រាជធានីភ្នំពេញ ៖ គ្មានអ្នកណាមិនដឹងនោះទេថា ការប្រកួតរវាងកីឡាករកម្ពុជា យុគ យក្សផ្លែ និងកីឡាករថៃ Phat Lerchha បានធ្វើឡើងយ៉ាងកក្រើកនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យថ្ងៃទី១៦ ធ្នូ ក្រោមក្រសែភ្នែកអ្នកទស្សនាយ៉ាងច្រើនកុះករ ។
នេះជាការប្រកួតប៉ះគ្នាលើកដំបូងរបស់កីឡាករទាំងពីរ ខណៈដែលកីឡាករកម្ពុជាត្រូវគេដឹងថាធ្លាក់ដៃទៅហើយ ប៉ុន្តែនៅពេលប៉ះជាមួយម្ចាស់ខ្សែក្រវាត់មកពីប្រទេសថៃ នៅតែអាចទប់ទល់បាន ។
ការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករបង្គោលក្រហម យុគ យក្សផ្លែ មិនមានជំនឿចិត្តថាអាចយកឈ្នះកីឡាករថៃ Phat Lerchha នោះទេ ដោយសារតែកីឡាករថៃទើបតែឈ្នះខ្សែក្រវាត់ជើងឯកក្ដៅៗផង ។
អ្នកគាំទ្រភាគច្រើនបើទោះជាចង់លើកទឹកចិត្តកីឡាករកម្ពុជា ក៏បានត្រឹមតែថាប្រឹងឡើង តែបែរជាជឿជាក់ទាំងស្រុងលើកីឡាករថៃថានឹងឈ្នះការប្រកួត១០០ភាគរយដោយមានអ្នកខ្លះថែមទាំងយល់ថា នឹងវាយឱ្យកីឡាករកម្ពុជាសន្លប់មុនចប់ទឹកទី៥នោះផង ។
ផ្ទុយពីការរំពឹងទុក គ្រាន់តែឈានចូលដល់ទឹកទី២ភ្លាម ក៏ត្រូវកីឡាករកម្ពុជា វាយបកត្រឡប់មកវិញ ធ្វើឱ្យកីឡាករថៃពិបាកវាយចំគោលដៅ រហូតដល់ថ្នាក់ គ្រូបង្វឹក និងអ្នកឱ្យទឹកកីឡាករថៃ បង្ហាញអារម្មណ៍បុកពោះទៅវិញ ជាពិសេសក្នុងពេលកីឡាករកម្ពុជា កាន់តែវាយសម្រុកតបត ហើយធ្វើឱ្យកីឡាករថៃចង់ទាល់ទីម្ដងៗ ។
ក្នុងទឹកទី៣ កីឡាករថៃបានកែស្ថានការណ៍វាយលុក ហើយចាប់ផ្ដើមបំបាក់កីឡាករកម្ពុជាជាថ្មី បើទោះជាឱកាសក្នុងការវាយលុកនៅក្នុងពេលនោះ មិនអាចឈ្នះដាច់តាមការគ្រោងទុកក្ដី ។ ក្នុងទឹកទី៤ កីឡាករថៃដែលត្រូវគេប្រកាសថាជាម្ចាស់ខ្សែក្រវាត់ហាក់បញ្ចេញថ្វីដៃកាន់តែល្អ ។
កណ្ដាប់ដៃក្នុងការវាយលុក ក៏ត្រូវគោលដៅ ហើយការប្រើជើងទាត់ល្វែងក្រោមធ្វើឱ្យកីឡាករថៃ ពិបាកក្នុងការវាយលុក ។ ការប្រកួតរបស់អ្នកទាំងពីរកាន់តែក្ដៅគគុកនៅលើសង្វៀន ដោយអ្នកគាំទ្រយ៉ាងហោច២ភាគ៣បានបញ្ចេញសំឡេងអបអរយ៉ាងខ្លាំង ជាពិសេសក្នុងពេលកីឡាករកម្ពុជាបញ្ចេញសមត្ថភាពខ្លាំង ហើយកីឡាករថៃក៏បញ្ចេញសមត្ថភាពខ្លាំងធ្វើឱ្យការប្រកួតឡើងកំដៅមិនឈប់ឈរ ។
ក្នុងទឹកទី៤ដដែល កីឡាករកម្ពុជាត្រូវគេកត់សម្គាល់ថាវាយកែងបានល្អ ប៉ុន្តែកីឡាករថៃ ក៏ខ្លាំងណាស់ដែរក្នុងការវាយកែង និងម៉ាត់តបត ទើបធ្វើឱ្យការប្រកួតមួយគូនេះ កាន់តែទាក់ទាញខ្លាំង ។ ក្នុងទឹកទី៥កីឡាករថៃធ្វើឱ្យអ្នកទស្សនាពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងការវាយលុកទៅលើកីឡាករកម្ពុជា ។
ទោះបីយ៉ាងណា កីឡាករថៃ មិនអាចធ្វើឱ្យកីឡាករកម្ពុជាបាក់មុខបានទេ ដោយសារតែការប្រកួតចុងក្រោយគឺលទ្ធផលបានត្រឹមស្មើគ្នា ដែលមានន័យថា កីឡាករថៃទោះប្រឹងអស់ប៉ុនហ្នឹងក៏មិនអាចយកឈ្នះលើកីឡាករកម្ពុជា ដែលធ្លាក់ដៃបានដែរ ។
លោក ញាណ សុធី អ្នករៀបចំកម្មវិធីប្រកួតប្រដាល់ប្រចាំសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា ការប្រកួតរវាងកីឡាករទាំងពីរ គឺជាជំនួបសងសឹក ទើបការប្រកួតមួយនេះ មិនថាកីឡាករកម្ពុជា និងកីឡាករថៃសុទ្ធតែប្រឹងប្រកួតដូចគ្នា ដោយកីឡាករកម្ពុជាត្រូវការការពារកិត្តិយសក្នុងនាមជាកីឡាករមានបទពិសោធន៍យូរ ហើយកីឡាករថៃត្រូវការជ័យជម្នះរបស់ខ្លួនក្នុងនាមជាម្ចាស់ខ្សែក្រវាត់ ។ មួយគូនេះ បើមើលមួយភ្លែត កីឡាករថៃសមនឹងឈ្នះច្រើនជាង ស្របគ្នាដែលគេក៏វាយចេញត្រូវចំគោលដៅបានច្រើន ។
ប៉ុន្តែលោកថា កីឡាករកម្ពុជា ដ្បិតថាធ្លាក់ដៃក៏ល្អណាស់ដែរ ទោះបីវាយចេញបានតិច និងមិនសូវវាយសម្រុកតបខ្លាំង ប៉ុន្តែមួយដៃៗ និងមួយជើងៗរបស់គេ ក៏សុទ្ធតែចំគោលដៅ ហើយមានចំណុចទាក់ទាញ អ៊ីចឹងហើយទើបធ្វើឱ្យការប្រកួតទាំងមូល បានត្រឹមស្មើគ្នា ដែលលោកប្រកាសថា លទ្ធផលដែលបានស្ដែងឡើងគឺជាការដោះស្រាយបញ្ហាកុំឱ្យមានការលាបពណ៌ថា អ្នកនេះល្អជាងម៉េចក៏ឱ្យចាញ់ ហើយអ្នកនោះមិនសមចាញ់ដែរម៉េចក៏មិនឱ្យឈ្នះជាដើម ។
លោកថា លទ្ធផលស្មើខ្លះ គឺជារឿងដ៏ល្អសម្រាប់កីឡាករដែលមានសមត្ថភាព២នាក់ ជាពិសេសស្ថិតក្នុងស្ថានភាពដែលបង្គោលក្រហមក៏ល្អ បង្គោលខៀវក៏ល្អ ខណៈដែលលទ្ធផលនេះក៏ជួយដោះស្រាយទំនាស់រវាងអ្នកភ្នាល់និងអ្នកភ្នាល់ កុំឱ្យពុះកញ្ជ្រោលនឹងការបង្ហាញប្រតិកម្ម ។
លោកនិយាយថា«ការពិតលទ្ធផលស្មើយើងមិនមែនចេះតែឱ្យៗទេ ពេលខ្លះវាល្អទាំងសម្រាប់កីឡាករ និងល្អទាំងសម្រាប់គណៈកម្មការ ព្រោះការប្រកួតខ្លះតែឱ្យមិនស្រួលគឺមានរឿងរញ៉េរញ៉ៃតែម្ដង»។
លោកថា ការប្រកួតនៅក្នុងថ្ងៃនោះ ទាំងកីឡាករកម្ពុជា និងថៃ សុទ្ធតែបញ្ចេញសមត្ថភាពបានល្អ អ៊ីចឹងលទ្ធផលមិនឱ្យអ្នកណាមានពិន្ទុនាំមុខគឺជាជម្រើសតែមួយគត់ ដើម្បីឱ្យកីឡាករម្ខាងៗអស់ចិត្ត ។ លោកមានគម្រោងដាក់ឱ្យមួយគូនេះឡើងប្រកួតជាថ្មីម្ដងទៀត តែរង់ចាំឱ្យកីឡាករថៃ និងយុគ យក្សផ្លែ បានត្រៀមខ្លួនឱ្យគ្រប់គ្រាន់សិន ដើម្បីចង់ដឹងថា បើប៉ះគ្នាម្ដងទៀត តើអ្នកណានឹងឈ្នះ ៕
ចែករំលែកព័តមាននេះ