រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ សីហាបានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិរុស្ស៊ីពីរនាក់ ក្នុងម្នាក់ដាក់ពន្ធនាគារកំណត់៦ឆ្នាំ លើសំណុំរឿងគាស់ទូ ATM លួចយកប្រាក់របស់ធនាគារ ABA និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។
គួរបញ្ជាក់ថា សំណុំរឿងនេះ កាលពីព្រឹកថ្ងៃទី១៣ សីហា សាលាដំបូងបានលើកយកមកបើសវនាការជំនុំជម្រះទោស ដែលជាប់ចោទជាជនជាតិរុស្ស៊ី២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (លួចប្រាក់តាម ATM) របស់ធានាគារABA យោងតាមមាត្រា៣៥៣.៣៥៧ នៃក្រមព្រហ្មទណ្ឌនឹងបទប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ។
ជនជាប់ចោទឈ្មោះ ZAMETNYA ALEXANDER អាយុ៣១ឆ្នាំ និងម្នាកទៀតឈ្មោះ TELENKOV IVAN អាយុ៣០ឆ្នាំ ជនជាតិរុស្ស៊ីទាំង២នាក់ ។ ដែលអង្គសវនាការដឹកនាំដោយលោក ឃី ឆៃ ចៅក្រមជំនុំជម្រះ និងបានធ្វើឡើងចំពោះមុខជនត្រូវចោទ និងមេធាវីការពារក្តីផងដែរ ។ នៅមុខក្រចកសេះជនត្រូវចោទទាំង២នាក់បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា ខ្លួនមិនមានគំនិតលួចលុយក្នុងទូរ ATM នោះទេ តែដោយសារពួកគេខ្វះខាតលុយកាក់ធ្វើដំណើរទៅស្រុកវិញពួកគេក៏បានជួបមនុស្សម្នាក់បាននិយាយប្រាប់ថា បើចង់បានប្រាក់ទៅស្រុកឲ្យពួកគេចូលទៅបើកទូរ ATM ហើយថតរូបមកឲ្យគេ គេនឹងឲ្យលុយសមល្មមអាចចាយបាន ។
ដូច្នោះហើយបានជាគេ២នាក់ ទៅធ្វើតាមបង្គាប់មនុស្សម្នាក់នោះ ហើយពាក់ពន្ធប្រើប្រាស់គ្រឿងញៀនពួកគេក៏មិនបានប្រើដែរ ។ ជនត្រូវចោទត្រូវបានអនុរក្សពន្ធនាគារនាំទៅឃុំខ្លួនជាបណ្តោះអាសន្នវិញ ដោយរង់ចាំទទួលទោស តាមការវិនិច្ឆ័យរបស់តុលាការ ។
សូមរំលឹកថា ជនត្រូវចោទទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីធ្វើសកម្មភាពគាស់ទម្លុះទូ ATM របស់ធនាគារ ABA នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ២៤០ ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចចាប់យកវត្ថុតាងដែលរួមមានខ្សែអេឡិចត្រូនិចប្រើឌុយ USB មួយ កូនកាំបិតចុចមួយ លិខិតឆ្លងដែនមួយលេខ 724584016 , ម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រៃវែង 1I- 4505 សក់ពាក់ចំនួន១ដុំ និងទូរស័ព្ទដៃចំនួន៣គ្រឿង ម៉ាកអាយហ្វូន7 Plus ១គ្រឿង ពណ៌ខ្មៅ ម៉ាកNOKIA ចំនួន២គ្រឿង ៕
ចែករំលែកព័តមាននេះ