ខេត្តកណ្តាល ៖ បុរសម្នាក់បានចាប់ដៃនារីរងគ្រោះចូលក្នុងផ្ទះ ហើយចាប់នាងអោបថើប និងស្ទាបអង្អែល ខណៈនាង និងមិត្តភក្តិមកទិញអំបិលនៅផ្ទះរបស់ជនសង្ស័យ សំណាងល្អបានមិត្តភក្តិចូលទៅជួយទាន់ ហើយជនសង្ស័យត្រូវនគរបាលស្រុកមុខកំពូលធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីប្រទូសកេរ្តិ៍ខ្មាស់ទៅលើក្មេងស្រីម្នាក់ បានកើតឡើងកាលពីម៉ោង១២រសៀល នៅថ្ងៃទី២៧ វិច្ឆិកា ២០១៨ ចំណុចផ្ទះជនសង្ស័យ ភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ។
ជនសង្ស័យខាងលើឈ្មោះ ប៊ី សាំងឆ័ង ភេទប្រុស អាយុ៤០ឆ្នាំ (មានប័ណ្ណរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)ផ្នែកជំងឺផ្លូវចិត្ត មុខរបរលក់ចាប់ហួយ រស់នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្តាល ចំណែកក្មេងស្រីរងគ្រោះអាយុ១៦ឆ្នាំ មុខរបរកម្មករឡឥដ្ឋ រស់នៅស្រុកមុខកំពូល ។
តាមសាក្សីបានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ និងមិត្តភក្តិបានទៅផ្ទះជនសង្ស័យដើម្បីទិញអំបិល ពេលទិញរួចស្រាប់តែជនសង្ស័យចាប់ដៃជនរងគ្រោះចូលក្នុងផ្ទះ ហើយបានធ្វើសកម្មភាពឱបថើប និងស្ទាបអង្អែលដងខ្លួនជនរងគ្រោះ ។ ខណៈពេលនោះជនរងគ្រោះបានរើបំរះស្រែកយ៉ាងខ្លាំង ភ្លាមនោះដែរមិត្តភក្តិជនរងគ្រោះបានមកច្រានជនសង្ស័យចេញ រួចនាំជនរងគ្រោះដើរទៅឡឥដ្ឋ ដើម្បីប្រាប់មេការឡឥដ្ឋ ។
សាក្សីបន្តទៀតថា ក្រោយមកមេការឡឥដ្ឋបានតេទូរស័ព្ទ និងនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្វាយអំពារតែម្តង ។ ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចជំនាញយុត្តិធម៌ស្រុកសហការជាមួយប៉ុស្តិ៍ បានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ