រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ កីឡាអុកបានទទួលការពេញនិយមពាសពេញពិភពលោក ដោយបណ្ដាប្រទេសមួយចំនួនបានទាំងយកកីឡាអុកនេះ ធ្វើជាកីឡាប្រចាំជាតិ និងបានដាក់វិញ្ញាសាកីឡានេះប្រកួតយ៉ាងផុសផុលទៀតផង ។
មកទល់ពេលនេះ គេឃើញកីឡាអុកត្រូវបានលេងយ៉ាងសកម្មនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសនៅអាស៊ីផ្សេងទៀតក្នុងនោះក៏មានអុកខ្មែរ ដែលត្រូវបានគេហៅថា អុកចត្រង្គដែលប្រភេទអុកចត្រង្គ ឬអុកខ្មែរនេះ មានលក្ខណៈ៣យ៉ាងដាច់ចេញពីអុកអន្តរជាតិ ឬអុកចិន ។ នេះបើយោងតាមការអះអាងរបស់អ្នកជំនាញអុកប្រចាំប្រទេសកម្ពុជា។
លោក ឈាវ បូរ៉ា ដែលជាស្ដេចអុក២ជំនាន់ដ៏ល្បី និងជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានអះអាងថា នៅក្នុងប្រទេសកម្ពុជាមានការពេញនិយម និងស្គាល់កាន់តែច្បាស់ពីកីឡាអុកចត្រង្គ ឬអុកខ្មែរ ប៉ុន្តែអុកប្រភេទនេះ ពេញនិយមតែនៅប្រទេសជិតខាងរួមមានថៃ ឡាវ និងវៀតណាមប៉ុណ្ណោះ ចំណែកនៅបណ្ដាប្រទេសផ្សេងទៀតទូទាំងពិភពលោកទាំងមូលគេនិយមលេងអុកអន្តរជាតិ និងអុកចិនច្រើនជាង។
លោកថា អុកចិន និងអុកអន្តរជាតិ មានលក្ខណៈខុសគ្នាដាច់ឆ្ងាយពីអុកចត្រង្គរបស់ខ្មែរតាំងពីរបៀបលេង រចនាបថ និងចំណុចពិសេសជាច្រើនទៀត ដែលធ្វើឱ្យអុកទាំង២មិនអាចច្រឡំគ្នាបានទេ បើទោះជាមានឈ្មោះថាអុកដូចគ្នាយ៉ាងណាក្ដី ។ អ៊ីចឹងហើយទើបនៅប្រទេសកម្ពុជាត្រូវបានបែងចែកកីឡាអុកជាពីរគឺអុកចត្រង្គ និងអុកអន្តរជាតិ ប៉ុន្តែលោកថា អុកអន្តរជាតិនៅកម្ពុជាមិនសូវដើរទេ ដោយសារអ្នកនិយមលេងអុកភាគច្រើនលេងតែអុកខ្មែរ ហើយសម្រាប់ការប្រកួតក្នុងស្រុកក៏មិនសូវមានការប្រកួតអុកអន្តរជាតិផុសផុលដែរ ។
យ៉ាងណាមិញ លោកថា កីឡាករកម្ពុជានៅពេលចេះស្ទាត់អុកចត្រង្គ ហើយប្ដូរទៅប្រកួតអុកអន្តរជាតិគឺអាចងាយស្រួល ដោយសារតែទម្រង់លេងភាគច្រើនគឺស្រដៀងៗគ្នា ដោយទាមទារឱ្យតែចាំពីក្បួនខុសគ្នាខ្លះៗគឺអាចលេងបានហើយ ។
លោកទទួលស្គាល់ថា អ្នកចេះលេងអុកចត្រង្គបានត្រឹមតែខ្លាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងដែលមានទម្រង់លេងអុកស្រដៀងគ្នាប៉ុណ្ណោះ ប៉ុន្តែបើចេញប្រកួតក្រៅស្រុក គឺមិនអាចតំណាងប្រទេសទៅប្រកួតបានទេ ដោយសារតែអន្តរជាតិគេប្រកួតតែអុកអន្តរជាតិ ដែលទាមទារឱ្យកីឡាករអុកខ្មែរត្រូវតែបត់បែនខ្លួនក្លាយជាអ្នកជំនាញអុកអន្តរជាតិវិញ ។
លោកថា ខ្លួនចង់បង្វឹកខ្លួនឯងឱ្យចេះលេងអុកអន្តរជាតិនាពេលចុងក្រោយ ប៉ុន្តែកីឡាមួយនេះ អត់មានអ្នកបង្រៀននៅក្នុងប្រទេសកម្ពុជាទេ គឺមានតែនៅក្រៅស្រុក ខណៈដែលកីឡាករតំណាងកម្ពុជាដែលទៅប្រកួតនៅក្រៅស្រុកក៏ទទួលបានការបង្វឹកនៅក្រៅស្រុកដែរមុនពេលចេញប្រកួតតំណាងប្រទេសកាលមុន ។
លោកចង់ឱ្យអុកអន្តរជាតិមានរូបភាពទូលំទូលាយនៅក្នុងប្រទេស ដោយសារតែលោកយល់ថា បើទោះជាអុកចត្រង្គរបស់ប្រទេសកម្ពុជា ជាកីឡាដូនតា ប៉ុន្តែក៏ត្រូវចេះឱ្យស្ទាត់នូវអុកអន្តរជាតិផងដែរ ដើម្បីបង្ហាញអន្តរជាតិឱ្យឃើញកាន់តែច្រើនថា ប្រទេសកម្ពុជា ដែលមានកីឡាអុកជារបស់ខ្លួនមួយដូចគ្នា អាចមានសមត្ថភាពលេងអុកអន្តរជាតិមិនអន់ ក្នុងការតំណាងប្រទេសដណ្ដើមពាន និងមេដាយជាដើម ។
លោកថា ខ្លួនបានត្រឹមតែរៀនលេងអុកអន្តរជាតិតាមបណ្ដាញយូធូបប៉ុណ្ណោះ ដោយគម្រោងបើមានការបង្វឹកពីអ្នកជំនាញគឺលោកនឹងហាត់ឱ្យស្ទាត់ដើម្បីទុកគ្រាន់បង្វឹកសិស្សខ្លួនបន្ថែមពីលើការបង្វឹកឱ្យចេះលេងអុកខ្មែរនាពេលនេះ។
ពាក់ព័ន្ធនឹងភាពខុសគ្នារវាងអុកខ្មែរ និងអុកអន្តរជាតិលោក ឈាវ បូរ៉ា ថ្លែងថា មានចំណុច៣ដាច់ដោយឡែកពីគ្នាគឺ ក្ដារលេងរបស់អុកខ្មែរមានតែមួយពណ៌ប៉ុណ្ណោះ ដោយអាចជាពណ៌ត្នោត ឬពណ៌ឈើ អាស្រ័យលើការជ្រើសរើស ប៉ុន្តែអុកអន្តរជាតិ គឺមានប្រភេទក្ដារលេងជាពណ៌ខ្លាឃ្លោក ។ ទី២អុកខ្មែរ និងអុកអន្តរជាតិមានរចនាបថកូនអុកខុសគ្នាតែម្ដង ដោយអុកអន្តរជាតិប្រភេទស្ដេច ទូក និងគោលជាដើម គឺមានរចនាបថមិនដូចអុកខ្មែរទេ លើកលែងតែសេះ ដែលនៅមើលទៅដឹងថាសេះ ដែលមានលក្ខណៈស្រដៀងអុកខ្មែរ ។
ដោយឡែកចំណុចទី៣ដែលខុសគ្នា គឺអុកខ្មែរ មានរបៀបដើរផ្សេង ហើយអុកអន្តរជាតិមានរបៀបដើរផ្សេង ។ លោកឧទាហរណ៍ថា អុកខ្មែរសម្រាប់កូនអុកដែលមានឈ្មោះថាគោល គឺអាចដើរបាន៥ជំហាន ប៉ុន្តែសម្រាប់អុកអន្តរជាតិដើរបានតែ៤ជំហានប៉ុណ្ណោះ ហើយបើមានអីបាំងពីមុខក៏មិនអាចនឹងដើរបានដែរ ដែលខុសពីគោលអុកខ្មែរ គឺអាចដើរបាន ។ លោកថា មិនមានការលំបាកណាស់ណានោះទេរវាងប្រភេទអុកទាំងពីរ សំខាន់ឱ្យចាំតែក្បួនដើរ និងចាំក្រឡាដើរ គឺអាចលេងបានដូចគ្នា ដែលមិនខុសពីប្រទេសខ្លះបើកបរប្រកាន់ឆ្វេង ហើយប្រទេសខ្លះបើកបរប្រកាន់ស្ដាំនោះឡើយ ។
យ៉ាងណាមិញ ប្រសិនបើអ្នកថ្នឹកនឹងរបៀបលេងអុកខ្មែរ គឺអាចនឹងភ្លាត់លេងខុស ឬចាញ់គូប្រកួតដោយងាយផងដែរប្រសិនបើទៅលេងអុកអន្តរជាតិ ដូចគ្នានឹងអ្នកពូកែលេងអុកអន្តរជាតិហើយមកលេងអុកចត្រង្គរបស់ខ្មែរ ក៏លេងមិនបានល្អ ព្រោះតែក្បួនខុសគ្នា កូនខុសគ្នា ហើយចេះតែភាំងៗ ឬភ្លេចទម្រង់លេង។ លោកថា មកទល់ពេលនេះ មានប្រទេសច្រើនហើយដែលចាប់ផ្ដើមលេងអុកតាមទម្រង់របស់ខ្មែរ ដែលក្នុងនោះក្រៅពីថៃ គឺមានវៀតណាម ឡាវ និងភូមា ដែលកាន់តែធ្វើឱ្យកីឡាអុកខ្មែរមានការសាយភាយទម្រង់លេង ដែលហាក់ចង់ក្លាយជាអុកអន្តរជាតិកម្រិតតំបន់មួយដែរនាពេលចុងក្រោយ ។
យ៉ាងណាមិញ លោកថាការស្រង់ទម្រង់របស់អុកខ្មែរទៅលេងច្រើនឡើងបែបនេះ អាចនឹងធ្វើឱ្យមានផលវិបាកពេលប្រទេសកម្ពុជាចង់ស្នើបញ្ចូលអុកចត្រង្គជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ជាពិសេសគឺថៃ ដោយសារតែថៃ ក៏បានសាយភាយកីឡាមួយនេះយ៉ាងផុសផុលដូចគ្នា ចាប់តាំងពីកម្ពុជាបើកការប្រកួតលេងអុកហើយល្បីដល់ពិភពលោក ។
លោកទទូចឱ្យមានការផ្សព្វផ្សាយពីកីឡាអុកចត្រង្គរបស់ខ្មែរឱ្យបានច្រើន ដើម្បីកុំឱ្យកីឡាអុកមួយនេះបានក្លាយជាកីឡាប្រចាំតំបន់មួយ ហើយមានការចម្រូងចម្រាសរឿងប្រទេសណាជាម្ចាស់ដើម ។ ប៉ុន្តែលោកថា ស្ថានភាពតវ៉ានៅពេលកម្ពុជាអាចនឹងដាក់កីឡានេះធ្វើជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក អាចនឹងកើតមានតិចបំផុត ដោយសារតែប្រទេសកម្ពុជាមានតឹងតាងនៅតាមជញ្ជាំងប្រាសាទជាភស្ដុតាងច្បាស់ៗ ហើយបើទោះជាប្រទេសជិតខាងមានប្រាសាទបង្ហាញថាខ្លួនក៏មានកីឡានេះដូចគ្នា ប៉ុន្តែក៏ជាប្រាសាទអតីតប្រាសាទខ្មែរ ដែលកម្ពុជាបានបាត់បង់ពេលបាត់បង់ទឹកដី ដែលមានន័យថាអ្វីៗនៅតែជាអំណះអំណាងតរបស់ខ្មែរដដែល៕
ចែករំលែកព័តមាននេះ