រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យសហការមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣បានចាប់ឃាត់ខ្លួនយុវជន២នាក់ ក្នុងចំណោមគ្នា៤នាក់ដែលសង្ស័យថាជាមុខសញ្ញាក្រុមឆក់ដែលតែងតែធ្វើសកម្មភាពឆក់កាបូបពីភ្ញៀវទេសចរណ៍បរទេសនិងប្រជាពលរដ្ឋដែលជាអ្នកដំណើរតាមផ្លូវនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងផ្លូវនានាមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ព្រមទាំងនៅក្នុងរាជធានីភ្នំពេញទាំងមូល។
ប្រតិបត្តិការចុះបង្ក្រាប និងចាប់ខ្លួនក្រុមជនសង្ស័យខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោងវេលាម៉ោង៤រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលបានដេញតាម ពេលក្រុមជនសង្ស័យចេញធ្វើសកម្មភាពឆក់នៅតាមមហាវិថីសហព័ន្ធរុស្សី ចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រំប្រទល់សង្កាត់កាកាប១ កាកាប២និងចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះម្នាក់ឈ្មោះ តំ វិសាល ហៅអាតុង អាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះ ស៊ឹម សុវត្ថិ ហៅអាក្លិត អាយុ២០ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង២នាក់នេះជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១GO-៨៥៤០ ចេញធ្វើសកម្មភាពឆក់ទាំងយប់ ទាំងថ្ងៃយ៉ាងសកម្ម។
នគរបាលបានឲ្យដឹងថា កន្លងមកក្រុមជនសង្ស័យខាងលើមានគ្នា៤នាក់បានចេញធ្វើសកម្មភាពឆក់កាបូបតាមមហាវិថីសហព័ន្ធរុស្ស៊ីនិងផ្លូវមួយចំនួនទៀតនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងក្នុងរាជធានីភ្នំពេញ ជាពិសេសឆក់កាបូបជនជាតិបរទេសតែម្ដងនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយក្រោយពេលឆក់បានសម្រេចតែងគេចខ្លួនរួចដោយសុវត្ថិភាពរហូត។
ទោះបីជាកម្លាំងនគរបាលល្បាតដេញតាមក៏ដេញមិនទាន់ដែរព្រោះពួកនេះពូកែជិះម៉ូតូគេចលឿនដោយមិនខ្លាចគ្រោះថ្នាក់ឡើយ។
ដោយសារតែបែបនេះ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ចេញតាមឃ្លាំមើល និងធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ។
លុះដល់វេលាម៉ោង៤រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឃើញមុខសញ្ញា២នាក់ខាងលើចេញធ្វើសកម្មភាពទៀត ប៉ុន្តែនៅមិនទាន់បានធ្វើនៅឡើយទេ កម្លាំងបានដេញតាម ពេលនោះជនសង្ស័យបានដឹងខ្លួនទាន់ក៏បានជិះម៉ូតូរត់គេចខ្លួនតាមមហាវិថីសហព័ន្ធរុស្ស៊ីចេញពីមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សំដៅទៅរង្វង់មូលថ្នល់បំបែកចោមចៅ ឡើងទៅតាមផ្លូវវ៉េងស្រេងឆ្ពោះទៅម្តុំផ្សារទួលពង្រ។
មិនតែប៉ុណ្ណោះ ជនសង្ស័យទាំង២នាក់នេះមានល្បិចខ្ពស់ណាស់ បានបង្វែងដានកម្លាំងនគរបាល ដោយបាន ទម្លាក់បក្សពួកម្នាក់ចោលដើម្បីកុំឲ្យកម្លាំងនគរបាលចាប់អារម្មណ៍ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងនគរបាលនៅតែចំណាំស្លាកលេខម៉ូតូ និងភិនភាគបានដដែល ហើយក៏ឃាត់ខ្លូនបានម្នាក់និងម៉ូតូមួយគ្រឿង នៅក្បែរវត្តកំពែង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ។
ប្រភពខាងលើបានបន្តថា បន្ទាប់មកកម្លាំងនគរបាលបាននាំទៅធ្វើការសាកសួរហើយជនសង្ស័យបានសារភាពថា មានបក្ខពួក៣នាក់ទៀតកំពុងសម្ងំលាក់ខ្លួននៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្បែរស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ភ្លាមៗនោះកម្លាំងនគរបាលបានសុំគោលការពីលោក ស្នងការរាជធានីភ្នំពេញ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បន្តតាមចាប់ខ្លួនបក្សពួក ទាំងនោះប៉ុន្តែចាប់បានតែម្នាក់ទៀតប៉ុណ្ណោះ ចំណែកបក្ខពួក២នាក់ទៀតដឹងខ្លួនទាន់បានរត់គេបាត់អស់៕
ចែករំលែកព័តមាននេះ