រាជធានីភ្នំពេញ ៖ ក្រោមកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន រដ្ឋបាលរាជ
ធានីភ្នំពេញ បាននិងកំពុងដំឡើងភ្លើងស្តុបថ្មីចំនួន១១៥ទីតាំង ក្នុងនោះភ្លើងស្តុបជាង១០០ត្រូវបានដាក់ឲ្យដំណើរការ នៅសល់ប្រមាណ១០ទីតាំងទៀត ក្រុមការងារកំពង់ខិតខំឲ្យរួចរាល់ក្នុងពេលឆាប់ៗនេះ ព្រមទាំងមានបំពាក់កាមេរ៉ាសុវត្ថិភាពតាមភ្លើងស្តុបផងដែរ ដើម្បីត្រួតពិនិត្យបទល្មើសចរាចរណ៏ ឬបទល្មើសផ្សេងៗ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការភ្លើងស្តុបថ្មី ចំនួន៦កន្លែង នៅផ្លូវជាតិលេខ១ ដូចជា ទី១-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវលេខ៣៦៣ ផ្សារច្បារអំពៅ ទី២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវលេខ៦២៨ ទី៣-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៣៥១ វត្តនិរោធន៍ ទី៤-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវទូរទស្សន៍បាយ័ន ទី៥-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវចូលបុរី ប៉េង ហួត បឹងស្នោរ និងទី៦-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវចូលមន្ទីរពេទ្យចារីយ៍ ។
លោកបន្តថា ការដាក់ភ្លើងស្តុបនេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋនៅកំណាត់ផ្លូវជាតិលេខ១នេះដែលអាចកាត់បន្ថយ កកស្ទះចរាចរណ៏ ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានភ្លើងស្តុបសរុបចំនួន១៦០ទីតាំងដែលកំពុងដំណើរការរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយបានច្រើននូវបញ្ហាកកស្ទះចរាចរណ៏ ហើយការដាក់ឲ្យដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណការ និងផលិតស្ពតវីឌីអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ផងដែរ ព្រោះភ្លើងស្តុបថ្មីនេះ មានលក្ខណៈទំនើបពិសេស ខុសប្លែកពីភ្លើងស្តុបចាស់តែម្តង ៕
ចែករំលែកព័តមាននេះ