ខេត្តកំពង់ធំ ៖ បុរសម្នាក់បានលង់ទឹកស្ទឹងស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចស្ទឹងសែន ស្ថិតក្នុងភូមិកំពីងតាគង់ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ប៉ិញ លិញ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ បច្ចុប្បន្នបាននាំប្រពន្ធមកស្នាក់នៅស៊ីឈ្នួលពុះឫស្សីឲ្យគេទាំងគ្រួសារនៅភូមិកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ឈ្មោះ ព្រំ អៀង អាយុ៥៤ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានប្រាប់ឱ្យដឹងថា កាលព្រឹកពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ប្ដីប្រពន្ធពួកគាត់បាននាំគ្នាមកស៊ីឈ្នួលពុះឫស្សីនៅភូមិកំពីងតាគង់ខាងលើបានរយៈពេលបីថ្ងៃ ។ រហូតដល់ព្រឹកថ្ងៃទី៤ ខែកញ្ញា នេះ ប្ដីរបស់គាត់បានផឹកស្រវឹងយ៉ាងខ្លាំង ហើយក៏ទៅស៊ីឈ្នួលពុះឫស្សីនៅជិតមាត់ស្ទឹងសែនដូចសព្វដង ។
ប្រភពដដែលបានបន្តថា ពេលនោះគាត់ក៏បានដើរទៅតាមក្រោយថាទៅជួយពុះឫស្សីប្ដី តែនៅពេលគាត់ដើរទៅដល់មិនឃើញប្តីឡើយ ឃើញតែស្បែកជើងមួយចំហៀងនៅនឹងមាត់ទឹក និងមួយម្ខាងទៀតអណ្ដែតទឹក ។ គាត់មិននឹកស្មានថាប្តីលង់ទឹកនោះទេ គាត់ក៏បានដើរមករកប្ដីគាត់នៅក្នុងភូមិ ក្រែងប្ដីគាត់ដើរមកផឹកស្រាក្នុងភូមិវិញ គាត់បានដើររកប្តីបានប្រហែលជាង២០នាទី នៅតែរកមិនឃើញប្ដី គាត់ក៏ដើរត្រឡប់មកកន្លែងពុះឫស្សីវិញ ស្រាប់តែឮក្មួយស្រែកហៅថា «រកពូឃើញហើយ» ពេលនោះគាត់ដើរទៅដល់ឃើញប្ដីត្រូវបានបងប្អូនស្រង់យកមកពីក្នុងទឹក ដាក់មកលើគោកស្លាប់បាត់ទៅហើយ ដោយពុំឃើញមានស្នាកស្នាមអ្វីឡើយ ក៏នាំគ្នាយកសពមកផ្ទះបងថ្លៃនៅជិតនោះ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កំលាំងជំនាញបានសហការជាមួយលោកនាយប៉ុស្ដិ៍ឈូក និងមេភូមិ រួមទាំងក្រុមគ្រួសារបានពិនិត្យសពរកឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន ក៏ប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ