ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និងសង្កាត់ស្វាយដង្គំចំណុះអធិការដ្ឋានក្រុងសៀមរាបបានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឈានដល់ធ្វើការឃាត់ខ្លួនបានក្រុមញៀនថ្នាំប្រុសស្រីចំនួន៨នាក់រួចនាំយកមកសួរនៅការិយាល័យជំនាញដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់ ។
ហេតុការឃាត់ខ្លួនក្រុមញៀនថ្នាំប្រុសស្រីទាំង៨នាក់នោះធ្វើឡើងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម និងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។
តាមប្រភពពីកម្លាំងនគរបាលជំនាញបានប្រាប់ថា ដោយមានការសហការគ្នាបានល្អទើបកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តឈានដល់ធ្វើការឃាត់ខ្លួនបានក្រុមញៀនថ្នាំប្រុសស្រីចំនួន៨នាក់ជាបន្តបន្ទាប់នៅតាមបន្ទប់ជួលក្នុងសង្កាត់ចំនួន២ផងដែរ ។
ក្រោយកម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យខាងលើក្នុងនោះបានដកហូតវត្ថុតាងរួមមានម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៦កញ្ចប់ ស្មើនឹងទំងន់៣,៤ក្រាម(ទំងន់សុទ្ធ), សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន៥គ្រឿង ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៨នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ចូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ