តើមានដំណើររឿងដូចម្តេចបានជាស្ត្រីម្នាក់នេះប្រឹងធ្វើបុណ្យសន្សំកុសលប្រាថ្នាតែម្យ៉ាងគឺទៅជួបប្តីដើម ?
នៅក្នុងគម្ពីរធម្មបទដ្ឋកថាមានសម្តែងថា កាលនោះមានទេវបុត្រមួយអង្គនាមមាលាភារី នាំពួកស្ត្រីទេពអប្សរបវរកញ្ញាមួយពាន់អង្គទៅក្រសាលនៅក្នុងឧទ្យាននាឋានតាវតឹង្ស។ កញ្ញាអប្សរ៥រយអង្គជាអ្នកឡើងបេះផ្កា ឯ៥រយអង្គទៀតជាអ្នករើសយកមកប្រដាប់ឲ្យទេវបុត្រ ។ ពួកអប្សរដែលឡើងបេះផ្កាទាំងនោះ មានទេពអប្សមួយអង្គរអិលធ្លាក់ចុះមករលត់ជីវិតដូចអណ្តែតប្រទីបត្រសែតនៅលើអាកាស។ វិញ្ញាណនាងអណ្តែតត្រសែតរេរកភពថ្មី បានមកកើតក្នុងត្រកូលមួយនាក្រុងសាវត្ថី ជាស្ត្រីរលឹកឃើញជាតិ។ ចាប់តាំងពីកើតមកហើយនឹករឿយៗថា អញជាភរិយានៃមាលាភារីទេវបុត្រ លុះដឹងក្តីចម្រើនវ័យកាលណា តែងធ្វើបុណ្យទាន បូជាដោយផ្កា និងគ្រឿងក្រអូបជាដើម ប្រាថ្នាឲ្យកើតក្នុងសំណាក់អតីតប្តីមាលាភារីទេវបុត្រវិញ ។
លុះនាងមានអាយុ១៦ឆ្នាំ មាតាបិតាបានឲ្យនាងមានប្តី នាងតែងចាត់ចែងទានផ្សេងៗ មានភត្តាហារ និងសាដកចាំវស្សាជាដើមប្រគេនដល់ព្រះភិក្ខុសង្ស ហើយតែងសច្ចាប្រាថ្នាថា សូមចំណែកបុណ្យនេះបានជាបច្ច័យនៃការកើតក្នុងសំណាក់អតីតប្តីរបស់ខ្ញុំ។ ភិក្ខុទាំងឡាយក៏កំណត់នាមឲ្យនាងនោះថា បតិបូជិកា ព្រោះនាងធ្វើបុណ្យកុសលអ្វីៗ តែងប្រាថ្នាទៅជួបនឹងប្តីដើមជានិច្ច ។
នាងបតិបូជិកាតែងបោសសំអាតអាសនសាលា ដងទឹកមកតម្កល់ទុកនិងក្រាលអាសនៈជានិច្ច សម្រាប់ព្រះភិក្ខុសង្ឃទាំងឡាយដោយចិត្តត្រេកអរ ព្រោះការដើរទៅមក ជួយចាត់ចែងទាននេះ តែងបានអានិសង្សរាល់ៗជំហាន ។
នាងបតិបូជិកាមានកូន៤នាក់ នាងតែងឲ្យទាន ស្តាប់ធម៌ទេសនា រក្សាសិក្ខាបទតាមប្រក្រតីរហូតដល់ជីវិតចុងក្រោយ ស្លាប់ទៅបានទៅកើតក្នុងសំណាក់មាលាភារីទេវបុត្រជាប្តីរបស់នាងនៅនាឋានតាវតឹង្សដូចក្តីបំណងមែន ។
ចំណែកទេវបុត្រឃើញនាងទៅកើតដូចដើមវិញ ក៏ពោលសួរថា តាំងពីព្រឹករហូតទល់ល្ងាច ម្តេចក៏មិនឃើញនាងសោះ តើនាងទៅណា? បពិត្រលោកម្ចាស់ ខ្ញុំច្យុតចាកឋានទេវលោកនេះ ។
ច្យុតទៅកើតនៅទីឋានណា? ទៅកើតក្នុងត្រកូលមួយនាក្រុងសាវត្ថី ។ ទៅកើតនៅទីនោះអស់កាលប៉ុន្មាន? តាំងពីខ្ញុំចុះចាប់បដិសន្ធិគម្រប់១០ខែ ក៏ប្រសូត ដល់អាយុ១៦ឆ្នាំមាតាបិតាខ្ញុំលោកឲ្យមានប្តីខ្ញុំទៅនៅរួមរស់ជាមួយប្តីបានកូន៤ ហើយតែងធ្វើបុណ្យឲ្យទាន ប្រាថ្នាឲ្យមកកើតក្នុងសំណាក់លោកម្ចាស់វិញ។
មនុស្សទាំងឡាយមានអាយុប៉ុន្មានឆ្នាំ? ត្រឹមតែមួយរយ ឆ្នាំប៉ុណ្ណោះយ៉ាងច្រើន ។ មនុស្សទាំងឡាយមានអាយុមួយឆ្នាំនេះ សុទ្ធតែជាអ្នកដេកលក់ដោយសេចក្តីប្រមាទ ឬក៏មានធ្វើបុណ្យទានអ្វីដែរ? មនុស្សស្ទើរតែទាំងអស់សុទ្ធតែមានសេចក្តីប្រមាទ ព្រោះប្រកាន់ថា អាយុមួយរយនេះហាក់ដូចជាមួយអសង្ខេយ្យ ហាក់ដូចជាមិនចេះចាស់មិនចេះស្លាប់អ៊ីចឹង ។
គ្រាន់តែឮសម្តីនាងបតិបូជិកាបែបនេះ មាលាភារីទេវបុត្រមានសេចក្តីសង្វេគកើតឡើងក្នុងចិត្តភ្លាម លាន់វាចាថា ឱហ្ន៎! មនុស្សទាំងឡាយសុទ្ធសឹងតែជាអ្នកលិចលង់ក្នុងការប្រមាទ តើកាលណាទើបរួចផុតពីសេចក្តីទុក្ខ ។
ចែករំលែកព័តមាននេះ