រាជធានីភ្នំពេញ ៖ លោក សឹង បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នេះបានលើកពេលគ្រោងនឹងបើកសវនាការលើបណ្តឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះ យ៉ែម ជ្រិន ដែលបានបង្កការចម្លងមេរោគអេដស៍នៅភូមិសង្កែ ខេត្តបាត់ដំបង តែសវនាការនេះត្រូវបានលើពេលដោយសារជនជាប់ចោទសុំពេលរកមេធាវីដោយខ្លួនឯងផ្ទាល់ ។
ជនរងគ្រោះចំនួន៣នាក់ដែលមកចូលរួមសវនាការក្នុងនាមតំណាងឲ្យជនរងគ្រោះសរុបចំនួន២៦៩នាក់បាននិយាយថា ពេលនេះពួកគាត់មានការពិបាកខ្លាំងដោយសារមានជំងឺនេះហើយទៅចូលរួមក្នុងកម្មវិធីមង្គលការ ឬកម្មវិធីផ្សេងៗមានការរើសអើងច្រើនដោយសារពួកគាត់មានផ្ទុកនៅជំងឺអេដស៍ ។
ពួកគាត់បានបន្តទៀតថា សវនាការពេលនេះត្រូវបានលើកពេល អ៊ីចឹងសវនាការលើកក្រោយប្រហែលពួកគាត់មិនបានចូលរួមទេដោយសារតែពួកគាត់មិនមានលុយក្នុងការចំណាយពេលធ្វើដំណើរពីខេត្តបាត់ដំបងមកភ្នំពេញ ។ អ្វីដែលពួកគាត់ចង់បានគឺគាត់ចង់ឲ្យតុលាការកំពូលសម្រេចតម្កល់ទោសគ្រូពេទ្យ យ៉ែម ជ្រិន ឲ្យនៅដដែល ។
ពួកគាត់បានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះចំនួន២៦៩នាក់នោះមានក្មេងចាប់ពីអាយុ៤ឆ្នាំដែលមានផ្ទុកមេរោគអេដស៍ឡើងទៅដល់មនុស្សចាស់អាយុ៨៤ឆ្នាំដែលមានផ្ទុកមេរោគនេះ ។
គួរបញ្ជាក់ជនជាប់ចោទ យ៉ែម ជ្រិន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ កន្លងមកត្រូវបានសាលា ដំបូងខេត្តបាត់ដំបងសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ និងពិន័យប្រាក់អោយបង់ចូលថវិការដ្ឋចំនួន៥លានរៀល ក្រោមការចោទប្រកាន់ពីបទ ប្រព្រឹត្តក្នុងចេតនាចម្លងមេរោគអេដស៍ទៅអ្នកដទៃ តាមមាត្រា១៨ និងមាត្រា៥០ នៃច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ៕
ចែករំលែកព័តមាននេះ