គ្រោះថ្នាក់ខ្លាំងណាស់បើកាលណាភ្លើងទោសៈឆេះឡើង ហើយចង់បញ្ឈប់ភ្លើងទោសៈនោះឱ្យរលត់ទៅវិញមិនមែនជារឿងងាយប៉ុន្មានទេ តែក៏មិនមែនដល់ទៅពិបាករហូតរំលត់ភ្លើងទោសៈមិនបាននោះដែរ សំខាន់គឺនៅត្រង់ថា យើងត្រូវតាំងចិត្តបញ្ឈប់ទោសៈឱ្យបានតែប៉ុណ្ណោះ ព្រោះភ្លើងទោសៈនេះនឹងឆេះឡើងភ្លាម បើកាលណាបុគ្គលមិនបានអប់រំចិត្តឱ្យល្អនោះ ។
លោកអ្នកអាចសាកល្បងវិធីរំលត់ភ្លើងទោសៈខ្លះៗបាន ឬបើមានវិធីណាផ្សេងក្រៅពីនេះហើយ ក៏មិនជាបញ្ហាអ្វីដែរ សំខាន់គឺឱ្យតែឈប់ទោសៈទៅវាស្រេចហើយ ។ ខាងក្រោមនេះជាវិធី៧ចំណុចដែលគួរពិចារណាដើម្បីរំលត់ទោសៈគឺៈ
១-យល់ឃើញត្រូវ គឺចិត្តសស្អាត ពិចារណាឱ្យឃើញទោសនៃទោសៈ និងផលអាក្រក់ដែលកើតពីទោសៈ ឬពិចារណាតាមពុទ្ធឱវាទផ្សេងៗទៀតឱ្យបានច្បាស់ រហូតដល់យល់ថា ទោសៈនេះមានទោសអាក្រក់មែន។ ២-ត្រូវពិចារណាឱ្យឃើញផលប្រយោជន៍ដ៏មហាសាល ដែលនឹងកើតមកអំពីការដែលមិនមានទោសៈ។ ៣-ប្រើវិធីទន្ទេញ ឬភាវនាខ្សឹបៗ ប្រាប់ខ្លួនឯងថា កុំខឹង កុំខឹង កុំខឹង មិនខ្ចីខឹង មិនខ្ចីខឹង កុំទៅខឹងៗ ខឹងបានការអ្វីៗ ឱ្យបានជាប់ជានិច្ចរាល់ឥរិយាបថ រាល់កិច្ច និងរាល់ពេលដែលមានអារម្មណ៍ទោសៈចូលមកប៉ះចិត្ត ។ ៤-មានទស្សនៈទៅលើអ្វីៗក្នុងន័យជាល្អ ជាវិជ្ជមាន កុំសូវគិតទៅលើរឿងអាក្រក់ឥតប្រយោជន៍ពេក ។ ៥-មានរបៀបរម្ងាប់ទោសៈតាមបែបថា នៅពេលយើងខឹងគេ ហើយចង់ឈ្លោះតតបវិញ ត្រូវរាប់លេខឱ្យបានចំនួន១០០០ នោះនឹងអាចឈប់ខឹងហើយ ។ ៦-វិធីមួយដែលគេឯងប្រើមានប្រសិទ្ធភាព គឺការធ្វើសមាធិនៅពេលខឹង។ ឧទាហរណ៍ បើយើងខឹងអ្នកណាមួយខ្លាំង គប្បីបិទភ្នែក ឬមិនបាច់បិទក៏បាន ហើយដកដង្ហើមឱ្យបានវែងៗជាទីបំផុតចំនួន១០ដង។ នៅពេលកំពុងដកដង្ហើមវែងៗនោះ ភ្នែក ឬចិត្ត ត្រូវសម្លឹងមើលចុងច្រមុះជាកន្លែងដែលខ្យល់រត់ចេញរត់ចូលប៉ះនឹងរឹមច្រមុះ កុំឱ្យចិត្តងាកបែរទៅណាឱ្យសោះ។ ធ្វើដូច្នេះកម្លាំងរបស់ទោសៈនឹងថយចុះជាលំដាប់រហូតបាត់អស់ជាមិនខាន ។ ៧-ចម្រើនមេត្តាកម្មដ្ឋាន ពោលគឺផ្សាយមេត្តា នឹកស្រមៃក្នុងចិត្តថា សូមឱ្យមនុស្សសត្វទាំងអស់បានសេចក្តីសុខ កុំបីមានពៀរវេរារវាងគ្នានិងគ្នាឡើយ ។
មធ្យោបាយទាំង៧ចំណុចនេះជាគន្លឹះយ៉ាងសំខាន់ជួយរំលត់ភ្លើងទោសៈចេញពីចិត្ត និងនាំឱ្យចិត្តស្ងប់ ត្រជាក់ សុខស្រួលជាប្រក្រតី ។
ចែករំលែកព័តមាននេះ