ខេត្តកំពង់ធំ ៖ យុវជនម្នាក់ត្រូវក្រុមជនដៃដល់វាយទម្លាក់ពីលើម៉ូតូ រួចវាយបន្ថែមរបួសធ្ងន់ហើយក្រុមស្ទាវបួននាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន បន្ទាប់ពីបានព្រួតគ្នាវាយទៅលើជនរងគ្រោះ កាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តជាំ ស្ថិតក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនាខាងលើនេះបង្កឡើងដោយក្រុមជនសង្ស័យចំនួនបួននាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ១- ឈ្មោះ អាំ សុខអ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ ២- ឈ្មោះ ហ៊ីម ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ៣- ឈ្មោះ រិន គឹមសាន ភេទប្រុស អាយុ២៩ឆ្នាំ និង៤- ឈ្មោះ ស៊ុន ធៀក ភេទប្រុស អាយុ៤០ឆ្នាំ អ្នកទាំង០៤នាក់ខាងលើ រស់នៅភូមិទួលចារ ឃុំគោល ស្រុកប្រាសាទសំបូរ បានជិះម៉ូតូ០២គ្រឿងឌុបគ្នាមានម៉ូតូម៉ាកវេវពណ៌ក្រហម មួយគ្រឿង និងពណ៌ខ្មៅមួយគ្រឿងដៃកាន់ដំបងឈើមូលគ្រប់ដៃ ជិះតាមពីក្រោយ ម៉ូតូហុងដាសេ125 របស់ជនរងគ្រោះឈ្មោះ យ៉េង យ៊ិន ភេទប្រុស ជិះឌុបគ្នាបីនាក់ ឈ្មោះ ខីម ណារិន( ហៅកុត) ភេទប្រុស និងឈ្មោះ លន វៀត ភេទប្រុស ទាំងបីនាក់រស់នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ លុះមកដល់ចំណុចមុខវត្តជាំបឹង ជនសង្ស័យទាំង៤នាក់ខាងលើ ក៏បានជិះម៉ូតូវ៉ាម៉ូតូជនរងគ្រោះរួចហើយ ក៏បានវាយពីក្រោយត្រូវឈ្មោះ លន វៀត បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូ ។
ចំណែកជនរងគ្រោះពីរនាក់ទៀតជិះម៉ូតូរត់គេចរួចទៅប្តឹងសមត្ថកិច្ច ពេលនោះក្រុមជនសង្ស័យទាំង៤ខាងលើក៏បាននាំគ្នាវាយឈ្មោះ លន វៀត បន្ថែមត្រូវចំចិញ្ចើមខាងឆ្វេង ខ្នង និងខ្ទង់ច្រមុះ បណ្ដាលឱ្យរងរបួសជាទម្ងន់ ត្រូវបាននាំយកទៅព្យាបាលនៅមន្ទីពេទ្យ ។
ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងអន្តរាគមន៍ជាបន្ទាន់បានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចប្រាប់ថា ករណីអំពើហិង្សាខាងលើនេះកើតឡើងដោយសារ តែពួកគេធ្លាប់មានគំនុំជាមួយគ្នាពីមុនមក ៕
ចែករំលែកព័តមាននេះ