ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វែ​ង​យល់​ពី​ផល​ចំណេញ​របស់​កម្ពុជា ពី​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ និង​សូម​ចូលរួម​គាំទ្រ​ទាំងអស់​គ្នា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​គម្រោង​ប្រវត្តិសាស្ត្រ​លើក​ទី​១ ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គ និង​ផ្លូវ​សមុទ្រ ។ លក្ខណៈ​បច្ចេកទេស​ទូទៅ​របស់​ផ្លូវទឹក មាន​ប្រវែង​ប្រមាណ​១៨០​គីឡូម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​គម្រោង​ប្រវត្តិសាស្ត្រ​លើក​ទី​១ ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គ និង​ផ្លូវ​សមុទ្រ ។

លក្ខណៈ​បច្ចេកទេស​ទូទៅ​របស់​ផ្លូវទឹក មាន​ប្រវែង​ប្រមាណ​១៨០​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​១,៦​លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​នេះ ។

ផ្លូវទឹក​នេះ មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង​១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤ ម៉ែត្រ (​ជម្រៅ​នាវាចរណ៍​៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព​០,៧​ម៉ែត្រ​) និង​មាន​គន្លង​នាវាចរណ៍​ចំនួន​២​គន្លង អាច​ចេញ​-​ចូល និង​ចៀស​គ្នា​បាន​ដោយ សុវត្ថិភាព ។

តាម​ការ​សិក្សា និង​វាយតម្លៃ​បឋម​លើ​ថវិកា​ប៉ាន់​ប្រមាណ គម្រោង​នេះ នឹង​ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ ១,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​សាងសង់ និង​ស្តារ​ផ្លូវទឹក ដែល​មាន​ស្រាប់​ប្រមាណ​១៣៥​គម និង​ជីក​ថ្មី​ប្រមាណ​៤៥​គម ដែល​ត្រូវ​ប្រើប្រាស់​ពេលវេលា​ប្រមាណ ៤​ឆ្នាំ ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឱ្យ​មានការ​វិនិយោគ​ក្នុង​រូបភាព ភាព​ជា​ដៃគូរ​រវាង​រដ្ឋ និង​ឯកជន (PPP) ដែល​ក្រុមហ៊ុន​វិនិយោគ​ត្រូវ​សាងសង់ ប្រតិបត្តិការ និង​ផ្ទេរ (BOT) ក្នុង​រយៈពេល​មួយ​សម​ស្រប​។ ការ​វិនិយោគ​នេះ គឺ​រាជរដ្ឋាភិបាល និង​មិន​ចំណាយ​ថវិកា ឬ​ត្រូវ​ខ្ចី​ថវិកា​ពី​ប្រភព​ណាមួយ​មក​សាងសង់​នោះ​ទេ ពោល​គឺ​ក្រុមហ៊ុន​វិនិយោគ នឹង​ចំណាយ​ទុន​ផ្ទាល់ខ្លួន ឬ​ពី​ដៃគូរ​របស់​ខ្លួន ១០០%​ដើម្បី​វិនិយោគ​លើ​គម្រោង​នេះ ។

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ មាន​សារៈសំខាន់ និង​ផលប្រយោជន៍​ដូច​ជា ៖
-​ពង្រឹង​នយោបាយ និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុង​គោល​ជំហរ​រក្សា​នូវ ឯករាជ្យ​ភាព អធិបតេយ្យភាព និង​ឧត្តមភាព នៃ​វិស័យ នាវាចរណ៍ និង​សន្តិសុខ​ផ្ទៃក្នុង​ប្រទេស ។
-​ផ្តល់​ផលប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ដូច​ជា ៖ អត្រា​ខ្ពស់ នៃ​ផល​ចំណេញ សេដ្ឋកិច្ច ត្រឡប់​មក​វិញ​ពី​ការ​វិនិយោគ​ប្រមាណ​ពី ២០% ទៅ ៣១% ។
-​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា និង​របាំង​ពន្ធគយ ។
-​ការ​ទាក់ទាញ​ការ វិនិយោគ និង​ការ​អភិវឌ្ឍ​លើ វិស័យ​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ ។
-​ការ​ជំរុញ អភិវឌ្ឍន៍​ពហុ​វិស័យ​រួម​មាន កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យ​អចលនទ្រព្យ និង​នគរូបនីយកម្ម ទីក្រុង ជាដើម ។
-​ការ​បង្កើត មុខរបរ និង​ការងារ​ជូន​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់ ។
-​រក្សា​បាន​នូវ​លំនឹង​នៃ​របប​លំហូរ​ទឹក និង​ស្ថិរភាព​បរិស្ថាន ដោយ​មិន​បង្ក​ឱ្យ​មាន ផល​ប៉ះពាល់​ជា អវិជ្ជមាន លើ​របប​លំហូរ​ទឹកទន្លេ​មេគង្គ និង​ទន្លេ​ផ្សេង​ៗ​ទៀត ។
-​ការ​រក្សា​បាន​នូវ​ស្ថិរភាព​បរិស្ថាន អេកូឡូស៊ី និង​ទីជម្រក​ធម្មជាតិ សម្រាប់ ជីវចម្រុះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ