រាជធានីភ្នំពេញ ៖ ក្មេងទំនើងពីរក្រុមទំនេរអត់ការងារធ្វើជិះម៉ូតូដើរលេងពេលយប់ជែងឌឺដងដាក់គ្នារហូតឈានដល់ការបើកឆាកប្រយុទ្ធវាយតប់គ្នា តាមដងផ្លូវបែកក្បាលម្នាក់បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវ និងសមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី១៧ តុលានេះ នៅតាមបណ្ដោយផ្លូវ២៧១ ទល់មុខនឹងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ភាគីខាងជនរងគ្រោះទាំង២នាក់មានឈ្មោះ វី វឌ្ឍនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ជាម្ចាស់ម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1GP- 4588 និងជាអ្នកបើកបរម៉ូតូ និងឈ្មោះ ម៉ី សិលា ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សផ្នែកជាងភ្លើង ស្នាក់នៅផ្សារឈូកមាស ខណ្ឌសែនសុខ ។
ចំណែកក្រុមជនបង្កទី១ឈ្មោះថា ឡេ អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកទ័ល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1HD- 8481ជាអ្នកបើកបរម៉ូតូ និងទី២ឈ្មោះ ម៉េង ពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិព្រែកទ័ល ជាអង្គុយពីក្រោយ ។
បើតាមប្រភពព័ត៌មានពីភាគីខាងរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គឺពួកគេបានជិះម៉ូតូដើរលេងតាមផ្លូវ២៧១ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសមបើកជែងគេ ជ្រែចុះជ្រែឡើងពេញផ្លូវ តែមិនបានប៉ះពាល់ដល់អ្នកណាទេ ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខជនបង្កទាំង២នាក់ ជិះម៉ូតូមកតាមពីក្រោយ ម៉ូតូគាត់មកដល់គៀកគ្នា ស្រាប់តែជនបង្កដែលអង្គុយពីក្រោយឈ្មោះម៉េង ពៅ បានយកមួកការពារវាយលើពួកគាត់ បណ្តាលឲ្យដួលម៉ូតូទាំងពីរគ្រឿង ហើយឈ្មោះថាឡេបានរើសយកមួកការពារដដែលនោះមកវាយលើឈ្មោះ វី វឌ្ឍនា បន្ថែមទៀតបណ្តាលឲ្យបែកថ្ងាសចេញឈាមភ្លាមៗនោះពួកគេបានតដៃក៏បង្កើតជាការប្រតាយប្រតប់គ្នាពេញដងផ្លូវតែម្ដង ។
បើតាមចម្លើយភាគីជនបង្កបាននិយាយប្រាប់អោយដឹងថា ពួកគេពិតជាបានវាយទៅលើខាងជនរងគ្រោះពិតមែន ដោយសារតែពួកគេជិះម៉ូតូលក្ខណៈឌឺដងដាក់ខ្លួន ហើយមុនឈានដល់ការវាយតប់គ្នានោះ គឺរូបគេកំពុងជិះម៉ូតូដើរលេងស្របទិសជាមួយជនរងគ្រោះដោយជនរងគ្រោះបានជិះម៉ូតូជែងពួកគេ ហើយឌឺឲ្យពួកគេទៀតភ្លាមនោះពួកគេបានស្រែកឲ្យក៏ត្រូវជនរងគ្រោះបានបក់ដៃឲ្យដេញមក ហើយពួកគេបានជិះម៉ូតូតាមដើម្បីសួរនាំក៏ទាក់សម្តីគ្នារហូតឈានដល់ការវាយបគ្នាតែម្តង ។
ភ្លាមៗពេលកើតហេតុក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនពួកគេទាំងអស់គ្នាតែម្ដងទៅ ។ ក្រោយកើតហេតុភាគីក្មេងទំនើងទាំងពីរក្រុមត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ២ ឃាត់ខ្លួនយកទៅដោះស្រាយគ្នា នឹងអប់រំធ្វើការណែនាំ ហើយខាងភាគីជនបង្កក៏បានសុំទោសទៅកាន់ភាគីខាងរងគ្រោះ ដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ