រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅវេលាព្រឹកម៉ោង១១ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីនគរបាលម្នាក់បានងងឹតមុខដួលបោកក្បាលផ្ងារក្រោយដាច់សរសៃឈាមស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ នូវ បូរិន ដែលមានឋានន្តរស័ក្ដិអនុសេនីយ៍ទោ ជាមន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ មានទីលំនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ខណៈគាត់កំពុងតែឈរបំពេញការងារអនុវត្តន៍ច្បាប់ចរាចរណ៍កកស្ទះនៅលើផ្លូវសហព័ន្ធរុស្ស៊ី ស្រាប់តែលោកបានងងឹតមុខដួលបោកក្បាលផ្ញារក្រោយសន្លប់បាត់ស្មារតី ហើយត្រូវបានក្រុមការងារដែលរួមការងារជាមួយលោកបានដឹកបញ្ជូលទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍តុងតែត្រូវបានគ្រូពេទ្យប្រាប់ថា គាត់បានស្លាប់បាត់ទៅហើយ ។
សូមបញ្ជាក់ផងដែរថា លោក នូវ បូរិន ទើបតែបានផ្លាស់មកពីខេត្តបាត់ដំបងបានរយៈពេលជាង៣ខែប៉ុណ្ណោះ សពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
ចែករំលែកព័តមាននេះ