ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់ក្រោយបញ្ជូនបន្តពីមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី ដោយសារគ្រោះថ្នាក់ត្រូវរថយន្តបុកពេលកំពុងដើរឆ្លងផ្លូវជាតិលេខ៥ នៅមុខផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលកាលពីម៉ោងជិត៩យប់ថ្ងៃទី២៦ សីហា ២០១៨ ។
ជនរងគ្រោះដែលស្លាប់ខាងលើឈ្មោះឆេង លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរជាងអ៊ុតសក់ នៅក្នុងភូមិកើតហេតុ។
ករណីខាងលើនគរបាលជំនាញចរាចរនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ ២V-២៨៧៩ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីខាងកើតទៅលិចក្នុងល្បឿនលឿនបានបុកស្ត្រីម្នាក់កំពុងដើរឆ្លងផ្លូវខណៈមេឃកំពុងភ្លៀង បណ្តាលឲ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ ។
សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានលើកស្ត្រីរងគ្រោះដាក់លើរថយន្តដើម្បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដែរ ប៉ុន្តែអ្នកបើកបររថយន្តបានគេចចេញទៅបាត់ភ្លាមៗផងដែរ ក្រោយពីលើកស្ត្រីរងគ្រោះដាក់នៅមន្ទីរពេទ្យរួចមក។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះបានស្លាប់ពេលបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី ហើយត្រូវបានសាច់ញាតិដឹកទៅស្រុកកំណើតនៅឯស្រុកថ្មគោលខេត្តបាត់ដំបងដើម្បីធ្វើបុណ្យតាមប្រពៃណី។
នគរបាលជំនាញអះអាងថា ស្គាល់ម៉ាកនិងស្លាកលេខរថយន្តបង្កហើយ បើម្ចាស់រថយន្តបង្កមិនចូលខ្លួនមកដោះស្រាយ ហើយនៅតែលាក់មុខ សមត្ថកិច្ចនឹងធ្វើរបាយការណ៍ស្នើសុំទៅក្រសួងសាធារណៈការនិងដឹកជញ្ជូនដើម្បីឆែករកអត្តសញ្ញាណម្ចាស់រថយន្តថាជានរណាឱ្យពិតប្រាកដ ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ