ខេត្តព្រះវិហារ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា គ្រាប់មិនទាន់ផ្ទុះជាង១០០គ្រាប់ត្រូវបានប្រទះឃើញដោយឆ្មាំប្រាសាទចម្ងាយប្រមាណ៧ម៉ែត្រ ក្បែរគោបុរៈទី៤ ប្រាសាទព្រះវិហារ ដោយសារតែភ្លៀងធ្លាក់ហូរច្រោះដី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ សមត្ថកិច្ចសន្និដ្ឋានថា គ្រាប់ទាំងនោះបន្សល់ទុកតាំងពីសម័យសង្គ្រាម។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន នាយសេនាធិការដ្ឋានស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះថា គ្រាប់ទាំងអស់នេះមានចំនួន១២៧គ្រាប់ ជាប្រភេទគ្រាប់ អា៦០ ត្រូវបានរកឃើញក្បែរគោបុរៈទី៤ ប្រាសាទព្រះវិហារប្រមាណ៧ម៉ែត្រ និងចម្ងាយពីស្រះទឹកធំប្រហែល៣០ម៉ែត្រ ។
លោកឧត្តមសេនីយ៍ត្រីបន្តទៀតថា គ្រាប់មិនផ្ទុះទាំងអស់នេះ ត្រូវប្រទះឃើញដោយឆ្មាំប្រាសាទនៅលើប្រាសាទព្រះវិហារ ខណៈដែលភ្លៀងបង្អុរធ្លាក់ជាប់ៗគ្នាធ្វើឱ្យទឹកហូរច្រោះដីបន្តិចម្តងៗ ទើបលេចចេញនូវរូបរាងគ្រាប់នេះមកតែម្តង ហើយពេលនោះអាជ្ញាធរក៏រាយការណ៍ទៅកាន់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) ដើម្បីឱ្យមកពិនិត្យ និងធ្វើការប្រមូលទុក ។
សូមបញ្ជាក់ថា មកដល់ពេលនេះគ្រាប់មិនទាន់ផ្ទុះទាំង១២៧គ្រាប់នោះត្រូវបានក្រុមការងារស៊ីម៉ាក់ ប្រមូលយកទៅរក្សាទុករួចរាល់ហើយ ៕
ចែករំលែកព័តមាននេះ