ខេត្តព្រៃវែង ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៩ របស់មន្ទីរកសិកម្មខេត្តព្រៃវែងដែលបានធ្វើឡើងកាលពីថ្ងៃទី២០ ធ្នូ នៅក្នុងសាលប្រជុំមន្ទីរកសិកម្មខេត្តលោក ចាន់ រ៉ាន់ អភិបាលរងខេត្តបានមានប្រសាសន៍ថា ការងារធ្វើស្រែចំការរបស់ប្រជាកសិករនាពេលបច្ចុប្បន្នកំពុងត្រូវបានបញ្ជ្រាបចូលនូវលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រដ៏ជឿនលឿន ដើម្បីបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយហានិភ័យទាំងឡាយ ដែលកសិករបាននឹងកំពុងជួបប្រទះលើវិស័យកសិកម្ម ដូចជាផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ សត្វល្អិតចង្រៃ និងជម្ងឺផ្សេងៗជាដើម ។
ដើម្បីជួយអោយកសិករធ្វើការងារកសិកម្មនេះកាន់តែទទួលបានប្រសិទ្ធិភាព និងប្រសិទ្ធិផល មន្ទីរកសិកម្មខេត្ត ត្រូវតែត្រៀមខ្លួនរួចជាស្រេចក្នុងការចុះជួយដល់កសិករនៅពេលដែលមានបញ្ហាកើតឡើង និងត្រូវមានគ្រាប់ពូជដំណាំផ្សេងៗ ដែលធន់និងអាកាសធាតុ ធន់នឹងសត្វល្អិតចង្រៃ សម្រាប់ចែកជូនប្រជាកសិករដែលក្រីក្រ និងត្រូវការគ្រាប់ពូជជាចាំបាច់សម្រាប់ធ្វើការបង្កបង្កើនផល ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានបញ្ជាក់អោយដឹងថា សំរាប់ឆ្នាំ២០១៨នេះប្រជាកសិករនៅទូទាំងខេត្តព្រៃវែងបានធ្វើការបង្កបង្កើនផលនៅលើផ្ទៃដីដាំដុះសរុបចំនួន២៧៤,៦៧៦ហិកតា ស្មើនឹង១០៩,៨៧% នៃផ្ទៃដីដាំដុះសរុប ដោយឡែកដំណាំស្រូវនៅទូទាំងខេត្តកសិករធ្វើបានជាមធ្យម៣,១៦តោនក្នុងមួយហិកតា និងទិន្នផលសរុបទូទាំងខេត្តបរិមាណ៨៦១,៦៥៦តោន ។
ដោយឡែកសំរាប់ទិសដៅបន្តនៅឆ្នាំ២០១៩ មន្ទីរនិងជំរុញអោយកសិករបង្កើនការងារកសិកម្មថែមទៀត តាមរយៈសាលារៀនស្រែកសិករបើកវគ្គបណ្តុះបណ្តាលការធ្វើស្រែបង្ហាញ ដោយសហការល្អជាមួយដៃគូរអភិវឌ្ឍនានា ជម្រុញការងារផលិតកម្មរបស់កសិករ អោយស្របតាមតម្រូវការទីផ្សារ ដើម្បីអោយផលិតផលដែលផលិតបានទទួលបានតម្លៃខ្ពស់ ៕
ចែករំលែកព័តមាននេះ