រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់កាលពីថ្ងៃទី៧ តុលា មុននេះបានធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកីឡាករដែលឡើងប៉ះគ្នា សុទ្ធតែជាសិស្សរបស់កីឡាករល្បីឈ្មោះ ដែលភាគីម្ខាងៗមានជំនឿចិត្តរៀងខ្លួន ប៉ុន្តែនៅពេលប៉ះគ្នាលទ្ធផលស្ដែងឡើងមិនគួរអោយជឿ ដោយសារតែប្រកួតតែមួយនាទីក្នុងទឹកទី១សោះ កូនសិស្សរបស់កីឡាករ បឺត សំខាន់ សន្លប់ភីងដោយសារតែកូនសិស្ស អេ ភូថង ប្រើស្នៀតនាគវ័ធកន្ទុយ ។
មួយគូនេះថ្មីពិត តែអ្នកគាំទ្រសុទ្ធតែចាប់អារម្មណ៍ ដ្បិតថាលទ្ធផលបញ្ចប់លឿនស្លេវ ធ្វើអោយគេមើលមិនដឹងពីសមត្ថភាពអ្នកចាញ់ ។ ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ គ្រាន់តែមានការប្រកាសអោយដឹងពីឈ្មោះក្លិប ម្នាក់ៗមានការចាប់អារម្មណ៍ចំពោះមួយគូនេះតែម្ដង ដោយសារតែគេដឹងថាជាសិស្សរបស់គ្រូគុនខ្លាំងៗ និងល្បីៗ២រូបប៉ះគ្នា ។
កីឡាករ ខាំ សុរិយា មកពីក្លិបរ៉ាហាប់ស្វាយប៉ាក បង្គោលខៀវត្រូវគេស្គាល់ថាជាកូនសិស្សរបស់កីឡាករ បឺត សំខាន់ ហើយកីឡាករ ផាត់ សូដា មកពីក្លិបអេភូថងកីឡា ត្រូវគេស្គាល់ថាជាសិស្សរបស់កីឡាករ អេ ភូថង ដ៏ល្បីឈ្មោះ ។
ក្លិបទាំងពីររមែងបង្អួតសមត្ថភាពរបស់សិស្សខ្លួន ខណៈដែលកីឡាករដែលបានទទួលការបង្វឹកនៅក្នុងក្លិបទាំងពីរក៏មានសមត្ថភាពមិនធម្មតានាពេលកន្លងមក ។ គ្រាន់តែឡើងរេញថ្វាយបង្គំគ្រូភ្លាម កីឡាករទាំងពីរត្រូវបានអ្នកគាំទ្រទះដៃជាមុនបាត់ទៅហើយ ដោយសារតែកីឡាករម្ខាងគុនគ្រូបង្អួតសាច់ដុំគ្នារបៀបកំប្លែងៗ ហើយឌឺដងគ្នា ។
យ៉ាងណាមិញ ការប្រកួតត្រូវបានបញ្ចប់មិនដល់១នាទីក្រោយវាយជួងនោះទេ ដោយសារតែកីឡាករបង្គោលក្រហម កូនសិស្សរបស់ អេ ភូថង ប្រើស្នៀងនាគវ័ធកន្ទុយ ហើយត្រូវកញ្ចឹង.ក របស់កូនសិស្សបឺត សំខាន់ អោយដួលខ្ពក ឈានដល់ការសន្លប់ ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា មួយគូនេះ នឹងអោយប៉ះគ្នាជាថ្មីម្ដងទៀត ដើម្បីអោយដឹងថាបើកូនសិស្សលោក អេ ភូថង និង បឺត សំខាន់ ប្រកួតគ្នាម្ដងទៀត តើអ្នកណានឹងឈ្នះ ។ កីឡាករបង្គោលក្រហមក្រៅពីបានទទួលការសរសើរ ក៏បានប្រាក់រង្វាន់មិនតិចនោះដែរ ពីការប្រើស្នៀតពិសេសមួយនេះ ធ្វើអោយគូប្រកួតសន្លប់ ហើយបោះបង់ការប្រកួតតាមការចង់បាន ៕
ចែករំលែកព័តមាននេះ