រាជធានីភ្នំពេញ ៖ យុវជន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញឃាត់ខ្លួន កាលពីថ្ងៃទី២០ សីហា ២០១៨ សហការជាមួយប៉ុស្តិ៍នគរបាលព្រែកប្រា នៃអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅជាបន្តបន្ទាប់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលឆក់រហូតគេស្គាល់មុខ ។
ជនសង្ស័យខាងលើមានទី១- ឈ្មោះ យឹម ភារុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤០១ដ.ច.ន ចុះថ្ងៃទី១៣ មិថុនា ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆក់ ហើយត្រូវបានឃាត់ខ្លួនថ្ងៃទី២០ សីហា ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច នៅចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ទី២- ឈ្មោះ កៅ ក្វេងហុង ហៅភួង សុវណ្ណារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងថតរូប ស្នាក់នៅផ្ទះលេខ៥A ផ្លូវលេខ៣៣៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឃាត់ខ្លួនថ្ងៃទី២០ សីហា ២០១៨ វេលាម៉ោង១០យប់ នៅចំណុចខាងក្រោយរោងភាពយន្តគីរីរម្យ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។ និង៣-ឈ្មោះ ម៉ន រតនៈ ហៅណាក់តូច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៤E២ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ឃាត់ខ្លួនថ្ងៃទី២០ សីហា ២០១៨ វេលាម៉ោង១០យប់ នៅចំណុចក្រោយរោង ភាពយន្តគីរីរម្យ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។
លោកវរសេនីយ៍ឯក ប៊ុន សន្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា ពួកគេនៅចាំខ្លះ កន្លងធ្លាប់បានធ្វើសកម្មភាពឆក់ចំនួន៤លើក លើកទី១ កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី១៩ ឧសភា ២០១៨ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពណ៌ផ្ទៃមេឃ នៅចំណុចមុខផ្ទះលេខ២២៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ពីជនរងគ្រោះឈ្មោះ លីវ តៃហ័រ (LIU DAI HUA) ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិចិន មុខរបរ ពាណិជ្ជករ ។ ជនរងគ្រោះបាត់បង់កាបូបស្ពាយពណ៌ផ្ទៃមេឃ១ កូនកាបូបដៃដាក់លុយពណ៌ខ្មៅ១ លិខិតឆ្លងដែន ចំនួន១ក្បាល ប្រាក់ដុល្លារចំនួន១០,០០០ ដុល្លារអាមេរិក កាតធនាគារចំនួន៧សន្លឹក និងអាវយឺតកីឡា២ឈុត ។
លើកទី២- កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី៨ មេសា ២០១៨ ឆក់កាបូបជនរងគ្រោះ នៅចំហៀងសណ្ឋាគារមួយ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ លើកទី៣- ឆក់កាបូបយួរដៃពណ៌ខ្មៅ នៅចំណុចផ្លូវលេខ៦៣ មុខសណ្ឋាគារ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីថ្ងៃទី១៧ មិថុនា ២០១៨ វេលាម៉ោងប្រហែល៥ និង២០នាទី ល្ងាចពីបុរសជនជាតិចិន កំពុងដើរម្នាក់ឯង ។ និងលើកទី៤ កាលពីវេលាម៉ោង៥ រសៀល ថ្ងៃទី១៣ មេសា ២០១៨ ឆក់កាបូបប្រជាពលរដ្ឋ នៅចំណុចមុខផ្ទះលេខ៧ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លោក ប៊ុន សត្យា បន្តថា ក្រោយពីកើតមានអំពើឆក់ញឹកញាប់ ជនរងគ្រោះដែលបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចបង្ហាញឲ្យឃើញថា ក្រុមជនសង្ស័យមានភិនភាគប្រហាក់ប្រហែលគ្នា និងមុខដដែលៗ ដូច្នោះហើយ បានជាការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនជននេះមិនពិបាកទេ ព្រោះស្គាល់មុខ និងអត្តសញ្ញាណអស់ហើយនោះ ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ