ខេត្តស្ទឹងត្រែង ៖ ការឃាត់រថយន្តយីឌុបចំនួន៣គ្រឿង ចេញពីក្រុមហ៊ុន កែវ វុទ្ធី នោះអាចសង្ស័យមានអ្វីផ្សេងក្រៅពីឈើម៉ៃសាក់ ហើយប្រសិនពិនិត្យឃើញថា ក្រុមហ៊ុនធ្វើការដឹកជញ្ជូនផលអនុផលព្រៃឈើមានលិខិតបែបបទត្រឹមត្រូវ និងពុំមានបង្កប់អ្វីផ្សេង និងអនុញ្ញាតិបន្តដំណើរទៅមុខទៀត នេះបើតាមការឲ្យដឹងព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង នាថ្ងៃទី២៦ កញ្ញា ២០១៨ ។
ប្រភពព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី២៥ កញ្ញា ២០១៨ កម្លាំងនគរបាលដឹកនាំដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែងបានឃាត់រថយន្តយីឌុបចំនួន៣គ្រឿង ចេញពីក្រុមហ៊ុន កែវ វុទ្ធី ស្ថិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង នាំមកដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងព្រលប់ដដែល ក្រោយសង្ស័យការដឹកជញ្ជូនទំនិញខុសប្រក្រតី ។ ប្រភពព័ត៌មានដដែលបន្តថា ក្រុមហ៊ុនកែវ វុទ្ធី វិនិយោគដាំដើមម៉ៃសាក់ តែមិនដឹងមានសិទ្ធិវិនិយោគដាំដុះអ្វីក្រៅពីនោះ ព្រោះមានច្រើនមុខហើយទំហំផ្ទៃដីទាល់តែមើលឯកសារ នេះតាមការបង្ហើបពីមន្ត្រីរដ្ឋបាលព្រៃឈើ ។
ទាក់ទិនការឃាត់រថយន្តយីឌុបខាងលើលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង លោកបានបញ្ជាក់ប្រាប់កោះសន្តិភាព កាលពីព្រឹកថ្ងៃទី២៦ កញ្ញា ២០១៨ថា ការឃាត់រថយន្តបណ្តោះអាសន្ននោះ ដើម្បីត្រួតពិនិត្យលើលិខិតដឹកជញ្ជូន និងអាចសង្ស័យមានអ្វីក្រៅពីឈើម៉ៃសាក់ តែបើការដឹកជញ្ជូននោះមានភាពត្រឹមត្រូវ និងពុំមានបង្កប់អ្វីផ្សេងក្រៅពីឈើម៉ៃសាក់នោះ យើងនឹងអនុញ្ញាតឲ្យគាត់បន្តដំណើរបាន ។
លោកលៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ការឃាត់រថយន្តខាងលើនោះមិនដឹងថា គេយល់យ៉ាងណាទេ ទើបមិនឆ្លងជំនាញបែបនេះ ។ លោកបន្តថា ឈើប្រភេទម៉ៃសាក់នោះជាប្រភេទព្រៃឈើស្រុកដែលមានការដាំដុះ និងថែទាំ ហើយរដ្ឋាភិបាលបានលើកទឹកចិត្តប្រជាពលរដ្ឋឲ្យដាំដុះ និងមិនយកពន្ធថែមទៀតផង ។
លោកវ៉ា សុផាន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងឲ្យដឹងថា ការឃាត់រថយន្តយីឌុបខាងលើ គឺកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើឡើងតាមការស្នើពីព្រះរាជអាជ្ញារង នៅចំណុចអូរស្វាយលើកំណាត់ផ្លូវជាតិលេខ៧៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។ លោកបន្តថា ក្រោយការឃាត់រថយន្តខាងលើ កម្លាំងនគរបាលបាននាំមកស្នងការដ្ឋាននៅព្រលប់ថ្ងៃដដែល ។ ពាក់ព័ន្ធក្នុងករណីនេះដែរ លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលស្តីទីខេត្តស្ទឹងត្រែងបានបញ្ជាក់នៅរសៀលថ្ងៃទី២៦ កញ្ញានេះថា ឈើរថយន្តខាងលើដំណាងក្រុមហ៊ុនកំពុងរថយន្តលិខិតស្នាម ។
លោកបន្តថា ឈើម៉ៃសាក់នោះ គឺមិនខុសច្បាប់នោះទេព្រោះជាប្រភេទឈើដាំក្នុងស្រុក ហើយរដ្ឋាភិបាលបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដាំដុះ ដើម្បីស្តាគម្របព្រៃបៃតងវិញដែរ និងថែមទាំងមិនឲ្យមានការបង់ពន្ធចូលរដ្ឋផងដែរ ហើយការឃាត់រថយន្តទាំងនោះយើងមិនអាចបកស្រាយបានទេ អាចមានហេតុផលអ្វីផ្សេងក៏ថាបាន ។
ទាក់ទិនករណីខាងលើគេកំពុងឆ្ងល់ថា ប្រសិនឈើទាំងនោះស្របច្បាប់ហេតុអ្វីរៀបចំដាក់រថយន្តចរាចរលើដងផ្លូវ ហើយ ក្រោយការឃាត់ទើតំណាងក្រុមក្រុមហ៊ុនរត់រកឯកសារតាមក្រោយ ចុះអះអាងរត់ឯកសារដល់ថ្នាក់លើយូរមកហើយ ម៉េចមិនបង្ហាញ លុះការឃាត់ទើបខ្នះដៃខ្នះជើងបែបនេះទៅវិញ។ រឿងរាវចម្រូងសម្រាស់លើនីតិវិធីដែលមានហេតុផលផ្សេងគ្នាខាងលើ គេរង់ចាំក្រោយពិនិត្យថា តើលើរថយន្តនោះមានអ្វីផ្សេងក្រៅពីឈើប្រភេទម៉ៃសាក់នោះដែរទេ ៕
ចែករំលែកព័តមាននេះ