រាជធានីភ្នំពេញ ៖ នារីវយ័ក្មេងម្នាក់សង្ស័យមានវិបត្តិស្នេហា ឬវិបត្តិគ្រួសារបានសម្រេចចិត្តជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌លឿង មួយគ្រឿង ទៅលោតទឹកពីលើស្ពានព្រះមុនីវង្សថ្មីបាត់ស្រមោលតែម្តង ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២និង៣៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅលើស្ពានព្រះមុនីវង្សថ្មី សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
តាមសម្តីអ្នកឃើញហេតុការណ៍ឱ្យដឹងថា មុនកើតហេតុ ពួកគាត់ជិះម៉ូតូឆ្លងកាត់ស្ពានព្រះមុនីវង្សថ្មីនេះ ខណៈមកដល់ពាក់កណ្ដាលស្ពាន ស្រាប់តែមាននារីម្នាក់វ័យជាង២០ឆ្នាំជិះម៉ូតូម៉ាក ហុងដា ឃ្លីក ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1AG 9286 មកឈប់នៅលើស្ពានព្រះមុនីវង្សថ្មី ហើយនារីរូបនោះចុះពីលើម៉ូតូក៏លោតចុះទឹកបាត់ខ្លួនតែម្តង។
បន្តិចក្រោយមក ដំណឹងនេះបានលឺដល់សមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុរកឃើញតេស្បែកជើងមនុស្សស្រីមួយគូរ ថ្នាំពេទ្យចំនួន២ប្រអប់ និងម៉ូតូមួយគ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលច្បារអំពៅ១ ដើម្បីស្វែងរកសាច់ញាតិបងប្អូនមកទទួលយកវិញ ។
ខណៈពេលដែលសមត្ថកិច្ចយកម៉ូតូទៅរក្សាទុកបានប្រមាណ២០នាទី ស្រាប់តែមានស្ត្រី២នាក់ជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿងទៅកន្លែងកើតហេតុ ហើយបានសួរនាំថា តើមានឃើញនារីម្នាក់បានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌លឿង មកកន្លែងនេះអត់ ។ លុះពេលនោះដែរ អ្នកសារព័ត៌មានបានបង្ហាញរូបភាពម៉ូតូ និងស្លាកលេខ ឱ្យស្ត្រី២នាក់ដែលត្រូវជាសាច់ញាតិមើលថា ពិតម៉ូតូជារបស់ប្អូនគាត់ពិតប្រាកដ ហើយក៏នាំគ្នាជិះម៉ូតូចេញទៅបាត់ ដោយមិនបានប្រាប់ថា មានរឿងអ្វីនោះទេ ។
ជុំវិញករណីខាងលើនេះ អ្នកឃើញហេតុការណ៍ ក៏ដូចជាសមត្ថកិច្ចបានសន្និដ្ឋានថា សង្ស័យនារីវ័យក្មេងខាងលើ មានវិបត្តិស្នេហា ឬវិបត្តិគ្រួសារ ទើបសម្រេចបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួនបែបនេះ ៕
ចែករំលែកព័តមាននេះ