រាជធានីភ្នំពេញ ៖ ដោយសារតែមាននិស្ស័យស្រឡាញ់ចូលចិត្តវិស័យកីឡាប្រដាល់លោកជួន សំណាង ដែលជាមន្ត្រីអាជ្ញាកណ្ដាល និងចៅក្រមប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរផង និងជាមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃផង សុខចិត្តបោះបង់ចោលការសិក្សាទាំងវ័យក្មេង មកចាប់អាជីពជាអ្នកប្រដាល់មុនមកកាន់ការងារបច្ចុប្បន្នដែលមកទល់ពេលនេះមានរយៈពេលជិត៣០ឆ្នាំហើយ។
ជួបអ្នកយកព័ត៌មានកោះសន្តិភាព លោកជួន សំណាង បានលើកឡើងពីវិស័យកីឡាប្រដាល់បច្ចុប្បន្នថា ពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់បើប្រៀបនឹងកីឡាមួយចំនួនដែលហាក់ដូចមានតែឈ្មោះតែមិនសូវឃើញមានសកម្មភាពផុសផុលដូចកីឡាប្រដាល់ដែលបានបង្កើតសង្វៀនប្រដាល់ស្ទើរតែគ្រប់ស្ថានីយទូរទស្សន៍ហើយស្ថានីយនីមួយៗមានសង្វៀនចាប់ពីពីរឡើងនោះ ។ ទន្ទឹមនឹងការរីកចម្រើនផ្នែកបរិមាណក៏យើងមិនត្រូវភ្លេចពង្រឹងគុណភាពកីឡាករក៏ដូចជាមន្ត្រីពាក់ព័ន្ធដូចជាអាជ្ញាកណ្ដាលនិងចៅក្រមដែលជាកម្លាំងស្នូលក្នុងការទ្រទ្រង់ឱ្យវិស័យកីឡាមួយនេះដើរទៅមុខផងដែរ ។
ក្នុងនាមរូបលោកជាមន្ត្រីអាជ្ញាកណ្ដាល និងចៅក្រមមួយរូបដែរនោះ លោកសំណូមពរដល់សហព័ន្ធសូមបើកវគ្គបណ្ដុះបណ្ដាលឱ្យបានញឹកញាប់បន្តិចដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសចៅក្រមនិងអាជ្ញាកណ្ដាលឱ្យកាន់តែមានការយល់ដឹងបន្ថែមទៀតឈានទៅបម្រើដល់ការប្រកួតលក្ខណៈអន្តរជាតិធំៗ ។ ជាងនេះទៀត ក៏ត្រូវធ្វើការបែងចែកឱ្យដាច់រវាងការធ្វើអាជ្ញាកណ្ដាលថ្នាក់ជាតិនិងអន្តរជាតិ ។ លោកក៏សូមឱ្យថ្នាក់ដឹកនាំសហព័ន្ធមានវិធានការចំពោះរាល់ការងារផ្សេងៗដូចជាការថ្លឹងចាប់គូសូមឱ្យមានភាពសុក្រឹតត្រឹមត្រូវ កុំចេះតែយកកីឡាករដដែលៗឡើងប្រកួតនោះ។
គួរបញ្ជាក់ថា លោក ជួន សំណាង បានឈានជើងចូលប្រឡូកនៅក្នុងវិស័យកីឡាប្រដាល់តាំងពីឆ្នាំ១៩៨៩ មកម្លេ៉ះ ។ ដំបូងឡើយលោកគឺជាសិស្សគណនៅក្នុងក្លិបឥសីសិល្បៈ គ្រូបង្ហាត់របស់លោកគឺលោកគ្រូតា កែវ នាង មានទីតាំងនៅខេត្តបាត់ដំបង ។ កាលណោះវិស័យកីឡាប្រដាល់គុនខ្មែរមិនទាន់មានការរីកចម្រើននៅឡើយនោះទេ ដូច្នេះលោកបានត្រឹមតែប្រកួតនៅតាមភូមិក្នុងកម្មវិធីបុណ្យទានតាមវត្តប៉ុណ្ណោះ ។
ក្រោយមក វិស័យកីឡាប្រដាល់គុនខ្មែរមានការរីកចម្រើនជាលំដាប់ ហើយរូបលោកក៏កាន់តែមានការអភិវឌ្ឍផ្នែកវិជ្ជាគុនប្រដាល់ផងដែរ ទើបនៅក្នុងឆ្នាំ១៩៩៨លោកក៏សម្រេចចិត្តបង្កើតក្លិបប្រដាល់ខ្លួនឯង ដោយដាក់ឈ្មោះថា ក្លិបកសិករជោគជ័យ នៅក្នុងខេត្តបាត់ដំបងដែលមានរូបលោកធ្វើជាគ្រូបង្វឹកផ្ទាល់ ។ រហូតដល់ឆ្នាំ២០០០លោកបានផ្លាស់មករស់នៅរាជធានីភ្នំពេញនិងបានចូលបម្រើការងារជាមន្ត្រីអាជ្ញាកណ្ដាលតាំងពីពេលនោះមក ។
ទន្ទឹមគ្នានេះដែរ អតីតកីឡាករប្រដាល់ដែលមានស្រុកកំណើតនៅខេត្តដំបងរូបនេះក៏សម្រេចចិត្តបង្កើតក្លិបប្រដាល់មួយកន្លែងនៅសង្កាត់ច្បារអំពៅដោយដាក់ឈ្មោះថា ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ដែលមានសិស្សកំពុងហ្វឹកហាត់ជាប្រចាំជាង១០នាក់ប៉ុន្តែ
ភាគច្រើនជាសិស្សថ្មី បទពិសោធន៍នៅក្មេងខ្ចីនៅឡើយ។ លោកធ្លាប់បម្រើការងារជាអាជ្ញាកណ្ដាលនៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥អស់រយៈពេលជាច្រើនឆ្នាំ តែក្រោយមកលោកក៏បានផ្លាស់មកនៅប៉ុស្តិ៍បាយ័នរហូតដល់សព្វថ្ងៃ ។ ការធ្វើជាចៅក្រម និងអាជ្ញាកណ្ដាលសព្វថ្ងៃក្នុង១កម្មវិធីប្រកួតលោកទទួលបានប្រាក់កម្រៃហត់នឿយ១៥ដុល្លារ ហើយក្នុង១សប្ដាហ៍លោកធ្វើ៣កម្មវិធីដូច្នេះលោកទទួលបាន៤៥ដុល្លារដែរ ។
លោកថា ទោះបីប្រាក់កម្រៃដែលលោកទទួលបានពីអាជីពមួយនេះមិនអាចឱ្យគ្រួសារលោករស់ក្នុងជីវភាពធូរធារមែនតែលោកនៅតែតស៊ូទ្រាំធ្វើដោយសារតែការស្រឡាញ់។ លោក ជួន សំណាង សព្វថ្ងៃគឺជាមន្ត្រីប៉ូលិសពាក់សក្ដិ២នៅក្រសួងមហាផ្ទៃ ទទួលបានប្រាក់ខែ១លាន៤សែនរៀល ។ ចំណែកប្រពន្ធរបស់លោកជាកម្មការិនីរោងចក្រកាត់ដេរ ដោយទទួលបានប្រាក់ខែជាង១០០ដុល្លារដែរ ។
ប្រាក់ខែលោកនិងភរិយាបានត្រឹមម៉ារស់មិនអាចធ្វើមានបានទេ ដោយសារលោកជួលផ្ទះគេនៅរយៈពេល១៨ឆ្នាំមកហើយដោយក្នុង១ខែ១៦០ដុល្លារហើយត្រូវចិញ្ចឹមកូន២នាក់ទៀត ឱ្យបានរៀនសូត្រដោយកូនស្រីច្បងអាយុ១៨ឆ្នាំរៀនថ្នាក់ទី១២ និងកូនប្រុសប្អូនអាយុ១៥ឆ្នាំរៀនថ្នាក់ទី១០នៅឡើយ។
អតីតកីឡាករដែលមានវ័យ៤៥ឆ្នាំរូបនេះបានបញ្ជាក់ជាចុងក្រោយថា ទោះបីជួបការលំបាកក្នុងជីវភាពយ៉ាងណាក៏ដោយក៏លោកមានមោទនភាពដែរ ដោយសារតែលោកបានចូលបម្រើការងារជាមន្ត្រីនៅក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើឱ្យលោកមានមុខមាត់ មានគេស្គាល់ច្រើន រហូតធ្វើឱ្យលោកមានឱកាសបានចូលបម្រើការងារជាមន្ត្រីនគរបាលជាតិមានប្រាក់ខែត្រឹមត្រូវទៀតផង៕
ចែករំលែកព័តមាននេះ