ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​កេរ​សល់​ពី​លោក​ស៊ិ​ន សុង កំពុង​បង្កើត​បញ្ហា​ប្រចាំ​ត្រកូល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ តុលា លោក ស៊ិ​ន វិសាល កូនប្រុស​លោក ស៊ិ​ន សុង…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ តុលា លោក ស៊ិ​ន វិសាល កូនប្រុស​លោក ស៊ិ​ន សុង (​អតីតរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្លាប់​) ដែល​នៅ​តែ​ម្តាយ គឺ​លោក​ជំទាវ ឡុ​ង សា​ខន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុងភូមិ​គ្រឹះរបស់​លោក​លេខ​១១ ផ្លូវ​លេខ​៤៦៦ កែង​ផ្លូវ​លេខ​៦៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​រឿង​ម្តាយ​គឺ​លោក​ជំទាវ ឡុ​ង សា​ខន ដាក់បញ្ចាំ​ភូមិ​គ្រឹះ​ខាងលើ​នេះ​ទៅ​ធនាគារ​កា​ណា​ឌី​យ៉ា ក្នុង​ទឹកប្រាក់​ដើម​ប្រមាណ​៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជាមួយ និង​សន្និសីទ​សារព័ត៌​ដើម្បី​លាត ត្រដាង​ការ​ពិត​ព្រម​ជាមួយ​សំណូមពរ​នោះ ក៏​មាន​សាច់ញាតិ​រាប់​សិប​នាក់​បាន​ឈរ​កាន់​បដា​ជា​ច្រើន​ផ្ទាំង និង​ចាក់​មេក្រូ​បំពង​សំឡេង​អនុសាសន៍​សម្តេច​នាយក​រដ្ឋមន្ត្រី​ស្តី​ពី​បញ្ហា​ដីធ្លី​កន្លង​មក ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ទីនោះ​មានការ​ភ្ញាក់ផ្អើល​ងឿងឆ្ងល់ ។

សន្និសីទ​សារព័ត៌មាន​លោក ស៊ិ​ន វិសាល បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ទើប​និង​ទទួល​បាន​ថា​មាន​សម្រង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​មួយ តម្រូវ​រឹបអូស​យក​ភូមិ​គ្រិះ​ដែល​លោក​កំពុង​ស្នាក់​នៅ​រាល់ថ្ងៃ ដែល​ម្តាយ​របស់​លោក​បាន​យក​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​កា​ណា​ឌី​យ៉ា​រួម​ជាមួយ​ដី​កេរ​សរុប​៤​កន្លែង ។ ដើមចម​ក្នុង​សម្រង​សាលក្រម​នោះ​បាន​បញ្ជាក់​ថា ដើមចោទ​គឺ​អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា តំណាង​ដោយ​លោក ប៉ែន រ​ដ្ឋា ជា​ប្រធាន​ផ្នែក​នីតិកម្ម​នៃ​ធនាគារ និង​ចុង​ចម្លើយ​គឺ​ឈ្មោះ ឡុ​ង សា​ខន ជា​ម្តាយ​របស់​លោក ។

អង្គហេតុ និង​ចំណុច​វិវាទ គឺ​ដើមចោទ​បាន​ប្តឹង​សុំ​ឲ្យ​តុលាការ​ចេញ​សាលក្រម​ដែល​មាន​ខ្លឹមសារ​៖ ទាមទារ​បំណុល​ប្រាក់​ដើម​ចំនួន​៦​លាន​ដុល្លារ​អា​មេ​រិ​ក (​បូក​និង​ការ​ប្រាក់ ប្រាក់​ពិន័យ សរុប​ជាង​១៥​លាន​ដុល្លារ​អា​មេ​រិ​ក​) ។ ទាមទារ​ការ​ប្រាក់ និង​ការ​ប្រាក់​ពិន័យ ២៦.៤​ភាគរយ​ក្នុង​១​ឆ្នាំ (​ការ​ប្រាក់​ធម្មតា ១៣.២​ភាគរយ ការ​ប្រាក់​ពិន័យ ១៣.២​ភាគរយ​)​លើ​ប្រាក់​ដើម​ចំនួន​៦​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ និង គិត​ចាប់ពី​ថ្ងៃ​ទី​៩ មីនា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​សង​រួច​គ្រប់​ចំនួន ។ បើ​គ្មាន​ប្រាក់​សងបំណុល សុំ​រឹបអូស​ទ្រព្យសម្បតិ្ត​ដាក់បញ្ចាំ និង​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​របស់​ឈ្មោះ ឡុ​ង សា​ខន និង ឈ្មោះ ស៊ិ​ន សុ​ថា​វី (​កូន​)​លក់​ឡាយឡុង​សងបំណុល សុំ​ឲ្យ​តុលាការ​ចេញ​សាលក្រម​មាន​អានុភាព​អនុវត្ត​ជា​បណ្តោះអាសន្ន ។

អំពី​រឿង​ក្តី​នេះ​បាន​អះអាង​ថា កាលពី​ថ្ងៃ​ទី​៧ មីនា ២០១២ ចុង​ចម្លើយ​ជា​កូនបំណុល​បាន​ចុះ​កិច្ចសន្យាខ្ចី​ចងការ​ប្រាក់​(​រយៈពេល​១២​ខែ​) ពី​ធនាគារ​កា​ណា​ឌី​យ៉ា នូវ​ទឹកប្រាក់​ចំនួន​៦​លាន​ដុល្លារ​អា​មេ​រិ​ក តាម​អត្រា​ការ​ប្រាក់​១៣.២​ភាគរយ ប្រចាំឆ្នាំ ដោយ​បាន​ដាក់បញ្ចាំ​អចលនទ្រព្យ​មួយ​ចំនួន​ដូច​មាន​រៀបរាប់​ក្នុង​ពាក្យបណ្តឹង​រួច​ទៅ​ហើយ ។ រហូត​ដល់​សព្វ​ថ្ងៃនេះ ឈ្មោះ ឡុ​ង សា​ខន និង​ឈ្មោះ ឡុ​ង សុ​ថា​វី ពុំ​បាន​សង​ទាំង​ដើម និង​ការ​ប្រាក់​គ្រប់​ចំនួន​តាម​កាលកំណត់​មក​ឲ្យ​ធនាគារ​ឡើយ ។ ចំណុច​វិវាទ គឺ​ភាគី​ចុង​ចម្លើយ​អវត្តមាន​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី បើ​និយាយ​ពី​អង្គហេតុ និង​អង្គច្បាប់ ពិតជា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​ត្រង់​ថា ផ្ទះ​ដែល​កំពុង​រស់នៅ​ជាមួយ​គ្នា និង​ជា​ភូមិ​គ្រឹះ​កេរដំណែល​ពី​ឪពុក (​ស៊ិ​ន សុង​) បែរជា​ម្តាយ និង​កូន​ម្នាក់​ឃុបឃិត​គ្នា​យក​ភូមិ​គ្រិះ​នោះ​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​ដែល​ខ្លួន​លោក​មិន​បានដឹង ។

លោក ស៊ិ​ន វិសាល បន្ត​ថា លោក​មិន​ជំទាស់​ផ្លូវច្បាប់​ទេ ប៉ុន្តែ​ក្នុង​នាមរូប​លោក​ជា​កូនប្រុស​បង្កើត​ម្នាក់ យ៉ាង​ហោច​ណាស់​ក៏​មាន​កេរ​មរតក​ពី​ឪពុក​ម្តាយ​មួយ​ចំណែក នៃ​ភូមិ​គ្រិះ​នេះ​ដែរ មិន​ដែល​រស់នៅ​សុខ​ៗ​ស្រាប់តែ​មាន​ដីកា​បណ្តេញចេញ​បែប​នេះ​សោះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​លោក ស៊ិ​ន វិសាល បញ្ជាក់​ជំហរ​ថា ទោះបី​រឿង​នេះ​ធ្លាក់​ដល់​កម្រិត​ណា​ក៏​ដោយ​ចុះ លោក​ទទូច​សុំ​ទៅ​អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា មេត្តា​ជួយ​គិតគូរ​និង​ពិចារណា​ថ្លឹងថ្លែង​ឡើង​វិញ ដែល​ក្នុង​ដំណាក់កាល​ដំបូង​នេះ​លោក​សុំ​សង​ប្រាក់​ដើម​ចំនួន​៦​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ធនាគារ ដើម្បី​បញ្ចប់​ការ​រឹបអូស​ផ្ទះសម្បែង​ដែល​លោក​កំពុង​ស្នាក់​នៅ​សព្វ​ថ្ងៃនេះ ។ បន្តបន្ទាប់​ទៅ​ទៀត​លោក​ក៏​នៅ​តែ​ព្យាយាម​រក​ដំណោះស្រាយ​លើ​ប្រាក់​ការ និង​ប្រាក់​ពិន័យ ដែល​ម្តាយ​លួច​ដាក់បញ្ចាំ​ភូមិ​គ្រឹះ​ទៅ​ធនាគារ​នោះ​ដែរ មិន មែន ​ដោះស្រាយ​តែ​ប្រាក់​ដើម​បំណុល​នោះ​ទេ ។

លោក ស៊ិ​ន វិសាល ក៏​បាន​អំពាវនាវ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​អ្នក​ច្បាប់​ចាស់ទុំ​ទាំងឡាយ​ដែល​ស្គាល់​ក្រុម​គ្រួសារ​របស់​លោក មេត្តា​សូម​ជួយ​សម្របសម្រួល​បញ្ចប់រឿង​ទំនាស់​កេរ​មរតក និង​បំណុល​ធនាគារ​ដែល​លោក​ម្តាយ ឡុ​ង សា​ខន លួច​យក​ទៅ​ដាក់បញ្ចាំ​នោះ​ផង ។តាម​ប្រភព​អ្នក​ស្និទ្ធស្នាល​ជាមួយនឹង​ក្រុម​គ្រួសារ​លោក ស៊ិ​ន សុង ម្នាក់​ដែល​ឈរ​កាន់​បដា​ប្រាប់​កោះសន្តិភាព​ថា កាលពីដើម​ឡើយ​លោកស្រី ឡុ​ង សា​ខន ជា​ស្រី្ត​មេម៉ាយ​មានកូន​ប្រុស ស្រី​ចំនួន​៣​នាក់​រួច​មក​ហើយ ។

លុះដល់​ឆ្នាំ ១៩៧៩ ទើប​លោកស្រី​មក​រៀប​ការ ជាមួយនឹង​លោក ស៊ិ​ន សុង និង​មានកូន​ចំនួន ២​នាក់​ទៀត​គឺ​លោក ស៊ិ​ន វិសាល និង​លោកស្រី ស៊ិ​ន ពិសី សរុប​៥​នាក់ ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​កន្លង​មក​លោកស្រី ឡុ​ង សា​ខន បាន​ឃុបឃិត​គ្នា​ជាមួយ​កូនដើម​របស់​គាត់​បាន​យក​ប្លង់​ដី​របស់​ក្រុម​គ្រួសារ​ចំនួន​៤​កន្លែង ដោយ​មា​នទី​តាំងទី​១-​ដី​ថ្នូរ​សព​របស់​លោក ស៊ិ​ន សុង នៅ​កៀនស្វាយ ។ ទី​២-​ដី​នៅ​កំពង់សោម ។ ទី​៣-​ដី​នៅ​ខេត្តកំពត ។ ទី​៤-​គឺ​ប្លង់​ដី​ផ្ទះ ដែល​កូនប្រុស​របស់​គាត់​ម្នាក់​កំពុង​តែ​រស់នៅ​នេះ​តែ​ម្តង ។ ដោយ​បាន​យក​ទៅ​បញ្ចាំ​នៅ​ធនាគារ​កា​ណា​ឌី​យ៉ា ចំនួន​៦​លាន​ដុល្លារ ។ ដោយ​មិន​ចង់ឱ្យ​បាត់បង់​នូវ​កេរដំណែល​ឪពុក និង​ក្រុម​គ្រួសារ​នោះ លោក ស៊ិ​ន វិសាល ដែល​ជា​កូនប្រុស​របស់​លោក ស៊ិ​ន សុង ក៏​យល់ព្រម​ចេញ​មុខ​សង​ដើម​៦​លាន​ដុល្លារ​សិន និង​សុំ​សង​បន្តបន្ទាប់​ទៀត ។

តាម​ប្រភព​ដដែល​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា បើ​ទោះបីជា​លោក ស៊ិ​ន វិសាល យល់ព្រម​រក​ដំណោះ ស្រាយ​ដោយ​សុខចិត្ត​សង​យ៉ាងណា​ក៏​ខាង​ធនាគារ​កា​ណា​ឌី​យ៉ា មិន​យល់​ស្រប​តាម​ដែរ មាន​ផែនការ​តែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​រឹបអូស​យក​អចលនទ្រព្យ​ដែល​បាន​ដាក់បញ្ចាំ​ទាំង​អស់នោះ​តែ​ម្តង ។ ចំណែក​លោក ស៊ិ​ន វិសាល ដោយ​មិន​ចង់ឱ្យ​បាត់បង់​នូវ​កេរដំណែល​របស់​ក្រុម​គ្រួសារ​នោះ ទើប​លោក ក្នុង​នាម​ជា​កូនប្រុស​បង្កើត​ម្នាក់​ដែរ សុំ​អំពាវនាវ​ទៅ​ដល់​លោក ពុង ឃាវ​សែ អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា មេត្តា​យល់យោគ​ទទួលយក​ដំណោះស្រាយ​មួយ​នេះ​ផង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ