ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមការងារសាខាដឹកនាំដោយលោកជំទាវពៅ សុភាព
ហេរញ្ញឹកគណៈកម្មាធិការសាខាទៅសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះចំនួន២គ្រួសារ។
គ្រួសារទី១-ឈ្មោះសេក សាភឿន ជាស្ត្រីមេម៉ាយនៅភូមិអង្គ្រង ឃុំស្វាយរំពា ស្រុកស្វាយទាប រងគ្រោះកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសពេលដាំបាយបណ្តាលឲ្យឆេះផ្ទះទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់ ។
គ្រួសារទី២-ឈ្មោះភោគ រ៉ា ភេទស្រី នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប រងគ្រោះកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បណ្តាលមកពីដាំបាយនៅជិតព្រនូកចំបើងធ្វើឲ្យឆាបឆេះផ្ទះទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់ ។
ក្នុងឱកាសនោះលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខាតំណាងលោកម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិតអាសូរនិងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។
ជាមួយគ្នានេះលោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ចៀសវាងមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។
អំណោយដែលបានចែកជូនទាំង២គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ៥០គីឡូក្រាម កៅស៊ូតង់១, ធុងទឹកជ័រ១, ឆ្នាំងបាយសម្ល២, កន្ទេលបត់១, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអុីវ៦ដប, មុង១ ភួយ១, ក្រម៉ា១,សារុង១ និងថវិកា៤០០០០០រៀល៕
ចែករំលែកព័តមាននេះ