រាជធានីភ្នំពេញ ៖ បាត់មុខពីការប្រដាល់ប្រមាណជាមួយសន្លប់ធំ អតីតជើងខ្លាំងកីឡាករ បឺត ខាំ ត្រូវគេឃើញឡើងច្រៀងលើឆាកតន្ត្រីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍យ៉ាងក្រឡឺមៗ ។ លោកបានទាំងអះអាងថា នឹងឈប់នឹកនា ឬពាក់ព័ន្ធកីឡាប្រដាល់ទៀតហើយ បន្ទាប់ពីលោកក៏មានលទ្ធភាពកែប្រែខ្លួនឱ្យក្លាយជាអ្នកចម្រៀងដោយមិនពិបាក។
បឺត ខាំ និយាយថា វត្តមានបង្ហាញខ្លួនឡើងច្រៀងរបស់លោកកាលពីពេលថ្មីៗ មិនមែនគ្រាន់តែឡើងច្រៀងលេងដូចកីឡាករ វង្ស ណយ ដែលប្រកាសចង់ចាប់អាជីពថ្មី ហើយមិនមានផែនការនោះទេ សម្រាប់លោក គឺមានផែនការច្បាស់លាស់ ។
លោកថា រយៈពេលបាត់មុខពីការប្រដាល់ លោកមិនបានដាច់ឆ្ងាយពីកីឡាមួយនេះទេ គឺនៅតែបន្តបង្វឹកសិស្សឱ្យបានឡើងប្រដាល់ជាហូរហែ បើទោះជាលោកមានរបួស និងចាស់ច្រើនហើយមិនអាចឡើងរេញបានទៀតក្ដី ។ នោះគឺដោយសារតែលោកស្រឡាញ់ និងចង់កសាងកីឡាករដែលចង់ឡើងប្រដាល់ឱ្យមានអាជីព និងដោយសារតែលោកមិនចង់ដាច់ឆ្ងាយក្រោយពេលឈប់ប្រដាល់ផង។
យ៉ាងណាមិញ ក្នុងរយៈពេល២ខែចុងក្រោយ លោកបានសម្រេចចិត្តបោះបង់ទាំងការបង្វឹកសិស្ស ដោយងាកទៅយកពេលផលិតចម្រៀងទើបលោកប្រកាសខ្លួនធ្វើជាតារាចម្រៀងវិញ ដោយក្នុងជំហានដំបូង គឺឡើងច្រៀងនូវបទចម្រៀងចាស់ៗ ជំនាន់ស៊ិន ស៊ីសាមុត និងបទស្ទាវថ្មីៗ ប៉ុន្តែក្នុងពេលបន្តបន្ទាប់ គឺលោកនឹងមានបទចម្រៀងផ្ទាល់ខ្លួន ដោយសារតែបានរៀបរយក្នុងការផលិតចេញជាបណ្ដើរៗហើយ ។
លោកថា ខ្លួនប្រកាសចង់ក្លាយជាអ្នកចម្រៀង មិនមែនគ្រាន់តែប្រកាសហើយមិនធ្វើអ្វីដើម្បីឱ្យបានដើរលើផ្លូវនេះនោះទេ គឺបានរៀបចំក្រុមផលិតបទចម្រៀង និងត្រៀមផលិតជាវីដេអូបទចម្រៀងដើម្បីវាយលុកទីផ្សារតែម្ដង ។ ជាស្ដែង បទចម្រៀងដែលលោកគ្រោងថត មិនមែនជាបទចម្លង ឬជាបទថតឡើងវិញនោះទេ ប៉ុន្តែជាបទនិពន្ធថ្មី ទាំងសាច់ភ្លេង និងទំនុកតែម្ដង ដោយលោករំពឹងថា ការបោះជំហានរបស់លោក គឺនឹងផ្ទុយស្រឡះពីកីឡាករផ្សេងៗ រួមមានកីឡាករវង្ស ណយ ជាដើម ដែលប្រកាសថាចង់ក្លាយជាតារាចម្រៀង ប៉ុន្តែមិនមានវិធានការផលិតបទថ្មីផ្ទាល់ខ្លួននោះ ។
លោកមានគម្រោងចេញបទចម្រៀងក្នុងពេលខាងមុខ ប៉ុន្តែមិនទាន់ដឹងថានឹងចេញប៉ុន្មានបទនៅឡើយទេ ដោយគ្រាន់តែបានដឹងថា បទចម្រៀងដែលលោកបានត្រៀមនោះ នឹងចេញទន្ទឹមនឹងការឡើងឆាកទូរទស្សន៍ និងក្នុងកម្មវិធីផ្សេងៗ ដើម្បីឡើងប្រូម៉ូតតែម្ដង ។
យ៉ាងណាមិញ លោកថា ខ្លួនមិនរំពឹងនឹងក្លាយជាតារាចម្រៀងល្បីឈ្មោះដោយសារតែការឡើងឆាក និងមានបទចម្រៀងផ្ទាល់ខ្លួននោះទេ ដោយលោកចាត់ទុកថា ឱកាសប្ដូរខ្លួនឱ្យក្លាយជាតារាចមៀងអាជីពនៅក្នុងពេលនេះ គឺដើម្បីតែឱ្យសប្បាយចិត្ត និងដើម្បីឱ្យស្រទាប់មហាជនអ្នកធ្លាប់ស្រឡាញ់វិស័យប្រដាល់ដឹងថាក្រៅពីអាជីពប្រដាល់លោកក៏មានសមត្ថភាពច្រៀង និងមានបទចម្រៀងផ្ទាល់ខ្លួនបន្ថែមប៉ុណ្ណោះ ។
លោកមិនបានប្រកាសថានឹងចំណាយទុនប៉ុន្មានដើម្បីផលិតបទចម្រៀងមួយបទៗនោះទេ តែលោកបង្ហើបថា ទម្រង់នៃការផលិតបទចម្រៀងទាំងនោះ មិនមានអ្នកស្ពុនស័រណាម្នាក់ចំណាយពីលើនោះទេ គឺលោករកលុយមកចំណាយខ្លួនឯងដើម្បីសម្រេចក្ដីស្រមៃបានច្រៀងលើឆាកតន្ត្រីដែលលោកធ្លាប់ចង់បាន។
លោក បឺត ខាំ បន្តថា លោកសម្រេចចិត្តបោះបង់ការបង្វឹកសិស្សចំនួន២ខែមកហើយ ដោយការសម្រេចចិត្តនេះ គឺបន្ទាប់ពីលោកមានការងារជាក់លាក់មួយ ដែលអាចរកចំណូលបានគួរសម ដែលនាំឱ្យលោកអាចមានលទ្ធភាពងាកទៅផលិតបទចម្រៀងសម្រេចក្ដីស្រមៃរបស់ខ្លួន ។
លោកនិយាយដោយត្រង់ថា រយៈពេលដែលលោកនៅស្ដាយការប្រដាល់ ដោយបានទាំងតស៊ូបង្វឹកសិស្សមិនទទួលការងារផ្សេងផង បានធ្វើឱ្យលោកជួបប្រទះនូវការលំបាកច្រើនណាស់ ប៉ុន្តែលោកនៅតែបន្តតស៊ូ ព្រោះតែមិនចង់ដាក់ឆ្ងាយពីកីឡាមួយនេះ ។ ប៉ុន្តែក្រោយលោកដាច់ចិត្តបោះបង់ គឺស្ថានភាពជីវិតមានការប្រែប្រួលយ៉ាងខ្លាំង ជាពិសេសគឺបន្ទាប់ពីលោកបិទចោលអាជីពជាគ្រូបង្វឹកហើយទទួលការងារដែលមានប្រាក់ចំណូលច្បាស់លាស់ ។
លោកនិយាយថា ដល់ពេលដែលលោកឈប់ស្ដាយអាជីពប្រដាល់ទៀតហើយ ហើយក៏ប្រហែលដល់ពេលដែលលោកឈប់គិតពីការចង់បង្ហាត់សិស្សដូចមុនទៀតដែរ ដើម្បីឱ្យលោកអាចមានពេលវេលារកលុយ និងមានពេលផលិតបទចម្រៀងផ្ទាល់ខ្លួនឡើងឆាក។
លោកនិយាយយ៉ាងខ្លីថា «ឈប់ប្រដាល់ហើយ ព្រោះបើនៅតែស្ដាយគឺពិតជានៅតែពិបាក ។ច្រើនឆ្នាំមកនេះ គឺខ្ញុំពិបាកឆ្អែតឆ្អន់នឹងការតស៊ូ អ៊ីចឹងទើបខ្ញុំប្រកាសថា អត់ងាកក្រោយវិញទេ គឺត្រូវតែដើរទៅមុខ»។
ក្រៅពីប្រកាសដើរលើផ្លូវក្នុងអាជីពជាអ្នកចម្រៀងឱ្យបានរឹងមាំ លោកក៏ប្រកាសបំពេញការងារដែលទើបទទួលបានឱ្យជោគជ័យផងដែរ ដើម្បីឃ្លាតឱ្យឆ្ងាយពីភាពក្រីក្រ និងដើម្បីឱ្យមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងអាជីពមួយថ្មី ក្រោយបោះបង់ការប្រដាល់ទាំងស្រុង៕
ចែករំលែកព័តមាននេះ