រាជធានីភ្នំពេញ ៖ ពីរនាក់បងប្អូនជិះម៉ូតូត្រឡប់មកពីធ្វើការ ដែលជិតមកដល់ផ្ទះត្រូវក្រុមជនសង្ស័យវាយប្លន់យកម៉ូតូហុងដាឌ្រីមបានសម្រេច កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ហម ចាន់ដៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ម៉ូតូដែលជនសង្ស័យប្លន់យកម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ បិទស្កុតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1GV-3927 ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់ និងប្អូនប្រុសរបស់គាត់បានត្រឡប់មកពីធ្វើការនៅម្ដុំជិតវត្តព្រៃស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្រាប់តែមានជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងម៉ាកហុងដាឌ្រីមចំនួន២គ្រឿង និងម៉ាក ZomereX ចំនួន១គ្រឿងបានជិះម៉ូតូដេញតាមពីក្រោយជនរងគ្រោះ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូជនសង្ស័យមួយគ្រឿងបានបើកកាក់ពីមុខជនរងគ្រោះ បន្ទាប់មកបានយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះទាំង២នាក់ ហើយជនរងគ្រោះបានផ្តួលម៉ូតូហើយរត់ ហើយត្រូវជនសង្ស័យតាមដេញវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកក្បាលទាំង២នាក់ បន្ទាប់មកជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះទៅបាត់ ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោកដើម្បីឲ្យសមត្ថកិច្ចស៊ើបអង្កេតរកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ