ខេត្តកែប ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តដឹកអ្នកដំណើរមួយគ្រឿងកំពុងបើកបរ ស្រាប់តែដាច់ចង្កូតធ្លាក់ទៅក្នុងទឹកស្រែកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចភូមិអូដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
រថយន្តខាងលើជាប្រភេទរថយន្តក្រុង២៤កៅអី ពាក់ស្លាក់លេខ ភ្នំពេញ ៣B-២៧១៩ មានដឹកអ្នកដំណើរជាជនជាតិវៀតណាមច្រើននាក់ផងដែរ ។
លោកភូ ហុកសេង អធិការរងនគរបាលស្រុកដំណាក់ចង្អើរបានអោយដឹងថា រថយន្តដឹកអ្នកដំណើរខាងលើ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចផ្លូវកោងស្រាប់តែដាច់ចង្កូតបំរុងធ្លាក់ចេញពីស្ពានមួយកន្លែងដែលអត់មានបង្កាន់ដៃ តែរថយន្តនោះក៏ហួសទៅមុខផុតស្ពាន ធ្លាក់ចេញពីផ្លូវជាតិចូលទៅក្នុងទឹកស្រែតែម្ដង។
លោកអធិការរងនគរបានបានបន្តថា សំណាងល្អហើយមិនមានអ្នកគ្រោះថ្នាក់ក្នុងហេតុការណ៍ខាងលើ តែបើធ្លាក់ចេញពីស្ពានវិញ ប្រហែលជាមានអ្នករងគ្រោះថ្នាក់មិនតិចគ្នានោះទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ