រាជធានីភ្នពេញ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោង៦យប់ថ្ងៃទី១៦ កញ្ញា ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចការិយាល័យទី៣នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ថ្នាំញៀនដោយខុសច្បាប់ ដែលមានទីតាំង
ឭនៅក្នុងខារ៉ាអូខេឈ្មោះ PRO សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យចំនួន២០នាក់ (ក្នុងនោះមានស្រី៥នាក់) និងចាប់យកវត្ថុតាងថ្នាំញៀនប្រភេទខេតាមីន៣០គ្រាប់ និងម៉េតំហ្វេតាមីនICE ១៨កញ្ចប់តូច ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២០នាក់ សមត្ថកិច្ចបានធ្វើការសាកសួររកឃើញថា មាន២នាក់ជាជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងជាមុខសញ្ញាចាស់ ធ្លាប់ពន្ធនាគារ២លើកមកហើយ ក្នុងនោះមានម្នាក់ជាប្អូនថ្លៃរបស់អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនទៀតផង ។
ជនសង្ស័យម្នាក់ឈ្មោះ ទុំ ចន្ទ័ជស្តា ហៅអាត្រង៉ោល ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់បន្ទប់ជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ សឿន ម៉ាប់ ហៅអាភស្ត័ ហៅកង្កែប ភេទប្រុស អាយុ៣៣ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ២លើក) ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មនុស្សជាង១០នាក់សុទ្ធតែបានប្រើប្រាស់គ្រឿងញៀន និងប្រើនៅក្នុងបន្ទប់ខារ៉ាអូខេនោះតែម្តង នេះតាមការបញ្ជាក់ពីសមត្ថកិច្ច បន្ទាប់ពីបានធ្វើតេស្តទឹកនោមលើជនសង្ស័យទាំងអស់នោះ ។
ក្រោយពីការសាកសួរ មនុស្សជាង១០នាក់ត្រូវបានសមត្ថកិច្ចតម្រូវឲ្យសាច់ញាតិ ឬក្រុមគ្រួសារទៅធ្វើកិច្ចសន្យា និងធានាយកទៅផ្ទះវិញ តែក៏មានខ្លះប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ យកទៅធ្វើការអប់រំ មានតែ២នាក់ទេដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ