ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី១៤ កញ្ញា ប្រជាពលរដ្ឋបានសហការជាមួយសមត្តកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរផ្លោះរបងប៉ុនប៉ងចូលលួចយកទ្រព្យសម្បត្តិ ប៉ុន្តែនៅពេលម្ចាស់ទាន់ហែកដំបូលផ្ទះបម្រុងគេចខ្លួន ។ ជនសង្ស័យឈ្មោះ ម៉ាត់ ស៊ីធឿត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សេចក្តីរាយការណ៍បន្តថា ការឃាត់ខ្លួនចោរផ្លោះរបងប៉ុនប៉ងលួចខាងលើនេះ ម្ចាស់ផ្ទះឈ្មោះ ឡុង ជីវ័ន ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកលក់ឥវ៉ាន់(ផ្ទះម៉ាត) ស្ថិតនៅភូមិឈូក សង្កាត់សំរោង បានរៀបរាប់ប្រាប់សមត្តកិច្ចថា នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី១៤ កញ្ញា ក្រុមគ្រួសាររបស់គាត់ បានរៀបចំឥវ៉ាន់ទុកដាក់ និងនាំគ្នាដេករៀងៗខ្លួន ខ្លះក៏ដេកលក់ ខ្លះមិនទាន់ដេកលក់ ។
ពេលនោះស្រាប់តែឮសំឡេងជើងមនុស្សដើរក្នុងផ្ទះ ។ ជនរងគ្រោះបន្តថា ពេលឮសម្រឹបជើងមនុស្សដើរក្នុងផ្ទះ គាត់ក៏បានស្ទុះទៅមើល ពេលនោះបានឃើញមនុស្សម្នាក់ គាត់ក៏ស្រែកថា «ចោរៗ» ។ ជនសង្ស័យភ័យស្លន់ស្លោរត់ឡើងទៅលើ និងធ្វើសកម្មភាពបើកដំបូលក្បឿងលោតរំលងទៅលើដំបូលផ្ទះអ្នកជិតខាង១ខ្នងទៀត ។
ពេលឃើញដូច្នោះ អ្នកស្រុកបានប្រកូកប្រកាសប្រមូលគ្នាព័ទ្ធចាប់ចោរទាំងយប់ ហើយខ្លះបានទូរស័ព្ទទាក់ទៅសមត្ថកិច្ច ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចមាននគរបាលកងរាជអាវុធហត្ថស្រុកបានចុះទៅដល់ និងជួយអន្តរាគមន៍ចូលចាប់ចោរ ដោយមានការប្រតាយប្រតប់គ្នា ធ្វើឲ្យចោរលោតទម្លាក់ខ្លួនមកដី ហើយផ្លោះរបងសាលារៀនចូលទៅសម្ងំក្បែរពាង ទឹកផ្ទះប្រជាពលរដ្ឋផ្សេងទៀត ដែលហេតុការណ៍នោះ បានកើតឡើងជិត១ម៉ោង ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនចោរបាន ។
ក្រោយពេលចាប់ខ្លួនចោរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចចូលតាមទ្វារក្រោយ ទៅពួនសំងំក្នុង
«ម៉ាត» តាំងពីម៉ោង៦ល្ងាច រហូតដល់យប់ស្ងាត់ ពេលម្ចាស់ផ្ទះចូលដេក ទើបបានដើរចេញធ្វើសកម្មភាពបម្រុងលួច តែត្រូវម្ចាស់ផ្ទះឆោរឡោ និងស្រែកឡើងថាចោរៗ ខ្លួនភ័យពេកក៏រត់ឡើងទៅលើដំបូលផ្ទះ បើកក្បឿងលូនចេញបំណងគេចខ្លួន ប៉ុន្តែគេចមិនរួចដោយកម្លាំងមហាជន និង កម្លាំងសមត្តឡោមព័ទ
ចាប់បានតែម្តងទៅ ។
តាមលោកអធិការនគរបាលក្រុងសំរោងខេត្តឧត្តរមានជ័យបានថ្លែងឲ្យដឹងថា ជន សង្ស័យជាមុខសញ្ញាចាស់ និងធ្លាប់ចាប់ខ្លួនដាក់ពន្ធនាគារ ក្នុងអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ ពីបទលួចម៉ូតូរបស់អ្នកស្រុក ។ លោកអធិការនគរបាលស្រុកបន្តថា ជនសង្ស័យក៏ជាមនុស្សប្រើប្រាស់ថ្នាំញៀនផងដែរ ពេលនេះសមត្តកិច្ចបាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ