តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លិបមេឃខៀវ Pep Guardiola បានប្រាប់ពីស្ថានភាពរបស់កីឡាករក្នុងក្រុមរបស់ខ្លួនដែលបានរងរបួសនាពេលកន្លងមក ។
កីឡាករ Kevin De Bruyne មិនទាន់អាចចូលប្រកួត Premier League ជាមួយនឹង Manchester City វិញនៅឡើយទេ ។ ចំណែកកីឡាករ Sergio Aguero និង Aleks Zinchenko នៅមិនទាន់ដឹងនៅឡើយថា អាចទៅប្រកួតជាមួយនឹង Watford ឬអត់នោះទេ ។
លោកបានប្រាប់ថា Aguero មិនបានឡើងលេងជាមួយនឹង Bournemouth ដោយសារតែមានបញ្ហាភ្លាត់សាច់ដុំ ។ បញ្ហានេះមិនសូវជាធ្ងន់ធ្ងរប៉ុន្មាននោះទេ តែលោក Pep មិនឲ្យ Aguero ឡើងលេងក៏ដោយសារតែខ្លាចមានសភាពកាន់តែធ្ងន់ធ្ងរ ។ ដូចនេះហើយ យើងអាចរំពឹងថា Aguero នឹងមិនមានមុខនៅក្នុងការប្រកួតជាមួយនឹង Watford និង Chelsea ។
ចំពោះ Kevin De Bruyne វិញមិនបានឡើងលេងអស់ពេលមួយខែជាងហើយ ដោយសារតែរបួសសរសៃពួរជង្គង់ ក្នុងការប្រកួតដណ្តើមពាន Carabao Cup ជាមួយនឹង Fulham ។ រីឯ Zinchenko វិញ ត្រូវបានគេជំនួសកាលពីថ្ងៃសៅរ៍ ដោយសារតែរបួសច្រមុះពេលបុកជាមួយនឹងមិត្តរួមក្រុម ។
លោក Pep ថា De Bruyne នឹងមិនអាចឡើងប្រកួតក្នុងពេលឆាប់ៗនេះទេ ។ ចំណែកកីឡាករពីរនាក់ទៀតនៅមិនទាន់ដឹងច្បាស់នៅឡើយ ៕
ចែករំលែកព័តមាននេះ