រាជធានីភ្នំពេញ ៖ ខណៈកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ សហព័ន្ធកីឡាកាយសម្ព័ន្ធបានអះអាងថា ខ្លួនក៏កំពុងពង្រឹងកម្លាំងផងដែរ ដោយមិនមែនមិនអើពើក្នុងពេលមនុស្សមួយចំនួនឃើញស្ងាត់នាពេលនេះទេ ។ ជាក់ស្ដែង កីឡាករឆ្នើមៗដែលជាធនធានកាយសម្ព័ន្ធដ៏ឆ្នើមរបស់កម្ពុជា ក៏ត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស និងត្រូវបានបង្វឹកយ៉ាងយកចិត្តទុកដាក់ផងដែរដើម្បីឱ្យធនធានកីឡាករទាំងនោះ អាចប្រកួតប្រជែងសមជាម្ចាស់ផ្ទះស៊ីហ្គេមក្នុងឆ្នាំ២០២៣បាន។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានអះអាងថា នៅក្នុងពេលនេះ សហព័ន្ធមិនមែនមិនបានត្រៀមខ្លួននោះទេ គឺការពិតកាន់តែពង្រឹងច្រើនឡើងទាំងកីឡាករ និងក្រុមគ្រូបង្វឹក ។ លោកថា សហព័ន្ធក្រៅពីបានបញ្ជូនកីឡាករមួយរូបទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសចិន រយៈពេល៤ខែនាពេលកន្លងមក ក៏បានបញ្ជូនឱ្យចេញទៅហ្វឹកហាត់នៅក្នុងប្រទេសជាដៃគូផ្សេងទៀតមិនសូវដាច់នោះផង ។ លោកថា កីឡាកាយសម្ព័ន្ធ មិនបានធ្វេសប្រហែសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅពេលខាងមុខ និងនៅស៊ីហ្គេមរបស់កម្ពុជានោះទេ គឺកាន់តែបានពង្រឹងសមត្ថភាពខ្លាំងឡើងដើម្បីកេរ្តិ៍ឈ្មោះ។
ជាក់ស្ដែង សហព័ន្ធបានបញ្ជូនកីឡាករមានសមត្ថភាពចូលរួមប្រកួតស៊ីហ្គេមមិនដែលដាច់ទេ ដើម្បីទៅដកស្រង់បទពិសោធន៍ពីការប្រកួតអន្តរជាតិ យកមកបណ្ដុះបណ្ដាលដល់កីឡាករនៅក្នុងប្រទេស ។ លោកថា នៅក្នុងព្រឹតិ្តការណ៍កីឡាជាតិ២លើកកន្លងមក សហព័ន្ធជម្រើសបានជើងខ្លាំងក្មេងៗកាន់តែច្រើន តែមិនទាន់ច្បាស់ថាពួកគេនឹងក្លាយជាទ័ពស្រួចសម្រាប់ការប្រកួតស៊ីហ្គេមក្នុងឆ្នាំ២០២៣របស់កម្ពុជានោះទេ តែមានន័យថា សហព័ន្ធខ្លួនឯងមានការបម្រុងទុកច្បាស់លាស់ ។ យ៉ាងណាមិញ សហព័ន្ធកំពុងបង្កើនការបង្វឹកកីឡាករកីឡាការិនីក្មេងជារៀងរាល់ថ្ងៃ ដើម្បីឱ្យសមាសភាពកីឡាករទាំងនោះ អាចចូលប្រកួតបានកាន់តែល្អ ហើយអាចក្លាយជាធនធានពិតប្រាកដរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមក្នុងឆ្នាំ២០២៣។
លោកថា កម្ពុជានឹងសម្រាំងយកកីឡាករឱ្យបានល្អពីការបង្វឹកប្រចាំថ្ងៃនៅក្នុងសហព័ន្ធដែលជ្រើសចេញពីព្រឹត្តិការណ៍កីឡាជាតិមុននេះ ដោយលោកប្រកាសថា សុទ្ធតែជាធនធានអ្នកប្រកួតដែលមានសត្ថភាព និងជាជើងខ្លាំងរបស់កម្ពុជានៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ បើទោះជាវិញ្ញាសាកាយសម្ព័ន្ធមិនមែនជាវិញ្ញាសាដើមរបស់កម្ពុជា តែលោកប្រកាសថាមិនបានធ្វេសប្រហែសក្នុងការបំប៉នអ្នកមានសមត្ថភាព ដើម្បីដណ្ដើមយកមេដាយនៅឆ្នាំ២០២៣នោះទេ ដើម្បីកុំឱ្យបាក់មុខសហព័ន្ធ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោកប្រកាសត្រៀមបង្វឹកកីឡាករកីឡាការិនីកាយសម្ព័ន្ធច្រើននាក់ ដើម្បីឱ្យក្លាយជាធនធានរបស់កម្ពុជាក្រោយពីការប្រកួតកីឡាជាតិមួយលើកទៀតត្រូវបានបញ្ចប់។
លោកអគ្គលេខាធិការរូបនេះនៅតែបង្ហាញពីការរំពឹងថា កម្ពុជានឹងក្ដោបក្ដាប់មេដាយមាសសម្រាប់វិញ្ញាសាមួយចំនួនក្នុងការប្រកួតកាយសម្ព័ន្ធនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម បើទោះជាការប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីក្នុងខាងមុខកីឡាករបរទេសហាក់មានប្រៀបជាងកម្ពុជាទាំងការកាត់ក្ដីជាដើម ។ លោកថា កីឡាករ សំ រីម គឺជាសមាសភាពរបស់កម្ពុជាដែលមានសមត្ថភាព ទើបកម្ពុជារមែងយកចិត្តទុកដាក់បញ្ជូនឱ្យទៅប្រកួតនិងហ្វឹកហាត់នៅបរទេសដូចជាករណីបញ្ជូនឱ្យទៅហ្វឹកហាត់នៅប្រទេសចិននៅក្នុងពេលនេះជាដើម ។
លោកសង្ឃឹមថា កីឡាករកម្ពុជានឹងដណ្តើមមេដាយពីព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីជូនជាតិមាតុភូមិ ព្រោះរូបគេជាកីឡាករម្នាក់គត់ដែលសហព័ន្ធគ្រោងបញ្ជូនឲ្យចូលរួមប្រកួតលើវិញ្ញាសា Artistic ក្នុងព្រឹត្តិការណ៍នេះ ។ ក្នុងនោះ លោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក៏ធ្លាប់បើកវគ្គបំប៉នបច្ចេកទេស និងជំនាញគ្រូបង្វឹកផ្នែកកាយសម្ព័ន្ធ ដែលរៀបចំដោយអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កន្លងមកផងដែរ ដែលសុទ្ធតែជាទិសដៅបណ្តុះធនធានគ្រូជំនាញ និងកីឡាករវ័យក្មេង ក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ប្រភពពីខាងសហព័ន្ធបញ្ជាក់ថា កម្ពុជានឹងបណ្ដុះគ្រាប់ពូជកីឡាករកីឡាការិនីឱ្យបានល្អ ដោយក្នុងមួយថ្ងៃៗក៏បានចំណាយពេលបង្វឹកពួកគេឱ្យក្លាយជាធនធានល្អ និងប្រកបដោយសមត្ថភាពខ្ពស់ផងដែរ ដោយមិនមែនបណ្ដោយឱ្យសហព័ន្ធទាំងមូលមិនមានកីឡាករកីឡាការិនីដែលមានកម្រិតប្រកួតប្រជែងនៅក្នុងសហព័ន្ធនោះទេ៕
ចែករំលែកព័តមាននេះ