ ។
ប្រភពព័ត៌មានបន្តថា ក្នុងវេលាពាក់កណ្តាលអធ្រាត្រសប្តាហ៍កន្លងទៅនេះមានករណីជនជាតិចិន១ក្រុមបានធ្វើសកម្មភាពចាប់ជនជាតិម្នាក់នៅមុខកាស៊ីណូណាហ្គាវើលក្នុងទឹកដីសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈជនរងគ្រោះបានដើរចេញពីទីនោះ និងដឹកតាមរថយន្តយកចេញទៅបាត់ ។ ប៉ុន្តែ២ថ្ងៃក្រោយមករឿងនេះក៏បែកធ្លាយជាករណីចាប់ជំរឹតទារប្រាក់ តាមរយៈក្រុមគ្រួសារបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
ករណីចាប់ជំរឹតទារប្រាក់នោះដំបូងឡើយឧក្រិដ្ឋជនបានទារប្រាក់ពីក្រុមគ្រួសារជនរងគ្រោះចំនួន១០លានយន់ (លុយចិន) ស្មើនិង៨០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែនៅពេលតថ្លៃត្រូវរ៉ូវគ្នាសល់ត្រឹម៦លានយន់ស្មើនឹង២០ម៉ឺនដុល្លារមេរិកប៉ុណ្តោះទេ ។ នៅពេលទទួលបានពាក្យបណ្តឹងនោះកម្លាំងសមត្ថកិច្ចនាយកដ្ឋានជំនាញនគរបាលព្រហ្មទណ្ឌបានចុះធ្វើការស្រាវជ្រាវជាបន្ទាន់ដោយមានការសហការជាមួយក្រុមគ្រួសារជនរងគ្រោះផងដែរ ។ លុះថ្ងៃទី២២ ធ្នូ ឧក្រិដ្ឋជនបានណាត់ឲ្យក្រុមគ្រួសារជនរងគ្រោះប្រគល់ប្រាក់ចំនួន៦លានយន់ស្មើ២០ដុល្លារអាមេរិកក៏ត្រូវកម្លាំងសមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនស្ស័យតែម្តងទៅ ។
ប្រភពបន្តថា ដំបូងសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យបាន២នាក់នៅភ្នំពេញ និងបន្តចាប់ខ្លួនម្នាក់ទៀតនៅតំបន់អូត្រិះ ក្នុងក្រុងព្រះសីហនុ ដែលជាកន្លែង និងទីតាំងយកជនរងគ្រោះទៅធ្វើទារុណកម្ម ដើម្បីជំរឹតទារប្រាក់រួមទាំងរំដោះជនរងគ្រោះពីកណ្តាប់ដៃឧក្រិដ្ឋជនផងដែរ ។ ក្រោយពីចាប់ខ្លួនជនសង្ស័យ និងរំដោះជនរងគ្រោះរួចហើយ សមត្ថកិច្ចមិនបានបង្អង់ទុកយូរឡើយដោយមានបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តម្រូវឲ្យនាំខ្លួនឧក្រិដ្ឋជនម្នាក់នោះ និងជនរងគ្រោះជិះយន្តហោះពីក្រុងព្រះសីហនុមកភ្នំពេញដើម្បីបន្តនីតិវិធី ។
ជនសង្ស័យទាំង៣នាក់ក៏បានសារភាពនៅសមត្ថកិច្ចរួចហើយដែរពួកគេពិតជាជាប់ពាក់ពន្ធករណីចាប់ជំរឹតទារប្រាក់ពីជនរងគ្រោះជនជាតិចិនដូចគ្នាលើទឹកប្រាក់ចំនួន៦លានយន់ (ស្មើ២០ម៉ឺនដុល្លារអាមេរិកប្រាកដមែន ហើយមូលហេតុដែលបណ្តាលឲ្យពួកគេធ្វើសកម្មភាពចាប់ជនរងគ្រោះទារប្រាក់នោះ គឺផ្តើមចេញពីការចាញ់ល្បែងស៊ីសងនៅកាស៊ីណូ ។
ក្រោយស្តាប់ចម្លើយ និងផ្ទៀងផ្ទាត់លើបណ្តឹងរបស់ជនរងគ្រោះពិតជាមានធាតុផ្សំ និងស៊ីសង្វាក់ទៅលើបទល្មើសដូច្នោះទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ