ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋបាននិយាយខ្សឹបខ្សៀវគ្នាថា ក្រុមហ៊ុនដឹកដីឯកជនមួយកំពុងតែបំផ្លាញផ្លូវសាធារណៈជាច្រើនកន្លែង ខណៈដឹកដីកូនភ្នំមួយកន្លែង ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។ មិនត្រឹមតែប៉ុណ្ណោះ ការដឹកជញ្ជូនដីលក់នេះបណ្តាលឱ្យធ្លាក់នៅលើផ្លូវរអិលដល់ពលរដ្ឋដែលជិះម៉ូតូតាមផ្លូវអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យហុយកំទេចដីប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ផងដែរ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងជីកកកាយដីលក់ខាងលើបានឱ្យដឹងថា គេឃើញក្រុមហ៊ុនរថយន្តដឹកដីឯកជនមួយបានកំពុងធ្វើសកម្មភាពជីកកកាយដីកូនភ្នំដឹកលក់យ៉ាងគគ្រឹកគគ្រេងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ។ តែគេមិនទាន់ឃើញមានខាងមន្ទីរពាក់ព័ន្ធ ឬអាជ្ញាធរចុះទៅណែនាំ ឬហាមឃាត់នោះឡើយ ។
ប្រភពបន្តទៀតថា ការដឹកដីលក់របស់ក្រុមហ៊ុននេះបានផលប្រយោជន៍តែខ្លួនឯងតែបានប៉ះពាល់ដល់គេឯងជាច្រើន ព្រោះធ្វើឱ្យផ្លូវក្រាលកៅស៊ូវជាច្រើនកន្លែងទទួលរងការខូចខាតស្រុត និងដក់ទឹកពេលភ្លៀងធ្លាក់មកក៏អាចនឹងធ្វើឱ្យខូចខាតកាន់តែច្រើនថែមទៀត បើសិនជាគ្មានអ្នកអើពើចុះទៅត្រួតពិនិត្យមើល និងធ្វើការហាមឃាត់នោះទេ ។
លើសពីនេះ រថយន្តទាំងអស់ខាងលើបានធ្វើឱ្យធូលីដីហុយចូលទៅក្នុងផ្ទះរបស់ពួកគាត់លំបាកក្នុងការដកដង្ហើម និងធ្វើឱ្យកុមារតូចៗក្លាយទៅជាកើតជម្ងឺរលាកបំពង់.ក និងរលាកផ្លូវដង្ហើមផងដែរ ។ ពួកគាត់ក៏សំណូមពរឱ្យអាជ្ញាធរ រៀបចំជួសជុលផ្លូវដែលខូចខាតខាងលើជាប្រញាប់កុំទុកឱ្យខូចខាតយូរអាចនឹងបណ្តាលឱ្យខូចកាន់តែច្រើនទៅៗ ខណៈយកទៅជួសជុលផ្លូវខាងលើនេះជាក់ជាមិនខាន ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឱ្យដឹងថា ការជីកកកាយកូនភ្នំខាងលើម្ចាស់គេមានប្លង់កម្មសិទ្ធិស្របច្បាប់ ហើយភ្នំខាងលើមិនមែនជាភ្នំអភិរក្សនោះទេ អាចឱ្យឈ្មួញជីកកកាយដឹកយកទៅលក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បាន ។
រីឯលោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិនវិញបានឱ្យដឹងថា ខាងលោកបានចុះទៅពិនិត្យ និងហាមមិនឱ្យបន្តជីកកកាយទៀតម្តងរួចទៅហើយ ប៉ុន្តែបើសិនជាឃើញក្រុមហ៊ុនខាងលើនៅតែបន្តដំណើរការទៀតខាងលោកនឹងឱ្យមន្ត្រីចុះទៅពិនិត្យម្តងទៀត ។
បើតាមលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនបានឱ្យដឹងដែរថា ខាងលោកពិតជាលំបាកដោះស្រាយ ដោយកំពុងតែជួបពិក្សាជាមួយអាជ្ញាធរខេត្តដើម្បីណែនាំកុំឱ្យក្រុមហ៊ុនដឹកដីខាងលើបើកបរដឹកដីពេលមេឃភ្លៀង និងកុំឱ្យដឹកហួសទម្ងន់ពេក ព្រោះផ្លូវខាងលើកំពុងតែទទួលរងការខូចខាតជាបណ្តើរៗហើយ បើជួសជុលក៏ត្រូវចំណាយថវិការដ្ឋអស់ជាច្រើនដែរ ។ ដូច្នេះលោកនឹងដាក់កម្លាំងមន្ត្រីឱ្យចុះតាមដាន បើឃើញដឹកលើសទម្ងន់ និងដឹកនៅពេលភ្លៀងទៀត នឹងធ្វើការឃាត់រថយន្តទុកសិនមិនឱ្យដំណើរការទៀតនោះទេ ៕
ចែករំលែកព័តមាននេះ