សូមសាធុជនពិចារណាអំពីផ្លូវដ៏គ្រោះថ្នាក់ដែលកើតចេញពីសេចក្តីក្រោធឱ្យឃើញថា អ្នកខឹងក្រោធច្រើនគឺសាងទុក្ខឲ្យខ្លួនឯង ។
១-អ្នកទោសៈច្រើនជាផ្លូវឡើងទៅរកគ្រោះថ្នាក់ បើយើងដឹងថាពួកអ្នកក្រោធទាំងឡាយ ឡើងទៅកាន់ផ្លូវគ្រោះថ្នាក់ ផ្លូវមរណៈហើយនោះ ហេតុអ្វីយើងត្រូវទៅតាមផ្លូវនោះដែរ ឬមួយយើងមិនដឹងថា សេចក្ដីក្រោធជាផ្លូវនៃសេចក្ដីវិនាសអន្តរាយទេ ។
២-ទោសៈហ្នឹងហើយជាចំណុចខ្សោយរបស់យើង កាលបើអ្នកដទៃចង់បៀតបៀនយើង គេប្រើនូវល្បិចកលផ្សេងៗដើម្បីឲ្យយើងខឹងក្រោធ ដូច្នេះការខឹងក្រោធវាជាចំណុចខ្សោយមួយរបស់យើង ដែលធ្វើឲ្យបំណងរបស់គេបានសម្រេច។
៣-សេចក្តីក្រោធជាអាវុធប្រហារផ្លូវចិត្តខ្លួនឯង។ ខឹងក្រោធបើកាលណាកើតឡើងពេញបន្ទុកហើយ វាបានប្រហារ បានបៀតបៀន បានដុតរោលដល់សន្ដានចិត្តរបស់យើងខ្លួនឯងឱ្យក្តៅអន្ទះអន្ទែង ឱ្យដល់នូវក្តីអន្តរាយណាមួយជាក់ជាពុំខាន។ ត្រង់នេះលោកឱ្យយកធម៌មេត្តាមករំលត់ទុក្ខ គឺសូមកុំភ្លេចមេត្តាដល់ខ្លួនឯងឲ្យសោះ កុំដុតចិត្តខ្លួនឯងដោយសេចក្ដីក្រោធឡើយ ។
៤-ធ្វើអំពើព្រៃផ្សៃដល់ខ្លួនឯងក៏ព្រោះសេចក្ដីក្រោធ។ យើងកើតទុក្ខមិនសុខចិត្ត ដោយគិតថា គេបានធ្វើអំពើព្រៃផ្សៃរំលោភបំពានមកលើយើង ចុះចំណែកខ្លួនយើងដែលដុតចិត្តខ្លួនឯង ឲ្យក្ដៅរោលរាល និងដុតបំផ្លាញនូវគុណធម៌ផ្សេងៗទៀតជាច្រើនរបស់ខ្លួននោះ តើវាព្រៃផ្សៃប៉ុនណាដែរទៅ?
៥-សេចក្ដីក្រោធជាសស្ត្រាវុធដ៏មុតស្រួចកាត់ផ្តាច់ឫសគល់នៃអំពើជាកុសលទាំងឡាយរបស់ខ្លួន ។ សេចក្ដីក្រោធធ្វើឲ្យយើងវិនាសនូវសេចក្តីបរិសុទ្ធគ្រប់យ៉ាង មានកុសលទានជាដើម កាលបើយើងបណ្តោយឱ្យសេចក្ដីក្រោធកើតឡើង តើយើងហ្នឹងល្ងង់ប៉ុនណាទៅ?
៦-គួរឲ្យតិះដៀលខ្លួនឯងណាស់ នៅពេលដែលយើងខឹង។ តាមធម្មតាយើងស្រលាញ់ខ្លួនឯងខ្លាំងណាស់ តែដល់ពេលខឹងក្រោធយើងខ្លួនឯងហ្នឹងជាមនុស្សល្ងង់ដល់ថ្នាក់បៀតបៀនខ្លួនឯងទៅវិញ ។
បើសាធុជនណាបានពិចារណានូវគោលធម៌ទាំង៦ចំណុចនេះ សាធុជននោះនឹងបានជាគតិដ៏ល្អ និងអាចរម្ងាប់សេចក្តីក្រោធបាន ។
ចែករំលែកព័តមាននេះ