រាជធានីភ្នំពេញ ៖ ទូកងដែលវែងជាងគេលើពិភពលោកមានឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី» ដែលទើបតែនឹងជាប់កំណត់ត្រាទូកងវែងជាងគេលើពិភពលោកកាលពីថ្ងៃទី១២ កន្លងទៅនេះ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែកាលពីថ្មីៗនេះ ទូកង វែងជាងគេនឹងរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខវាលព្រះមេរុ ដើម្បីដាក់តាំងបង្ហាញជូនសាធា
រណជនភ្ញៀវជាតិ និង អន្តរជាតិបានទស្សនា ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៨។
គោលបំណងសំខាន់ៗ នៃការផលិតទូកងដែលវែងជាងគេនេះ គឺចង់រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូករបស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញនូវស្នាព្រះហស្តរបស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូកជាមធ្យោបាយមួយក្នុងការការពារទឹកដី,ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូល ឱ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើត ស្នាដៃដ៏អស្ចារ្យមួយ, ជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃយុវជនជាកូនចៅជំនាន់ក្រោយក្នុងការថែរក្សា និងអភិរក្សកេរដំណែលពីដូនតា ។
ដើម្បីបង្ហាញឱ្យពិភពលោកឃើញថា ខ្មែរយើងខ្លាំងអាចផលិតបានអ្វីដែលអស្ចារ្យជាងគេលើពិភពលោក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងចេះសាមគ្គីគ្នារួបរួមគ្នាជាធ្លុងមួយតាមរយៈការកសាងទូកងវែងជាងគេ ចាប់ផ្តើមតាំងពីឈើមួយដើម រហូតដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ ,ដើម្បីបណ្តុះឆន្ទៈកូនខ្មែរយើងឱ្យនាំគ្នាបង្កើតនូវ អ្វីដែលអស្ចារ្យ សម្រាប់ខ្មែរលើ ឆាកអន្តរជាតិ។
លោក ស សុខាបានបញ្ជាក់ថា ទូកងដែលមានប្រវែងវែងជាងគេនៅលើពិភពលោក ដែលផលិតឡើងបញ្ចប់ជាស្ថាពរដោយស្នាដៃកូនខ្មែរនៅខេត្តព្រៃវែងមានឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី» មានប្រវែងបណ្ដោយ៨៧,៣ម៉ែត្រ និងទទឹង១,៩០ម៉ែត្រ ដាក់ចំណុះទូកបាន១៧៩នាក់ ត្រូវបានផ្តួចផ្ដើមកសាងឡើងដោយរូបលោកផ្ទាល់ និងក្រោមកិច្ចសហការជាមួយក្រុមកាងារពាក់ពន្ធ័ បន្ទាប់ពីបញ្ចប់ការដាក់តាំងបង្ហាញទូកងនៅរាជធានីភ្នំពេញនេះទៅ ។
ទូកងនេះនឹងរំកិលខ្លួនទៅតាំងនៅខេត្តព្រៃវែងវិញ ដើម្បីតំណាងឲ្យខេត្តព្រៃវែងទាំងមូលដែលបានខិតខំកសាងនិងផលិតទូកងនេះឡើង ៕
ចែករំលែកព័តមាននេះ