រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបរិភោគចំណីអាហារក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដើម្បីចៀសវាងកុំឲ្យមានការពុលចំណីអាហារដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ។
ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនេះដោយសារតែកន្លងមកមានប្រជាពលរដ្ឋ និងព្រះសង្ឃមួយចំនួនបានធ្លាក់ខ្លួនឈឺ និងពុលចំណីអាហារដោយសារតែការបរិភោគចំណីអាហារមិនមានអនាម័យ និងមានខ្លះទៀតឈានដល់ការស្លាប់បង់ជីវិតដោយសារការបរិភោគស្រា.ស ស្រាថ្នាំ ដែលផ្សំខុសបច្ចេកទេស ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនរួមមានផឹកស្អាតរស់នៅស្អាត និងហូបស្អាតនៅឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដើម្បីការពារសុខភាពឲ្យចៀសផុតពីការឆ្លងជំងឺផ្សេងៗដូចជាជំងឺរាគរូសជាដើម ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំណែកលោកតាលោកយាយនៅតាមវត្ដអារាមនានាវិញត្រូវលាងចានឆ្នាំងឲ្យបានស្អាតល្អត្រូវបរិភោគទឹកដាំពុះជាពិសេសកុំបរិភោគទឹកសម្លដោយប្រើស្លាបព្រារួមគ្នាដែលអាចបណ្តាលឲ្យឆ្លងជំងឺពីគ្នាបាន ។
លោក ម៉ម ប៊ុនហេង បានឲ្យដឹងទៀតថា ក្រៅពីចំណីអាហារប្រជាពលរដ្ឋក៏គួរតែប្រុងប្រយ័ត្នចំពោះការទទួលទានគ្រឿងស្រវឹងផងដែរព្រោះវាអាចធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពឬឈានទៅដល់បាត់បង់ជីវិតបាន ។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬម្ចាស់រមណីដ្ឋានភោជនីដ្ឋានអាហារដ្ឋាននានាត្រូវអនុវត្តវិធានការអនាម័យត្រឹមត្រូវហើយត្រូវលាងបន្លែផ្លែឈើឲ្យបានស្អាត និងនំចំណីត្រូវចម្អិនឲ្យបានឆ្អិនល្អដើម្បីជៀសវៀងកុំឲ្យមានពុលចំណីអាហារ ៕
ចែករំលែកព័តមាននេះ