រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្ស៥នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍រថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកលឿនជ្រុលភ័យបាត់ម្ចាស់ការទាំងព្រឹក បុករះម៉ូតូនិងរថយន្តសរុបចំនួន១១គ្រឿង និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមបណ្តោយផ្លូវវេងស្រេង ដែលជាកំណាត់ផ្លូវមមារញឹក ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ។
ហេតុការណ៍បុករះ នៅតាមដងផ្លូវវេងស្រេង (ផ្លូវចោមចៅ) នេះ មានរថយន្ត៦គ្រឿង ម៉ូតូរ៉ឹម៉ក២គ្រឿង ម៉ូតូឡាំប្រឺតា(PassApp)២គ្រឿង និងម៉ូតូសុ៊យហ្សុ៊យគីលែត១គ្រឿង សរុបទាំងអស់១១គ្រឿង ត្រូវរងការខូចខាត ។ រថយន្តទាំង៦គ្រឿងដែលខូចខាតមាន ១-ម៉ាកប្រាដូ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ២H៣១១៩ ។ ២-ម៉ាកនីស្សាន់ ណាវ៉ារ៉ា ប្រភេទ១បាំងកន្លះ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២AI-២០១៣ ។ ៣-រថយន្តចិន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AM-៣០១៩ ។៤-ម៉ាកកាមរីបាឡែន ពណ៌ស ទី៥និងទី៦-ជាប្រភេទរថយន្តដឹកទំនិញចំណុះ១តោនកន្លះ ។
យោងតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធុនធំដឹកទំនិញ១គ្រឿងបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីខាងលិចទៅខាងកើត ពោលគឺបើកពីចំណុចស្តុបលូ៥ ឆ្ពេាះឡើងទៅច្រមុះជ្រូកស្ទឹងមានជ័យក្នុុងល្បឿនធម្មតា ។
លុះទៅជិតដល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាប់តែរថយន្តនេះ រេចង្កូតទៅបុកម៉ូតូរ៉ឺម៉កចំនួន២គ្រឿង ដែលកំពុងចតស្ងៀមនៅលើដងផ្លូវក្បែរនោះ បណ្តាលឱ្យប៉ើងក្រឡាប់ផ្ងារជើងទាំង២គ្រឿង ហើយមនុស្សដែលកំពុងនៅលើរ៉ឺម៉កនិងអ្នកបើកបររ៉ឺម៉កផង បានរងរបួសធ្ងន់ និងស្រាល ។
ទោះបីជួបគ្រោះថ្នាក់បែបនេះក្តី ក៏រថយន្តខាងលើមិនបានឈប់ទេ តែបែរជាបន្ថែមល្បឿនកាន់តែលឿនទៅមុខ ក្នុងបំណងបើករត់ ក៏ជ្រុលទៅបុករះរថយន្ត៦គ្រឿង និងម៉ូតូឡាំប្រឺតា (PassApp)២គ្រឿង ទៀតដែលកំពុងបើកបរលើដងផ្លូវដ៏មមាញឹកស្របទិសគ្នាបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។ បន្ទាប់មក រថយន្តធុនធំនេះ បន្តបន្ថែមល្បឿនទៅមុខកាន់តែលឿន និងរេចង្កូតបុកធ្លាយញ៉ាបផ្ទះល្វែងដែលកំពុងប្រកបរបរអាជីវកម្មលក់ដូរចំនួន៤ល្វែង បណ្តាលឱ្យរងការខូចខាត ហើយរថយន្តដាច់កាឡេកង់មុខខាងឆ្វេង ទើបមិនអាចបន្តបើកទៅមុខទៀតបាន ។
ភ្លាមៗ បន្ទាប់ពីកើតហេតុ គេសង្កេតឃើញកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើននាក់ ចេញពីក្នុងទីបញ្ជាការមកអន្តរាគមន៍ ដោយឃាត់ខ្លួនអ្នកបើករថយន្តបានភ្លាមៗ និងជួយគ្រប់គ្រងសភាពការណ៍ ក៏ដូចជាជួយសម្រួលចរាចរណ៍នៅទីនោះផងដែរ ព្រេាះពេលកើតហេតុ មានចរាចរណ៍កកកុញឆ្លងកាត់ទីនោះ ចោមរោមមើលយ៉ាងច្រើនកុះករ ។ ក្នុងសភាពបែបនេះ ធ្វើឱ្យកំណាត់ផ្លូវច្រមុះជ្រូកស្ទឹងមានជ័យ ពេញណែនដោយយានយន្តនិងមនុស្សយ៉ាងពពាក់ពពូន ។
រីឯនគរបាលមូលដ្ឋានរួមជាមួយនគរបាលជំនាញ បានទៅធ្វើការវាស់វែងនិងអូសយកទាំងរថយន្តបង្កហេតុ រួមទាំងម៉ូតូ ម៉ូតូរ៉ឺម៉ក និងរថយន្តដែលរងគ្រេាះទាំងអស់ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុក៏ត្រូវបានឃាត់ខ្លួននាំទៅជាមួយដែរ ។
នេះជាមេរៀនមួយ សម្រាប់អ្នកបើកបរយានយន្ត បើមានការប៉ះពារគ្នាបន្តិចបន្តួចពុំគួរបើករត់រហូតរឿងតូចក្លាយជារឿងធំបែបនេះទេ ។ ដូចជាករណីនេះជាដើម តើអ្នកបើករថយន្តបង្កហេតុអាចមានលទ្ធភាពសងដល់អ្នករងរបួសធ្ងន់និងស្រាល ព្រមទាំងការខូចខាតយានយន្តយ៉ាងដំណំជាច្រើនគ្រឿងទៀតដែរឬ
ទេ ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រេាះថ្នាក់ខាងលើនេះ បណ្តាលឱ្យមនុស្សចំនួន៥នាក់រងរបួស ក្នុងនេាះក្មេងប្រុសម្នាក់រងរបួសជើងស្តាំធ្ងន់ និង៤នាក់ទៀតត្រូវរងរបួសមធ្យម ។ ក្នុងហេតុការណ៍នេះដែរ គេនៅពំុទាន់ដឹងថាមកពីមូលហេតុអ្វីឱ្យប្រាកដនេាះទេ ដែលបណ្តាលឱ្យអ្នកបើកបររថយន្តខាងលើបើកបុករះដូច្នេះ? មិនដឹងថា មកពីអ្នកបើកបរងុយដេក រថយន្តដាច់ហ្វ្រាំង ឬហេតុផលអ្វីមួយឱ្យច្បាស់ ៕
ចែករំលែកព័តមាននេះ