រាជធានីភ្នំពេញ ៖ មន្ត្រីនៃអគ្គស្នងការនគរបាលជាតិឱ្យដឹងថា នៅពេលខាងមុខគណៈកម្មការបង្កាគ្រោះអគ្គីភ័យមានបំណងជំរុញឱ្យក្រុមអ្នកជំនាញផ្នែកពន្លត់អគ្គីភ័យបានចូលរួមពិនិត្យមើលប្លង់ និងសុវត្ថិភាពសំណង់ធំៗនានាព្រមទាំងពិគ្រោះយោបល់នៅមុនពេលដែលសំណង់ ទាំងនោះចាប់ផ្ដើមសាងសង់ ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិមានប្រសាសន៍នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ថាគណៈកម្មការបង្កាគ្រោះអគ្គីភ័យកំពុងធ្វើសេចក្តីព្រាងបទដ្ឋានច្បាប់មួយដើម្បីបញ្ចូលក្រុមអ្នកជំនាញពន្លត់អគ្គីភ័យឱ្យមានតួនាទីពិនិត្យមើលប្លង់ និងសុវត្ថិភាពរបស់អគារធំៗ ដូចជាអគារពាណិជ្ជកម្មជាដើម អំពីលក្ខណៈបង្កាគ្រោះអគ្គីយភ័យនៅមុនពេលដែលសំណង់ទាំងនោះចាប់ផ្ដើមសាងសង់ ។
លោកបន្តថា សេចក្តីព្រាងបទដ្ឋានច្បាប់ស្ដីពីការត្រួតពិនិត្យ និងផ្ដល់យោបល់លើការបង្កាគ្រោះអគ្គីភ័យទៅលើសំណង់ធំៗនោះបានតាក់តែងរយៈពេល១ឆ្នាំមកហើយ ដោយគណៈកម្មការបង្កាគ្រោះអគ្គីភ័យ ហើយចង់ឱ្យវាចេញជារូបរាងនៅក្នុងឆ្នាំនេះ ។
លោកបន្ថែមថា បច្ចុប្បន្ននេះសំណង់ធំៗជាច្រើននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តខ្លះគឺខ្វះប្រព័ន្ធការពារគ្រោះអគ្គីភ័យដូចជាគ្មានបំពង់ទឹកស្វ័យប្រវត្តិសម្រាប់ពន្លត់ភ្លើង និងសំណង់ខ្លះស្ថិតនៅផ្លូវតូចចង្អៀត ពិបាកអន្តរាគមន៍នៅពេលមានអគ្គីភ័យកើតឡើង ។
ជាច្រើនឆ្នាំមកហើយគណៈកម្មការបង្កាគ្រោះអគ្គីភ័យ តែងបានផ្សព្វផ្សាយអប់រំ ម្ចាស់សំណង់ពាណិជ្ជកម្ម និងប្រជាពលរដ្ឋនៅតាមលំនៅដ្ឋាន ព្រមទាំងនៅគ្រប់ពេលពិធីបុណ្យជាតិផ្សេងៗឱ្យដាក់ឧបករណ៍សម្រាប់ពន្លត់អគ្គីភ័យ សម្រាប់ជួយសង្គ្រោះបឋមជាដើម ក៏ប៉ុន្តែគ្រោះអភ្គីភ័យនៅតែកើតមាននៅកន្លែងខ្លះ ដោយសារតែម្ចាស់សំណង់ខ្វះការប្រុងប្រយ័ត្ន ។
លោក ឆាយ គឹមខឿន ឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨ មានគ្រោះអគ្គីភ័យកើតឡើងចំនួនជាង៦០ករណី នៅទូទាំងប្រទេស គឺមានការថយចុះតិចតួច បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧កន្លងទៅ ៕
ចែករំលែកព័តមាននេះ