ខេត្តបន្ទាយមានជ័យ ៖ ករណីគ្រោះថ្នាក់ចរាចរលើដងផ្លូវរថភ្លើងកើតមានផ្ទួនៗ២ដងក្នុងភូមិតែមួយ កាលពីព្រឹកម្សិលមិញ ថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៨ រថភ្លើងបានកៀរបុរសរើសអេតចាយម្នាក់បណ្តាលឱ្យរងរបួស លុះនៅពេលរសៀលថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៨នេះ រថភ្លើងបុករថយន្តស្ទូច ។
ហេតុការណ៍នេះខាងលើកើតឡើងនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខបុរីធីធី និងមុខបុរីហ៊ុយឡេង ។ កាលពីម៉ោងជាង១១ព្រឹកថ្ងៃទី២២ កញ្ញា ២០១៨ គឺបុរសចំណាស់ អាយុ៧២ឆ្នាំម្នាក់ កំពុងដើររើសអេតចាយតាមដងផ្លូវរថភ្លើងពីទិសខាងកើត ត្រូវរថភ្លើងដែលបើកបរស្របទិសមកពីទិសខាងកើតទូរថភ្លើងបានកៀរបុរសចំណាស់ខាងលើ បណ្តាលដួលរងរបួសក្បាល ស្ថិតនៅមុខបុរីធីធី។
ជនរងគ្រោះឈ្មោះឈួន អាយុ៧២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត មុខរបររើសអេតចាយ។
ប្រភពថា ជនរងគ្រោះជាមនុស្សថ្លង់ទើបស្តាប់មិនឮស្នូររថភ្លើង ឬសម្លេងស៊ីញ៉ូពីចម្ងាយ។
ដោយឡែកនៅរសៀលថ្ងៃទី២៣ កញ្ញានេះ រថភ្លើងបានបុករថយន្តស្ទូចដែលកំពុងឆ្លងកាត់ពីទិសខាងជើងទៅទិសខាងត្បូង ប៉ុន្តែករណីទី២នេះត្រូវបាននគរបាលជំនាញចរាចរក្រុងប៉ោយប៉ែតអះអាងថាពុំមានអ្នករងគ្រោះទេ ដោយសាររថភ្លើងបើកយឺត ហើយរថយន្តស្ទូចបានត្រឹមតែផ្អៀងបន្តិចប៉ុណ្ណោះ ព្រោះរថយន្តឆ្លងជិតផុតទៅហើយ។
ដើម្បីបញ្ចៀសបញ្ហាកុំឲ្យកើតមានដដែលៗតទៅទៀត ពេលនេះអាជ្ញាធរបានស្នើសុំឲ្យម្ចាស់បុរីនីមួយៗត្រូវដាក់សន្តិសុខយាមតាមចំណុចផ្លូវចូលដើម្បីធ្វើចរាចរណ៍ ឬហាមឃាត់អ្នកធ្វើដំណើពេលមានរថភ្លើងឆ្លងកាត់ ៕
ចែករំលែកព័តមាននេះ