រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ពេលមានផ្ទៃពោះត្រូវប្តីរត់ចោល លុះជិតគ្រប់ខែក៏បានទៅសុំគេស្នាក់នៅបាន១០ថ្ងៃ ហើយដោយសារអត់មានលុយទៅសម្រាលកូននៅមន្ទីរពេទ្យ ក៏បានសម្រាលកូននៅក្នុងបន្ទប់ជួលរបស់គេតែម្តង ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២៣ សីហា នៅតាមផ្លូវរ៉ារថភ្លើង ចំណុចផ្ទះជួលគ្មានលេខ ស្ថិតក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីស្ត្រីឈ្មោះ ឡី អាន អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលខាងលើ និងមានស្រុកកំណើតនៅខេត្តព្រៃវែង និយាយថា ស្ត្រីដែលអត់មានលុយទៅសម្រាលកូននៅមន្ទីរពេទ្យនេះ គាត់មិនស្គាល់ឈ្មោះទេ អាយុជិត៣០ឆ្នាំ មានកូនស្រីម្នាក់ឈ្មោះ ណៃ អាយុ៣ឆ្នាំ ។បើតាមស្ត្រីរូបនេះប្រាប់ គឺរូបនាងត្រូវប្តីរត់ចោលពេលពពោះកូនទី២នេះ ។
ស្ត្រីជាអ្នកជួលបន្ទប់ខាងលើស្នាក់នៅរូបនេះឱ្យដឹងទៀតថា ប្រមាណជា១០ថ្ងៃមុននេះ គាត់បានឃើញស្ត្រីខាងលើ និងកូនស្រីតូចអាយុទើបតែ៣ឆ្នាំ មិនដឹងមកពីខេត្តណាទេ បានមកអង្គុយនៅមុខបន្ទប់ជួលរបស់គាត់ ដោយអត់មានទាំងលុយកាក់សម្រាប់ទិញបាយហូបផង ។ ដោយក្តីអាណិតអាសូរ ព្រោះឃើញមានផ្ទៃ ពោះជិតគ្រប់ខែទៅហើយ មិនដឹងទៅពឹងពាក់អ្នកណាគេ ក៏សម្រេចចិត្តឱ្យស្ត្រីមានផ្ទៃពោះរូបនេះនិងកូនតូចស្នាក់នៅជាមួយ ។
មកដល់ថ្ងៃទី២៣ ខែសីហា វេលាម៉ោងប្រហែល៣រសៀល គាត់ឃើញស្ត្រីរូបនេះដើរទៅដើរមក ហាក់ ដូចជាឈឺពោះ តែនាងមិនបាននិយាយអ្វីទាំងអស់ ។ លុះដល់ម៉ោងប្រហែល១០យប់ ស្រាប់តែនាងឈឺ ពោះខ្លាំង ហើយគ្មានលុយសម្រាប់ទៅសម្រាលនៅមន្ទីរពេទ្យ ក៏សម្រាលបានទារកម្នាក់នៅក្នុងបន្ទប់ជួលតែម្តង និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិទាក់ទងហៅរថយន្តរបស់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីដឹកយកទៅសង្គ្រោះ ។ ចំណែកឯកូនស្រីតូចបានផ្ញើនៅនឹងគាត់ជាម្ចាស់បន្ទប់ឱ្យស្នាក់នៅជាបណ្តោះអាសន្ន
សិន ៕
ចែករំលែកព័តមាននេះ