រាជធានីភ្នំពេញ ៖ សពនារីម្នាក់វ័យប្រមាណ២០ឆ្នាំត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកស្រះនៅក្នុងវត្តនាគវ័ន្ត ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចស្រះទឹកក្នុងវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
បើតាមសម្តីពីលោកអ៊ុំម្នាក់មានឈ្មោះ ជុង សុខនី អាយុ៤៥ឆ្នាំ ជាអ្នកមើលថែរក្សានៅក្នុងវត្ត បានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុខពេលកើតហេតុគាត់បានដើរល្បាតត្រួតពិនិត្យសន្តិសុខសុវត្ថិភាពក្នុងបរិវេណវត្តខាងលើ រួចគាត់ក៏ទៅសំរាកនៅលើអង្រឹងនៅក្បែរវិហារ។ លុះដល់វេលាកើតហេតុ ស្រាប់តែមានក្មេងប្រុសម្នាក់ឈ្មោះ មែន រត់មកប្រាប់គាត់ថា ឃើញសពអណ្តែតទឹកស្រះ ហើយគាត់មិនជឿនេះទេ។
លោកអ៊ុំបន្តទៀតថា តែមិនអស់ចិត្តគាត់ក៏ដើរទៅមើលហើយ ស្រាប់តែឃើញសាកសពអណ្តែតទឹកស្រះពិតប្រាកដមែន ។ បន្ទាប់មកគាត់ក៏រត់ទៅហៅប្រជាការពារភូមិឱ្យទាក់ទងទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។
ប្រភពដដែលបន្តថា សពនារីអណ្តែតខាងលើ គឺមានសតិមិនគ្រប់នេះទេ ហើយរយៈពេលពីរទៅបីខែកន្លងមកនេះ គឺតែងតែឃើញនាងមកអង្គុយលេងនៅក្នុងបរិវេណវត្តជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងផ្ទះសំបែងនៅឯណានោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ហើយបានស្រង់សពនារីខាងលើយកមកលើគោក ដើម្បីត្រួតពិនិត្យ បន្ទាប់ពីពិនិត្យរួចឃើញថា សពនារីខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
បច្ចុប្បន្នសពនារីខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
ចែករំលែកព័តមាននេះ