ខេត្តកំពង់ស្ពឺ ៖ យុវជនមួយរូប បានលួចយកកាំភ្លើងខ្លីរបស់ឪពុកបាញ់សម្លាប់ខ្លួន ខណៈឪពុកកំពុងអង្គុយលេងនៅក្រៅផ្ទះ ។ ចំពោះករណីនេះ សមត្ថកិច្ចសន្និដា្ឋនថា ជនរងគ្រោះអាចដោយជំងឺសរសៃប្រសាទធ្វើ ទុក្ខ ព្រោះកន្លងមក តាមសេចក្តីរាយការណ៍របស់ឪពុក គឺកូនប្រុសរូបនេះធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនដោយចងកជាច្រើនលើកមកហើយ ។
ករណីបាញ់សម្លាប់ខ្លួននេះ កើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែសីហា នៅភូមិអង្គសិរី
សងា្កត់រកាធំ ក្រុងច្បារមន ។ យុវជនរូបនេះ ឈ្មោះ ឆិល តុលា អាយុ២១ឆ្នាំ មានឪពុកឈ្មោះ ឯម សុខុម ជាមន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត រស់នៅក្នុងភូមិ ឃុំ ខាងលើ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា តាមសេចក្តីរាយការណ៍របស់ក្រុមគ្រួសារសព គឺខណៈឪពុកកំពុងអង្គុយលេងនៅក្រៅផ្ទះ ស្រាប់តែកូនប្រុសរូបនេះដែលបាត់ពីផ្ទះ១ថ្ងៃមកហើយនោះមកដល់ ហើយដើរចូលទៅក្នុងផ្ទះបាត់ទៅ ។ ខណៈកូនប្រុសចូលមកនេះ ឪពុកក៏មិនបានចាប់អារម្មណ៍ដែរ គិតស្មានថាកូនមកពីដើរលេងដូចសព្វដង គឺមិននឹកស្មានថា រូបគេចូលទៅក្នុុងបន្ទប់ ហើយយកកាំភ្លើងបាញ់សម្លាប់ខ្លួនបែបនេះឡើយ ។
ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សម សាមួន ថ្លែងថា លោក ឯម សុខុម បានប្រាប់ថា កាំភ្លើងរបស់គាត់ដែលកូនយកទៅបាញ់សម្លាប់ខ្លួននេះម៉ាកកា៥៤ ជាកាំភ្លើងរបស់គាត់កាន់កាប់ប្រើប្រាស់ដោយមានការទទួលស្គាល់ពីប្រធានអង្គភាពត្រឹមត្រូវ ។ កាំភ្លើងនេះ គាត់លាក់ទុកនៅក្រោមពូក
និងមិននឹកស្មានថា កូនរកឃើញហើយយកមកបាញ់សម្លាប់ខ្លួនបែបនេះសោះ ។
លោក ឯម សុខុម បន្តថា កូនប្រុសម្នាក់នេះគាត់ស្រឡាញ់ជាងគេ ហើយរាល់ថ្ងៃនេះទៀតសោត គាត់កំពុងសង់រោង៣ខ្នងអស់លុយរាប់មុឺនដុល្លារ ទុកឲ្យគេចិញ្ចឹមជ្រូក តែមិននឹកស្មានថា កូនគិតខ្លីដល់ថ្នាក់នេះសោះ។ បើតាមសាច់ញាតិជិតខាងផ្ទះកើតហេតុបង្ហើបប្រាប់ គឺយុវជនរូបនេះជាមនុស្សញៀនថ្នាំ ទោះជាឪពុកអប់រំប្រដៅ និងណែនាំយ៉ាងណាក៏មិនស្តាប់ដែរ ៕
ចែករំលែកព័តមាននេះ